កីឡាករ ព្រំ សំណាង បានប្រកួតស្មើពិន្ទុគ្នាជាមួយកីឡាករម្ចាស់ផ្ទះថៃ ស៊នខាវ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ នឹងសម្រុកគ្នាកក្រើកសង្វៀននៅកម្មវិធី Muay Thai Super Champ នៃប្រទេសថៃ។

ការប្រកួតប្រដាល់សេរី នៅទីក្រុងបាងកក ក្នុងកម្មវិធី Muay Thai Super Champ របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ កាលពីថ្ងៃអាទិត្យ សិស្សគុនរបស់ក្លិបឆ័ត្រយោងពិសេស៩១១ ព្រំ សំណាង ប្រកួតក្នុងតំណែងគូឯកប្រចាំកម្មវិធី លើប្រភេទទម្ងន់៧៦គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។

កីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករថៃ ស៊នខាវ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើកែង ទាត់ និងដូរជង្គង់គ្នាយ៉ាងខ្លាំងៗ។ យ៉ាងណា ជាលទ្ធផលគណៈកម្មការបានកាត់ក្ដីឲ្យកីឡាករទាំងពីរស្មើពិន្ទុគ្នា៕

សូមទស្សនាវិដេអូរវាងកីឡាករទាំងពីរខាងក្រោមនេះ: