ក្រុមខេត្តកំពង់ធំ និងខេត្តព្រៃវែង បានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនបានហើយ នៅក្នុងការប្រកួតជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ចំណែកក្រុមខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏បានបង្កើតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ ប៉ុន្តែក្រុមខេត្តព្រះសីហនុ ត្រូវប្រឈមជាមួយក្រុមមិនទាន់ស្គាល់ការចាញ់ ខេត្តកែប នៅរសៀលម៉ោង៣ ថ្ងៃពុធនេះ។

បើទោះបីជា ក្រុមខេត្តកំពង់ធំ និងក្រុមខេត្តព្រះវិហារ សុទ្ធតែបានចាញ់ក្រុមខ្លាំងប្រចាំពូលBជាមួយគ្នា គឺខេត្តសៀមរាប ប៉ុន្តែសម្រាប់ការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញ ខេត្តកំពង់ធំ បានប្រើការមានប្រៀប ក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីយកឈ្នះក្រុមខេត្តព្រះវិហារ ៥-៣ ដើម្បីមាន៣ពិន្ទុ។

ចំណែកក្រុមខេត្តព្រៃវែង បានលត់ក្រុមម្ចាស់ផ្ទះខេត្តរតនគិរី ៣-០ ហើយលទ្ធផលនេះ បានជួយឲ្យពួកគេ ឡើងទៅឈរនៅកំពូលតារាងប្រចាំពូលC គឺនៅលើក្រុមខេត្តត្បូងឃ្មុំ ដែលពួកគេបានស្មើ ០-០ កាលពីជើងទី១ វិញម្តង បើទោះបីជាមាន៤ពិន្ទុស្មើគ្នាក៏ដោយ។

ចំណែកក្រុមឈរនៅពូលA ខេត្តបាត់ដំបង និងក្រុមខេត្តបន្ទាយមានជ័យ ពិតជាធ្វើបានល្អរឿងៗខ្លួន ខណៈពួកគេ បានចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមមិនទាន់ស្គាល់ការចាញ់ដូចគ្នានោះ ដោយក្នុងនោះ ខេត្តបាត់ដំបង បានស្មើក្រុមម្ចាស់ផ្ទះ កំពុងឈរនៅលេខ២ ខេត្តពោធិ៍សាត់ ០-០ ហើយក្រុមម្ចាស់ផ្ទះ ខេត្តបន្ទាយមានជ័យ បានស្មើជាមួយក្រុមឈរនៅលេខ១ របស់ខេត្តកំពង់ឆ្នាំង ១-១។

ដោយឡែកនៅរសៀលម៉ោង៣ ថ្ងៃពុធនេះ ក្រុមខេត្តកណ្តាល ដែលទើបមាន១ពិន្ទុ ត្រូវបើកកីឡដ្ឋានខេត្តកណ្តាល ដើម្បីស្វាគមន៍ក្រុមខេត្តតាកែវ ដែលបានចាញ់ថ្ងៃបើកឆាក ប្រចាំពូលD។

ចំណែកក្រុមខេត្តព្រះសីហនុ នឹងត្រូវបើកកីឡដ្ឋានអនុវិទ្យាល័យសម្តេចឪ ដើម្បីជួបក្រុមខ្លាំង ខេត្តកែប នៅរសៀលម៉ោង៣ ថ្ងៃនេះដែរ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា ព្រះសីហនុ អាចនឹងធ្វើការងារធ្ងន់ ព្រោះ២ប្រកួតកន្លងមកនេះ កែប បានយកឈ្នះខេត្តកំពត និងខេត្តកោះកុង រួចមកហើយ ហើយនៅថ្ងៃនេះ ខេត្តកោះកុង និងខេត្តកំពត ក៏ត្រូវប្រកួតគ្នាផងដែរ ដែលធ្វើនៅលើទឹកដីខេត្តកោះកុង គឺកីឡដ្ឋានវិទ្យាល័យខេត្តកោះកុង៕