ក្រុមក្រសួងការពារជាតិ (ទ័ព) បានចាត់ទុកការជួបក្រុមសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ក្នុងការប្រកួតបើកឆាក លីកកំពូលកម្ពុជា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះ ជាពេលវេលាដែលពួកគេ ត្រូវតែដណ្តើមឲ្យបាន៣ពិន្ទុ ដើម្បីឲ្យស្របទៅនឹងមហិច្ឆតា នៃការប្រជែងយកឲ្យបាននៅក្នុងតំណែងជាក្រុមកំពូលតារាងទាំង៤(Top4) ក្នុងរដូវកាលថ្មីនេះ។

បើទោះបីជា ការត្រៀមខ្លួនរដូវកាលថ្មីនេះ ទ័ព បានបាត់បង់កីឡាករសំខាន់ៗមួយចំនួន ខណៈដែលខ្សែប្រយុទ្ធចាស់វស្សា ឈិន ឈឿន បានទៅចាកចេញ និងទៅចូលរួមជាមួយក្រុមស្វាយរៀង ឯខ្សែបម្រើកណ្តាល ច្រឹង ពលរដ្ឋ បានទៅរួមរស់ជាមួយក្លិបវិសាខា ហើយអ្នកចាំទី អ៊ុំ វិចិត្រ បានទៅលេងឲ្យភ្នំពេញក្រោន ប៉ុន្តែលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមមួយនេះ បាននឹងកំពុងលកលៃ ពង្រឹងគុណភាពលេងរបស់កីឡាករចំណូលថ្មី និងកីឡាករវ័យក្មេងឲ្យបានល្អប្រសើរវិញ។

លោក ទេព ឡុងរចនា បានប្រាប់នៅថ្ងៃនេះថា៖«ការចាកចេញរបស់កីឡាករល្អៗមួយចំនួន វាបានក្លាយជាបញ្ហាមួយសម្រាប់យើង ប៉ុន្តែយើងបានព្យាយាមពង្រឹងអ្នកថ្មី គឺបើមិនបានល្អ១០០ភាគរយដូចអ្នកចាស់ ក៏បានត្រឹម៧០ ទៅ៨០ភាគរយដែរ ចំណែកកីឡាករបរទេស ដែលយើងបានចុះកុងត្រា សុទ្ធតែមានគុណភាពល្អ ដោយក្នុងនោះមានគ្រប់សាស គឺជប៉ុន កូរ៉េខាងត្បូង កាម៉ារូន នីហ្សេរីយ៉ា និងប្រេស៊ីល»។

លោកបានបន្ថែមថា៖«បើទោះបីជា ក្លិបរបស់យើង មិនមានថវិកាចំណាយច្រើនដូចក្លិបធំៗមួយចំនួន ប៉ុន្តែយើងមានគោលដៅរបស់យើង គឺធ្វើយ៉ាងណា ត្រូវដណ្តើមឲ្យបានTop4 ហើយយើងក៏នៅតែរក្សាកូនចិត្ត ក្នុងការប្រជែងយកពាន ផងដែរ បើសិនជាយើងមានឱកាស គឺយើងមិនអាចថយក្រោយបានទេ ត្រូវតែទៅមុខជានិច្ច»។

ចំណែកការប្រកួតបើកឆាកជាមួយក្រុម សាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ (Bati Academy U18) នៅថ្ងៃបើកឆាកនេះ ក្រុមទ័ព ត្រូវការឈ្នះជាដាច់ខាត។ លោក ទេព ឡុងរចនា បានបញ្ជាក់ថា៖«ការជួបក្រុមបាទី អាចជាការប្រកួតដែលធូរស្រាលមួយ ដោយសារក្រុមនេះ មានកីឡាករក្មេងៗ និងសុទ្ធតែកីឡាករក្នុងស្រុក អ៊ីចឹងយើងត្រូវតែយកឈ្នះឲ្យបាន ព្រោះបើយើងធ្វើមិនបាន ក៏យើងមិនអាចនិយាយពីមហិច្ឆតា ដណ្តើម Top4 ទៀតនោះដែរ»៕