ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Max Muay Thai របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩ថៃ នៅប្រទេសថៃកាលពីម្សិលមិញ កីឡាករកម្ពុជា ចាន់ ណា បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ឃុំគ្រីត ដោយវាយឲ្យគ្រូពេទ្យបញ្ឈប់ការប្រកួតត្រឹមទឹកទី១។

ការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។ គ្រាន់តែគោះជួងចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាទៅវិញទៅមកខ្លាំង និងបានចេញអាវុធធ្ងន់ៗមិនថាកែង ជង្គង់ ម៉ាត់ និងទាត់នោះទេ ដែលធ្វើឲ្យការប្រកួតជក់ចិត្ត និងកក្រើកយ៉ាងខ្លាំង។

យ៉ាងណាមិញ នៅចុងទឹក ចាន់ ណា បានប្រើកែងបត់ស្ដាំវាយចូលពេញចុងចិញ្ចើម ឃុំគ្រីត ធ្វើឲ្យបែកយ៉ាងធំនិងត្រូវលោកគ្រូពេទ្យសម្រេចបញ្ឈប់ការប្រកួតរបស់ ឃុំគ្រីត តែម្ដងដោយសារតែស្នាមរបួសធំពេក៕

Credit: Khmerlaod