ក្រុមភ្នំពេញក្រោន បានរកឃើញនូវជ័យជម្នះដ៏ធំ ទៅលើក្រុមក្មេងខ្ចីរបស់សាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ (យុវជនបាទី) ដើម្បីប្រជែងយកតំបន់កំពូលតារាងពីក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង នៅត្រឹមសប្តាហ៍ទី២ នៃក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០២០។

បើទោះបីជា ក្រុមយុវជនបាទី បានស្មើ ០-០ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅក្នុងការប្រកួតបើកឆាក ប៉ុន្តែសម្រាប់ការប្រកួតលើកទី២ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្រុមក្មេងខ្ចីមួយនេះ បានចាញ់បង់ក្រុមភ្នំពេញក្រោន រហូតដល់ ៧-០ ហើយជ័យជម្នះនេះ ខ្សែប្រយុទ្ធទើបផ្លាស់ចេញពីក្រុមអង្គរថាយហ្គឺរ Timothy រកបាន៣គ្រាប់តែម្នាក់ឯង ឲ្យភ្នំពេញក្រោន។

ជាមួយលទ្ធផលដ៏ល្អនេះ បានជួយឲ្យក្រុមភ្នំពេញក្រោន បានឡើងទៅឈរនៅលេខរៀងទី១ ជាបណ្តោះអាសន្ន ដោយបានទម្លាក់ក្រុមស្វាយរៀង ដែលបានបន្តយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៤-២ ឲ្យមកឈរនៅលេខ២វិញ។

ជាមួយគ្នានេះ ក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមសូលទីឡូអង្គរ ៤-០ ដើម្បីហក់ពីលេខ៥ មកឈរនៅលេខ៣ ដែលជាទីតាំងចាស់របស់ក្រុមវិសាខា ព្រោះនៅសប្តាហ៍នេះ វិសាខា បានចាញ់ក្រុមម្ចាស់ផ្ទះ បឹងកេត ១-០ ទាំងមិនអស់ចិត្ត ដែលធ្វើឲ្យពួកគេ ធ្លាក់ទៅឈរនៅលេខ៧។

ផ្ទុយពីនេះ ក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ២-០ ដើម្បីឡើងមកឈរនៅលេខ៤ លើបឹងកេត ខណៈក្រុមណាហ្គាវើល បានយកឈ្នះក្រុមនគរបាលជាតិ ២-០ នៅក្នុងការប្រកួតបើកឆាករបស់ខ្លួន ដើម្បីឈរនៅលេខ៦ ជាបណ្តោះអាសន្ន៕