កីឡាករជើងខ្លាំងវ័យក្មេង ដែលទើបជាប់ជាកីឡាករថ្នាលជម្រើសជាតិគុនខ្មែរ ប៊ុន សុធា បានអះអាងថា រូបគេ នឹងប្រឹងប្រែងពង្រឹងផ្លែសម្លាប់ឲ្យកាន់តែមុត និងកាន់តែធ្ងន់ ដើម្បីសម្រេចក្តីស្រម៉ៃ ក្នុងការត្រៀមប្រកួតដណ្តើមយកខ្សែក្រវាត់ប្រាក់ នៅលើសង្វៀន PNN បន្ទាប់ពីរូបគេបានឆ្លងផុតការប្រកួតវគ្គជម្រុះ១៦នាក់ដំបូងនោះ។

នៅក្នុងការប្រកួតជម្រុះ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ប៊ុន សុធា បានវាយកីឡាករថៃ Jaophahim ឡើងចង់ទក់សាច់ មុនពេលចៅក្រមទាំង៥ បានផ្តល់ឲ្យរូបគេឈ្នះដោយពិន្ទុលើថៃម្នាក់នេះ ដោយឯកច្ឆន្ទ ហើយជ័យជម្នះនេះ បានផ្តល់ឱកាសឲ្យរូបគេ ឈានដល់ការប្រកួតដណ្តើមយកខ្សែក្រវាត់ប្រាក់ ហើយអ្នកឈ្នះ នឹងបន្តឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស។

យ៉ាងណាក៏ដោយ ប៊ុន សុធា នៅមិនទាន់ថា រូបគេ ត្រូវចាប់ឆ្នោតប៉ះកីឡាកររូបណា នៅការប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់ ក្នុងវគ្គជម្រុះ៨នាក់ចុងក្រោយនេះទេ ខណៈបេក្ខភាព ដែលបានឈ្នះកៅអី ក្នុងវគ្គនេះ រួមមានកីឡាករថៃ Khom Pichit វ៉ាន់ វឿន, លាភ រដ្ឋា, ឃួន ឡាំងកូស៊ីន, អេលីត ចម្រើន និង អេ ណារ័ត្ន ខណៈ ពេជ្រ ម្ទេសខ្មាំង និងប្រកួតដណ្តើមយកកៅអីទី៨ចុងក្រោយជាមួយថៃ Phai Ngin នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

ជាមួយនឹងសមាសភាព ទាំង៧នាក់ ដែលបានឡើងមកដល់វគ្គ៨នាក់ចុងក្រោយនេះ ប៊ុន សុធា បាននិយាយថា៖«អ្នកដែលឡើងមកនេះ សុទ្ធតែល្អទាំងអស់ គេក៏ល្អ យើងក៏ល្អ ព្រោះបើអត់ល្អ ធ្លាក់ក្នុងជុំដំបូងទៅហើយ អ៊ីចឹងអ្វីដែលជាកង្វល់របស់ខ្ញុំ គឺខ្ញុំត្រូវតែខំប្រឹងខ្លាំង ហេតុនេះទោះខ្ញុំចាប់ឆ្នោតប៉ះអ្នកណាក៏មិនអីដែរ ហើយនៅក្នុងនោះ វ៉ាន់ វឿន និង អេ ណារ័ត្ន ខ្ញុំធ្លាប់បានឈ្នះរួចហើយ»។

បន្ថែមលើនេះ ប៊ុន សុធា បានអះអាងថា នឹងព្យាយាមពង្រឹងផ្លែសម្លាប់ ដើម្បីឈានទៅសម្រេចក្តីស្រម៉ៃ គឺការឈ្នះបានខ្សែក្រវាត់ប្រាក់។ សុធា បានបញ្ជាក់ថា៖«ក្តីស្រម៉ៃរបស់ខ្ញុំ គឺចង់បានខ្សែក្រវាត់ប្រាក់ អ៊ីចឹងខ្ញុំត្រូវតែខំប្រឹង ដើម្បីឲ្យក្តីស្រម៉ៃខ្ញុំ ក្លាយជាការពិត ចំណែកការឡើងទៅប្រកួតបន្តដណ្តើមយកខ្សែក្រវាត់មាស ខ្ញុំមិនទាន់គិតទេ គឺធ្វើម៉េចឲ្យបានខ្សែក្រវាត់ប្រាក់សិន ហើយខ្ញុំនឹងបង្កើនស្ទុះ បង្កើនផ្លែឲ្យកាន់តែមុត និងកាន់តែធ្ងន់ គឺខ្ញុំត្រូវតែបង្កើនឲ្យបានលើសនេះ»៕