ក្រុម ISI DSC FC និងក្រុម Avatar FC ដែលសុទ្ធតែធ្លាប់ឈ្នះពានធំ នៅក្នុងព្រឹត្តិការណ៍ប្រកួតពាក់កណ្តាលអាជីព KW Cambodia League កន្លងមកនោះ សុទ្ធតែទទួលបានជ័យជម្នះ នៅក្នុងការប្រកួតបើកឆាករដូវកាលថ្មី ឆ្នាំ២០២០ ចំណែក Khmer United A និងក្រុមចំណូលថ្មី TN Kandal FC ក៏បានស្វែងរក៣ពិន្ទុដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ប៉ុន្តែជ័យជម្នះរបស់ក្រុមទាំងនេះ វាស្ថិតនៅក្រោម ការទទួលបានជ័យជម្នះដ៏ធំរបស់ក្រុមចំណូលថ្មី តារាមហាហង្ស។
សម្រាប់ការប្រកួតរដូវកាលថ្មី នៅកីឡដ្ឋាន KMH ដើម្បីប្រជែងយកពាន អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៩ ISI នៅតែបង្ហាញសមត្ថភាពបានយ៉ាងល្អ តាមរយៈការយកឈ្នះលើអតីតគូសត្រូវចាស់ Mambo PP រហូតដល់ ៦-១ រីឯក្រុមម្ចាស់ជើងឯក ឆ្នាំ២០១៨ Avatar បានយកឈ្នះ Pitou FC ក្នុងលទ្ធផល ២-១។
ចំណែកក្រុមធ្លាប់ឈ្នះតំណែងជើងឯករង៣សម័យកាល Khmer United A បានយកឈ្នះលើក្រុមដ៏ខ្លាំងចម្រុះដោយបរទេស Bayon Wanderers ៤-៣ ហើយការប្រកួតនេះពិតជាមានភាពតានខ្លាំង ខណៈក្រុមទាំង២ បានវាយបកគ្នាទៅវិញទៅមក ដើម្បីរកបានគ្រាប់បាល់ប្រដេញគ្នា ដ៏គួរចាប់អារម្មណ៍នោះ។
ជាមួយគ្នានេះ ក្រុមចំណូលថ្មី TN Kandal FC ដែលត្រូវបានគេស្គាល់ថា ជាក្រុមពាក់កណ្តាលអាជីពដ៏ពិតប្រាកដ ព្រោះមានការប្រមូលផ្តុំហ្វឹកហាត់ត្រឹមត្រូវនោះ ពិតជាធ្វើបានយ៉ាងល្អ ដើម្បីយកឈ្នះលើអតីតក្រុមលេខ៤ឆ្នាំចាស់ Riel Phnom Penh ក្នុងលទ្ធផល ៧-២។
យ៉ាងណាក៏ដោយ ការរកបានគ្រាប់បាល់ចំណេញចំនួន៥គ្រាប់ដូចគ្នារបស់ក្រុម ISI និង TN Kandal វាមិនអាចឲ្យពួកគេ ឡើងទៅឈរនៅកំពូលតារាងបាននោះទេ ព្រោះជ័យជម្នះរបស់ពួកគេ ស្ថិតនៅក្រោមលទ្ធផលឈ្នះដ៏ធំរបស់របស់ក្រុមតារាមហាហង្ស ដែលបានលត់ក្រុម PMU រហូតដល់ ១៣-១ ដើម្បីឡើងទៅឈរនៅលើកំពូលតារាង ជាបណ្តោះអាសន្ន ខណៈ TN Kandal ឈរនៅលេខ២ ហើយ ISI ឈរនៅលេខ៣។
សម្រាប់ការប្រកួតនេះដែរ ក្រុមចំណូលថ្មី Watvarin Youth បានលត់ក្រុមតាំងគោក ៥-២ ដើម្បីឈរនៅលេខ៤ លើក្រុម Khmer United A រីឯក្រុម Sniper FC បានយកឈ្នះក្រុម Khmer United B ៣-២ ដើម្បីឈរនៅលេខ៦ លើក្រុម Avatar ខណៈព្រឹត្តិការណ៍នេះ មាន១៤ក្រុមចូលរួម ហើយរូបមន្តប្រកួត គឺក្រុមទាំង១៤ ត្រូវប្រកួតវិលជុំ ត្រឹម១ជុំ ស្មើ១៣សប្តាហ៍ រួចកំណត់យកក្រុមមានពិន្ទុខ្ពស់ជាងគេ ដើម្បីលើកពាន អមជាមួយប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារតែម្តង៕