ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC Cup ឆ្នាំ២០២០ នៅថ្ងៃនេះ ដោយពួកគេត្រូវប្រឈមជាមួយក្រុមខ្លាំងប្រចាំនៅលីកកំពូលហ្វីលីពីន គឺ Ceres-Negros FC នៅពហុកីឡដ្ឋាន Rizal Memorial នាល្ងាចម៉ោង ៦:៣០ (ម៉ោងនៅកម្ពុជា)។

សម្រាប់ការបង្ហាញខ្លួនជាប្រវត្តិសាស្រ្ត ក្នុងវគ្គចាប់ពូល ជាលើកដំបូងនេះ ក្លិបព្រះខ័នរាជស្វាយរៀង ហាក់បានដឹងច្បាស់ទៅហើយថា ពួកគេនឹងត្រូវប្រឈមនូវការប្រកួតប្រជែងដ៏លំបាក ហើយនេះជាអ្វីដែលពួកគេបានបរិយាយពីភាពខ្លាំងរបស់ Ceres-Negros នៅមុនការប្រឈមមុខដាក់គ្នា នៅល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ។

ក្លិបព្រះខ័នរាជស្វាយរៀង បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្រុម Ceres-Negros FC គឺជាក្រុមល្អផ្ដាច់គេប្រចាំបាល់ទាត់ហ្វីលីពីន ដោយធ្លាប់ឈ្នះតំណែងជើងឯកលីកកំពូលចំនួន៣លើកជាប់ៗគ្នា ពីឆ្នាំ២០១៧ ដល់២០១៩ និងជាក្រុមអាស៊ីអាគ្នេយ៍មួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ នៅក្នុងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) រួមទាំងពានរង្វាន់ AFC Champions League ផងដែរ។

បន្ថែមលើនេះ Ceres-Negros ក៏ជាម្ចាស់ជើងឯក Copa Paulino Alcantara ឆ្នាំ២០១៩ ផងដែរ។ មិនតែប៉ុណ្ណោះពួកគេ ក៏ជាជើងឯកនៃពានរង្វាន់ PFF National Men’s Club Championship (ឆ្នាំ២០១២-១៣ និងឆ្នាំ២០១៣-១៤) និងជាជើងឯកពានរង្វាន់ United Football League ឆ្នាំ២០១៥ ថែមទៀតផង។

ចំណុចដ៏គួរឲ្យចាប់អារម្មណ៍ពីភាពខ្លាំងរបស់ ក្រុម Ceres-Negros FC ធ្លាប់បានចូលរួមនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League រួចហើយ ជាពិសេស គឺពួកគេ ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Cup ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

ជាមួយគ្នានេះ Ceres-Negros FC ធ្លាប់បានបំបាក់ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា បឹងកេត យ៉ាងចាស់ដៃ សម្រាប់ការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Cup នេះ កាលពីឆ្នាំ២០១៨ គឺបានយកឈ្នះ ៩-០ ក្នុងជើងទី១ ក្នុងទឹកដីខ្លួនឯង និងបន្តឈ្នះបឹងកេត ៤-០ ក្នុងជើងទី២ នៅពហុកីឡដ្ឋានជាតិ។ ហេតុនេះ ក្រុមស្វាយរៀង មិនត្រឹមតែមានភារកិច្ចប្រជែងរកពិន្ទុ ប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ក៏ត្រូវសងសឹកជំនួសជាមួយ Ceres-Negros ជំនួសក្រុមរួមលីកកំពូលកម្ពុជា គឺបឹងកេត ផងដែរ។

ទាក់ទងការប្រកួតនេះ លោក Connor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«ខ្ញុំបានមើលការប្រកួតរបស់ពួកគេ ហើយវាច្បាស់ណាស់ថា Ceres គឺជាក្រុមមួយ ដែលអ្នកត្រូវតែចាប់ផ្តើមឲ្យបានល្អ ពេលលេងជាមួយពួកគេ ព្រោះ ប្រសិនបើពួកគេប្រមូលផ្តុំសន្ទុះ យើងពិតជាមិនងាយបញ្ឈប់ដំណើររបស់គេឡើយ ប៉ុន្តែគុណសម្បត្តិល្អបំផុតរបស់យើង គឺយើងមិនដឹងថា នៅពេលណា ដែលយើងត្រូវបានគេបំបាក់ ហើយយើងមិនដែលបោះបង់នោះទេ ដូច្នេះចាំមើលពីរបៀបដែលវាកើតឡើង»។

គួររំឭកថា នៅមុនឡើងមកដល់វគ្គចាប់ពូលនេះ ក្រុមស្វាយរៀង បានទម្លាក់ក្រុមលីកកំពូលឡាវ Master 7 តាមរយៈការយកឈ្នះទាំង២ជើងជាមួយលទ្ធផល ៤-១ និង ៣-០ ហើយសម្រាប់ការប្រកួតមិត្តភាព ដើម្បីត្រៀមរដូវកាលថ្មី និងព្រឹត្តិការណ៍ AFC Cup នេះ គឺក្រុមស្វាយរៀង បានឈ្នះគ្រប់ការប្រកួតទាំងអស់៕