អ្នកប្រដាល់ ដែលកំពុងមានប្រជាប្រិយខ្លាំង តាមរយៈឈ្នះបានជយលាភី និងខ្សែក្រវាត់ផ្ទួនៗ វង្ស វិឆ័យ របស់ ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានគេគិតទុកថា នឹងក្លាយជាអ្នកទទួលបន្ទុក ចំពោះការជះកំហឹងរបស់ខ្លាចាស់សម្បូរល្បិចប្រកួតរបស់ថៃ Ao Vatan ខណៈអ្នកទាំង២ ត្រូវជួបគ្នា នៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យនេះ។
បើទោះបីជា វង្ស វិឆ័យ មិនធ្លាប់បានជួប Ao Vatan ប៉ុន្តែការបរាជ័យរបស់ជើងខ្លាំងចាស់វស្សាថៃម្នាក់នេះ ក្រោមស្នៀតជង្គង់ ទាត់ និងកណ្តាប់ដៃរបស់ ឡៅ ចន្ទ្រា នៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន វាបានក្លាយជាការចងចឹង ដែល Ao Vatan មិនអាចបំភ្លេចបាននោះទេ ហើយរូបគេរឹតតែមិនចង់ចាញ់ វង្ស វិឆ័យ ទៅទៀត ព្រោះ វិឆ័យ ជាសិស្សប្អូនរបស់ ឡៅ ចន្ទ្រា។
កីឡាករ Ao Vatan មិនមែនជាអ្នកប្រដាល់លំដាប់លំៗនោះទេ គឺគេជាជើងខ្លាំងពិតប្រាកដ ព្រោះមុននឹងចាញ់ក្រោមស្នាដៃ ឡៅ ចន្ទ្រា នេះ Ao Vatan បានឈ្នះពិន្ទុជើងខ្លាំង រឿង សោភ័ណ្ឌ និងបានបន្តឈ្នះ ធឿន ធារ៉ា ចំនួន២លើក ខណៈស្នៀតវាយរបស់គេ គឺសម្បូរបែប ហើយមានទម្ងន់ធ្ងន់ទៀតផង។
បើតាមសមត្ថភាពរបស់ Ao Vatan គឺ វង្ស វិឆ័យ មានភាគរយតិចតួចណាស់ ក្នុងការស្វែងរកការឈ្នះ បើសិនជា Ao Vatan ខំប្រឹងវ៉ៃអស់ពីសមត្ថភាព ហើយផ្តោតខ្លាំងទៅលើការចង់ឈ្នះនោះ ប៉ុន្តែការប្រកួតនៅលើសង្វៀនឯកជន គឺរឿងខ្លះ អាចនឹងមានការប្រែប្រួល ទៅតាមការរៀបចំ មិនអាចសន្និដ្ឋានបាននោះទេ ព្រោះកីឡាករបរទេសមកប្រកួតនៅកម្ពុជាភាគច្រើន គឺផ្តោតសំខាន់ទៅលើប្រាក់ អ៊ីចឹងបើមានការលូកដៃពីក្រុមឈ្មួយភ្នាល់ប្រដាល់ គឺលទ្ធផល និងសាច់ប្រកួត អាចខុសពីការពិត។
ជុំវិញបញ្ហានេះ លោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«Ao Vatan ពិតជាកីឡាករខ្លាំងមែន និងមានតម្លៃខ្លួនប្រកួតខ្ពស់ជាងគេ ប៉ុន្តែខ្ញុំគ្រាន់តែជាអ្នករកទីផ្សារឲ្យមានការប្រកួត គឺគេមិនឲ្យនិយាយរឿងបច្ចេកទេស ការចាញ់ ឈ្នះ ឬការវិភាគណាមួយនោះទេ ហើយបញ្ហាកីឡាករថៃ វ៉ៃអស់ពីសមត្ថភាព ឬមិនអស់សមត្ថភាព ក៏ខ្ញុំមិនអាចដឹងដែរ»។
យ៉ាងណាក៏ដោយ គ្រូធំប្រចាំក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ លោក ហង្ស ស៊ឺន បានអះអាងជាញយៗថា សិស្សរបស់លោក ដឹងតែពីវ៉ៃអស់ពីសមត្ថភាព គឺគ្មានជាប់ពាក់ព័ន្ធនឹងការប្រកួតមិនប្រក្រតីនោះទេ ចំណែកការ វង្ស វិឆ័យ បានត្រៀមខ្លួនល្អហើយ ដើម្បីជួប Ao Vatan៕