អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ រិន​ សារ័ត្ន​ ដឹក​ដៃ​អ្នក​លេង​គុន​ខ្មែរ​ស្រករ​ក្រោយ​ ខាំ​ សាបាន​ ឡើង​ទៅ​ជុំ​ទី៣​ នៃ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨ ​កុម្ភៈ​ ២០២០​ ក្រោយ​ឈ្នះ​ដៃគូ​ដូច​គ្នា។​

គូ​ពាន​រង្វាន់​ទី១​ ខាំ​ សាបាន​ និង​ អៀប​ លីឆា​ ពិត​ជា​ប្រកួត​គ្នា​ជក់ចិត្ត​មែន​ ពោល​អ្នក​ប្រដាល់​ថ្មីថ្មោង​ដូចគ្នា​បែប​នេះ​មិន​សូវ​ចេះ​សន្សំសំចៃ​កម្លាំង​ ឬ​លាក់​ស្នៀត​នោះ​ទេ។​ តាំង​ពី​ទឹក​ទី១​រហូត​ដល់​ទឹក​៣​ គឺ​ប្ដូរ​គ្នា​ច្រើន​ មិន​ថា​កណ្ដាប់ដៃ​ ឬ​ទាត់​នោះ​ទេ​ពោល​ប្រើ​គ្រប់​ស្នៀត​ទាំង​អស់​ឲ្យ​តែ​បាន​ពិន្ទុ។​ ខាំ​ សាបាន​ ហាក់​ធ្វើ​បាន​ល្អ​ជាង​ដៃគូ​ ដោយ​កណ្ដាប់ដៃ​ចេញ​ច្រើន​ និង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ អៀប​ លីឆា​ នៅ​ចុង​ទឹក​៣​ មុន​បញ្ចប់​ការប្រកួត។​

ចំណែក​គូ​ទី២​ រិន​ សារ័ត្ន​ វិញ​គឺ​ពិបាក​ដែរ​ទម្រាំ​អាច​ឈ្នះ​សិស្ស​ប្អូន​ អ៊ុង​ កំសត់។​ បើ​ទោះ​ជា​ សារ័ត្ន​ មាន​បទ​ពិសោធ​ច្រើន​ជាង​ និង​មាន​ស្នៀត​ល្អ​ជាង​ក៏​ដោយ​ យ៉ាង​ណា​នៅ​តែ​មិន​អាច​ផ្ដួល​ដៃគូ​ឲ្យ​បោះបង់​ការ​ប្រកួត​មុន​បញ្ចប់​ទឹក​ទី៣​ស្រួល​ៗ​ឡើយ។​ យ៉ាង​ការ​ប្រកួត​នៅ​គូទី២​នេះ​បញ្ចប់​ទៅ​ត្រឹម​ចាញ់​ឈ្នះ​ពិន្ទុ​គ្នា​នោះ​ទេ។​

ការ​ប្រកួត​ជម្រុះ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​របស់​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ គឺ​ឈាន​ដល់​ជុំ​ទី២​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨ ​ខែ​កុម្ភៈ​ ២០២០។​ ដោយ​ឡែក​សម្រាប់​បើក​ឆាក​ជម្រុះ​ជុំ​ទី២​ដំបូង​គេ​កន្លង​ទៅ​២ថ្ងៃ​នេះ​គឺ​ ខាំ​ សាបាន​ ឈ្នះ​ពិន្ទុ​ អៀប​ លីឆា​ ខណៈ​ រិន​ សារ័ត្ន​ ឈ្នះ​ពិន្ទុ​ អ៊ុង​ កំសត់៕​

អត្ថបទ៖ នួន ស៊ីណា​ Credit: Sabay