កីឡាករ ឡៅ ចន្រ្ទា សិស្សគុនឆ្នើមប្រចាំក្លិបឆ័ត្រយោងពិសេស៩១១ បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ភិចអារុណ ដោយផ្ដួលឲ្យសន្លប់នៅក្នុងទឹកទី៤ ក្នុងការប្រកួតប្រដាល់គុនខ្មែរ កម្មវិធីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យកន្លងទៅ ។

គោះជួងចាប់ផ្ដើមការប្រកួតភ្លាម ទាំងកីឡាករកម្ពុជា ឡៅ ចន្រ្ទា និងកីឡាករថៃ ភិចអារុណ បានសម្រុកគ្នាខ្លាំងៗតែម្ដង មិនបានស្ទាបស្ទង់គ្នាអ្វីនោះទេ ដោយបានចេញអាវុធ និងផ្លែធ្ងន់ៗមិនថាម៉ាត់ ទាត់ ឬកែង ជាពិសេសគឺការប្រើជង្គង់។

យ៉ាងណាមិញ ការប្រកួតអូសបន្លាយដល់ទឹកទី៤ នាយសង្ហារគុនខ្មែរបានប្រើក្បាច់ប្រចាំត្រកូលគឺកែងគាស់វាយចូលពេញធ្វើឲ្យ ភិចអារុណ ដួលក្រោកមិនរួច និងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង៕