វីរបុរសកីឡាបាល់ទាត់របស់ប្រទេសប្រេស៊ីល Roberto Carlos ដែលមានរហស្សនាមថា ជើងឆ្វេងគ្មានស្រមោលនោះ បានសម្តែងការសោកស្តាយ និងបានសុំទោសទៅដល់អ្នកគាំទ្របាល់ទាត់កម្ពុជា ពិសេសអ្នកឧបត្ថម្ភ ដែលបានអញ្ជើញលោកឲ្យមកទស្សនៈកិច្ចនៅកម្ពុជា ខណៈរូបលោក មិនបានធ្វើដំណើរមកកាន់មកកម្ពុជា តាមការគ្រោងទុកនោះ។

ការខកខានរបស់ Roberto Carlos ក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា វាបានក្លាយជារឿងដ៏គួរឲ្យខកចិត្តបំផុត ចំពោះអ្នកគាំទ្របាល់ទាត់នៅកម្ពុជា។ បន្ថែមលើការខកខានរបស់លោក បានធ្វើឲ្យកម្មវិធីសម្ពោធសាលាបាល់ទាត់អន្តរជាតិប្រេស៊ីល នៅកម្ពុជា (BIFA Cambodia) ដែលត្រូវបានធ្វើឡើងនៅណាហ្គាវើល កាលពីព្រឹកថ្ងៃពុធ ត្រូវបានប្រព្រឹត្តទៅ ដោយស្ងៀមស្ងាត់ ខណៈតួអង្គសំខាន់ គឺ Roberto Carlos មានតែរូបថតជាតំណាង តែគ្មានរូបពិតចូលរួមនោះ។

បន្ថែមលើនេះកម្មវិធីជប់លៀង ពិសេសកម្មវិធីបង្ហាត់បង្ហាញពីរបៀបលេងបាល់ ដែលត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ កាលពីល្ងាច និងយប់ថ្ងៃពុធ ម្សិលមិញ ដែលរៀបចំដោយភេសជ្ជៈ Boostrong និង BIFA Cambodia ព្រមទាំងដៃគូសហការមួយចំនួនទៀត ក៏បាត់បង់នៅខ្លឹមសារ ខណៈបុគ្គលដ៏សំខាន់ Roberto Carlos គ្មានវត្តមាន នៅលើទីលាន តាមការគ្រោងទុកនោះ។

យ៉ាងណាក៏ដោយ លោក Roberto Carlos ដែលគ្រោងមកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារនោះ បានបង្ហាញការសោកស្តាយ និងសុំទោស ចំពោះការខកខាននេះទេ។ លោកបានថ្លែងតាមរយៈវីដេអូឡាយ នៅក្នុងពិធីសម្ពោធសាលា BIFA Cambodia កាលពីព្រឹកថ្ងៃពុធនោះថា លោកបានជួបបញ្ហាលំបាកមួយ ក្នុងពេលផ្លាស់ប្តូរជើងហោះហើរនៅឌូបៃ ដែលមិនអាចឲ្យលោកបន្តដំណើរមកកាន់ប្រទេសកម្ពុជាបាន។

ទោះបីជាយ៉ាងណា Roberto Carlos នៅតែមានគម្រោងមកកម្ពុជា ដើម្បីបំពេញការខកខានលើកនេះ។ លោកបានបន្ថែមថា៖ «ខ្ញុំពិតជាមានការសោកស្តាយ ចំពោះការខកខាននេះ និងសុំទោសដល់អ្នកឧបត្ថម្ភទាំងអស់ ពិសេសគណៈគ្រប់គ្រងរបស់ BIFA Cambodia ព្រោះនេះជាការខកខានដ៏ធំមួយ ដែលខ្ញុំមិនធ្លាប់ជួបប្រទះនោះទេ ប៉ុន្តែខ្ញុំនឹងរៀបចំកាលវិភាគថ្មី ដើម្បីធ្វើដំណើរមកប្រទេសកម្ពុជា នៅពេលក្រោយ ព្រោះការខកខានលើកនេះ មិនមែនតែនៅកម្ពុជាទេ ប៉ុន្តែប្រទេសវៀតណាម ក៏ខកខានដូចគ្នា ដោយសារនេះជាដំណើរទស្សនៈកិច្ចរបស់ខ្ញុំ មកកាន់តំបន់អាស៊ាន»។

ជាមួយគ្នានេះ លោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុនរៀលលាននែរ (Riellionaire) ដែលជាក្រុមហ៊ុននាំយកសាលាបាល់ទាត់អន្តរជាតិ (BIFA) មកកាន់ប្រទេសកម្ពុជា បានថ្លែងថា៖«ខ្ញុំមានការសោកស្តាយ និងសូមទោសទៅដល់ភ្ញៀវកិត្តិយសទាំងអស់ សម្រាប់ការខកខានរបស់ លោក Roberto Carlos ដែលជាតួឯក នៅក្នុងកម្មវិធីរបស់យើង ប៉ុន្តែនៅគ្រប់កម្មវិធី ដែលយើងបានរៀបចំ គឺយើងនៅតែដំណើរការ ទៅតាមអ្វីដែលយើងបានគ្រោងទុក»៕