កីឡាករគុនចម្រុះកម្ពុជា ខុន ស៊ីចាន់ ចាញ់ឃ្លេកពីក្រោយរបស់កីឡាករជំនាញចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra កាលថ្ងៃ ៧ ខែ កុម្ភៈ កន្លងទៅក្នុងកម្មវិធី ONE: WARRIOR’S CODE ដែលរៀបចំនៅក្រុង ហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ បែបណាក្ដី គ្រូបង្វឹកសញ្ជាតិស្កុតឡែនលោក Alan Mccune បានឲ្យដឹងថា ខុន ស៊ីចាន់ នៅតែបន្តប្រឹងប្រែងហ្វឹកហាត់ដដែល និង ប្រកួតតំណាងឲ្យកម្ពុជាលើកឆាកអន្តរជាតិ ហើយអ្វីដែលត្រូវដុសខាត់ឲ្យកាន់តែប្រសើរឡើងនោះគឺ ការការពារក្បាច់ចាប់ឃ្លេ និង ការពារអំពីក្បាច់ចូលចាប់បោក។

លោក Alan Mccune គូបញ្ជាក់បែបនេះ៖ «យើងនៅការប្រកួត៥លើកទៀតនៅឆ្នាំ ២០២០ នេះ។ យើងគ្មានអ្វីនិយាយក្រៅពីការខំប្រឹងនោះឡើយ។ ខ្ញុំនៅតែលើកទឹកចិត្ត ខុន ស៊ីចាន់ ក្នុងការប្រកួតតំណាងកម្ពុជានៅ ONE Championship ដែលជាសង្វៀនមួយ។ អ្វីដែលយើងត្រូវរៀបចំ គឺ ពង្រឹងក្បាច់ឃ្លេ និងការពារការចូលចាប់របស់គូប្រកួតឲ្យប្រសើរឡើង»។

បែបណាក្ដី គ្រូបង្វឹកដដែលបានឲ្យដឹងថា កូនសិស្សរបស់ខ្លួនធ្វើបានល្អជាងការប្រកួតមុនៗក្នុងការរើបម្រាស់ពីក្រញាំរបស់ Eko Roni Saputra ពោលប្រើពេលយូរជាងកាលចាញ់ Rudy Agustian និង Roshan Mainam។ ទម្រាំចាញ់ Eko Roni កីឡាករកម្ពុជាអាចប្រើពេលរហូតដល់ ៣នាទី និង ៤៥ វិនាទីឯណោះ។ ដើម្បីរួមចំណែកត្រៀមខ្លួនលើឆាកអន្តរជាតិឲ្យបានល្អ ខុន ស៊ីចាន់ នឹងបង្កើតការប្រកួតក្នុងស្រុកផងដែរដោយរូបគេត្រូវឡើងប្រកួតនៅសង្វៀនប្រដាល់ប៉ុស្តិ៍បាយ័ននៅថ្ងៃទី ២១ ខែ កុម្ភៈ ខាងមុខនេះ។

គ្រូបង្វឹកគុនចម្រុះខាងលើបានសង្កត់ធ្ងន់ថា៖«យើងនឹងឆែកមើលបន្ថែមអំពីក្បាច់ចាប់បោក និង ក្បាច់ការពារដោះឃ្លេពីគូបដិបក្ខ។ យើងធ្វើការងារខ្លាំងរឿងឲ្យ ស៊ីចាន់ គេចផុតពីក្បាច់ឃ្លេសម្លាប់ ជាពិសេសក្បាច់ឃ្លេកតែម្ដង។ ស៊ីចាន់ នៅឆ្ងាយបន្តិច ឯឧត្តរមានជ័យជាមួយប្រពន្ធកូន។ យ៉ាងណាយើងនឹងរកវិធីឲ្យល្អដើម្បីឲ្យរូបគេមានកម្លាំងស៊ុហ្វល្អដោយឡើងប្រកួតញឹកញាប់នៅសង្វៀនក្នុងស្រុកមុនទៅប្រកួតអន្តរជាតិ»។

កម្ពុជាមិនសូវសម្បូរកីឡាករគុនចម្រុះនោះឡើយដូចស្ថានភាពជាក់ស្ដែង។ ក្រៅពី ចាន់ រតនា មានតែ ខុន ស៊ីនចាន់ ទេដែលមានសកម្មភាពច្រើនក្នុងវិស័យគុនចម្រុះ។ នាពេលកន្លងទៅ ONE Championship ក៏បានទាក់ទង មាស ម៉ើ,នៅ ស្រីពៅ, វី ស្រីខួច, ឡុង សុភី, ចាន់ សំអាត, សរ សី និង សឹម ប៊ុនស្រ៊ន់ ជាដើមដើម្បីទៅប្រកួត។ ប៉ុន្តែមួយរយៈនេះហាក់ស្ងាត់ការហ្វឹកហាត់ MMA ហើយ អ្នកខ្លះទៀតដូច សរ សី និង ស៊ឹម ប៊ុនស្រ៊ន់ សុទ្ធតែលែងប្រឡូកនៅលើសង្វៀន ស្របពេល មាស ម៉ើ របួសជង្គង់ត្រូវវះកាត់។ បើនិយាយអំពីការហ្វឹកហាត់ទៅប្រកួត ឬ ហ្វឹកហាត់ត្រៀមទៅប្រកួត មិនមានអ្នកណាហាត់បានច្រើនជាមួយគ្រូល្អកម្រិតអន្តរជាតិដូច ចាន់ រតនា និង ខុន ស៊ីចាន់ នេះឡើយ។

ខុន ស៊ីចាន់ ជាអ្នកលេងគុនចម្រុះដ៏ល្អម្នាក់នៅក្នុងប្រទេស ហើយរូបគេម្ចាស់ខ្សែក្រវាត់វាយគុនចម្រុះដាក់ទ្រុង ឬ Khmer Warrior Challenge វគ្គទី១ ឆ្នាំ ២០១៣។ សរុបលទ្ធផល ៩ លើកនៅសង្វៀនគុនចម្រុះ គឺ ឈ្នះ ៣ ដង និង ចាញ់ ៦ដង។ ចំណែក ៣ លើកចុងក្រោយនៅសង្វៀន ONE Championship ខុន ស៊ីចាន់ ចាញ់ Rudy Agustian កាលខែកុម្ភៈ ឆ្នាំ ២០១៩ និង ចាញ់កីឡាករជំនាញចំបាប់មកពីឥណ្ឌា Roshan Mainam កាលខែវិច្ឆិកា ឆ្នាំ ២០១៩ មុន ចាញ់កីឡាករជម្រើសជាតិចំបាប់ ឥណ្ឌូណេស៊ី Eko Roni Saputra នៅទឹកទី១ ដូចគ្នា។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី