ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះប្រចាំពូលនៃពានរង្វាន់ AFC Cup 2020 ជាមួយលទ្ធផលជូរចត់ជាងគេ បើប្រៀបធៀបទៅនឹងការប្រកួតជម្រុះបើកឆាកនេះដូចគ្នា របស់បណ្តាក្លិប នៅក្នុងតំបន់អាស៊ី។
សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Rizal Memorial កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ ក្រុមស្វាយរៀង បានចាញ់ក្រុមខ្លាំងប្រចាំនៅលីកកំពូលហ្វីលីពីន Ceres-Negros FC រហូតដល់ ៤-០ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមតំណាងឲ្យកម្ពុជាមួយនេះ ធ្លាក់ទៅឈរនៅបាតតារាងប្រចាំពូលG ជាបណ្តោះអាសន្ន ខណៈក្រុមឈរនៅពូលជាមួយគ្នា គឺ Bali United របស់ឥណ្ឌូនេស៊ី បានយកឈ្នះក្រុមលីកកំពូលវៀតណាម Than Quang Ninh ដោយលទ្ធផល ៤-១ ដើម្បីឈរនៅលេខ២។
ជាមួយលទ្ធផលនេះ កីឡាករពាក់លេខ៧ Bienvenid Maranon រកបាន២គ្រាប់តែម្នាក់ឯង ឲ្យក្រុម Ceres-Negros នៅនាទីទី៥៥ និងទី៧០ ខណៈ២គ្រាប់ទៀត ជាការទម្លុះសំណាញ់ទីរបស់ខ្សែប្រយុទ្ធពាក់លេខ៩ Takashi Odawara នៅនាទីទី១២ និងខ្សែការពារពាក់លេខ៣ Joshua Grommen នៅនាទីទី១៤។ ចំណែកក្រុមស្វាយរៀង ក៏ទទួលបានបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី២២ ផងដែរ ប៉ុន្តែកីឡាករប្រេស៊ីល Thaigo Santos ស៊ុតមិនបានសម្រេច។
ចំពោះការចាញ់ក្រុម Ceres-Negros ៤-០ កាលពីយប់ម្សិលមិញនេះ បានបង្ហាញថា ក្រុមស្វាយរៀង របស់កម្ពុជា បានជួបការបរាជ័យជូរចត់ជាងគេ បើប្រៀបធៀបទៅនឹងក្រុមផ្សេងៗទៀត ដែលបានប្រកួតបើកឆាកវគ្គជម្រុះចែកពូល ក្នុងពាន AFC Cup 2020 នេះដែរ។
សម្រាប់ការប្រកួតជម្រុះប្រចាំតំបន់អាស៊ាន របស់ក្រុមឈរនៅពូលF ក្រុម Yangon Unitet របស់មីយ៉ាន់ម៉ា បានស្មើ ២-២ ជាមួយក្រុម Ho Chi Minh City របស់វៀតណាម ខណៈក្រុម Lao Toyota របស់ឡាវ បានចាញ់ក្រុម Hougang United របស់សិង្ហបុរី ៣-១ នៅក្នុងទឹកដីខ្លួនឯង។
ចំណែកលទ្ធផលការប្រកួតជម្រុះរបស់ក្រុមលេងនៅតំបន់អាស៊ីផ្នែកខាងលិចវិញ
ពូលA
– ក្រុម Al-Jaish (ប្រទេសស៊ីរី) ០-០ ក្រុម Manama (ប្រទេសបារ៉ែន)
– ក្រុម Al- Ahed (ប្រទេសលីបង់) ២-១ ក្រុម Hilal Al-Uuds (ប៉ាឡេស៊ីន)
ពូលB
– ក្រុម Al- Kuwait (គូវ៉ែត) ១-០ ក្រុម Al-Ansar (លីបង់)
– ក្រុម Al-Faithb (ហ្សក់ដានី) ០-០ ក្រុម Al- Wathba (ស៊ីរី)
ពូលC
– ក្រុម Al-Riffa (បារ៉ែន) ១-២ ក្រុម Al-Qadsia (គូវ៉ែត)
– ក្រុម Dhofar (អូមេន) ១-០ ក្រុម Al Jazeera (ហ្សក់ដានី)