កីឡាករមានជំនាញទាំងប្រដាល់សកល និងសេរី ពេជ្រ ម្ទេសខ្មាំង ពិតជាធ្វើបានយ៉ាងជោគជ័យ ក្នុងការផ្តួលអ្នកប្រដាល់ថៃ Phai Ngin ឲ្យសន្លប់ ដើម្បីសម្រេចគោលបំណងនៃការឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ប្រាក់ នៅក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់មាស ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន PNN។

សម្រាប់ការប្រកួតដណ្តើមយកកៅអីទី៨ចុងក្រោយ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ពេជ្រ ម្ទេសខ្មាំង របស់កម្ពុជា បានបង្ហាញការប្រកួតយ៉ាងឆ្លាតវៃ ដើម្បីប្រឈមជាមួយ Phai Ngin ដែលមានប្រៀបផ្នែកកម្ពស់ដាច់។

ម្ទេសខ្មាំង បានប្រកាន់ជំហរវាយដោយប្រយោល ដោយការឆ្មក់កណ្តាប់ដៃ និងទាត់ ជាមួយចលនា ចេញចូលយ៉ាងលឿន ទៅតាមជំនាញ និងបទពិសោធប្រដាល់សកលរបស់ខ្លួន។ ការទាត់ស្តាំចូលពោះរបស់គេ បានធ្វើឲ្យ Phai Ngin ចុកឆ្ងល់ និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅដើមទឹកទី១ ហើយឈានដល់ការបញ្ឈប់ការប្រកួត នៅចុងទឹកទី២នេះតែម្តង ខណៈ ម្ទេសខ្មាំង ម៉ាត់ឲ្យ Phai Ngin ដួល និងវង្វែង ចំនួន២លើកទៀតនោះ។

សិស្សគណក្លិបអារុណរះកីឡា ពេជ្រ ម្ទេសខ្មាំង បានស្រែកអស់ពីចិត្ត ដើម្បីអបអរទៅនឹងជ័យជម្នះរបស់គេ ហើយតាមរយៈលទ្ធផលនេះ បានបង្ហាញឲ្យឃើញថា នៅក្នុងការប្រកួតជម្រុះ១៦នាក់ដំបូងនេះ គឺមានតែបេក្ខភាពថៃកីឡាករ Khom Pichit ម្នាក់គេ ដែលបានទទួលជ័យជម្នះ និងបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់ទាំង៤ នៅវគ្គជម្រុះ៨នាក់ចុងក្រោយ។

ចំពោះអ្នកឈ្នះទាំង៨នាក់ ដែលត្រូវឡើងទៅប្រកួតនៅវគ្គ៨នាក់ចុងក្រោយនេះ ត្រូវបានចាប់ឆ្នោតរួចរាល់ នៅក្រោយការប្រកួត កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញនោះ ហើយជាលទ្ធផលនៃការចាប់ឆ្នោត ដោយមានអ្នកតំណាងមកជំនួបខ្លះផងនោះ កីឡាករថៃ Khom Pichit ត្រូវប៉ះ អេលីត ចំរើន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ចំណែក ពេជ្រ ម្ទេសខ្មាំង ដែលទើបតែផ្តួលថ្ងៃ Phai Ngin ឲ្យសន្លប់ បានចាប់ឆ្នោតប៉ះកីឡាករ អេ ណារ័ត្ន ដោយអ្នកទាំង២នេះ នឹងត្រូវប្រកួតគ្នា នៅថ្ងៃទី២២ ខែមីនា រីឯ ប៊ុន សុធា ចាប់ប៉ះ ឃួន ឡាំងកូស៊ីន ដែលពួកគេ នឹងត្រូវប្រកួតគ្នា នៅថ្ងៃទី២៩ ខែមិនា ហើយ លាភ រដ្ឋា ចាប់ប៉ះ វ៉ាន់ វឿន ដោយអ្នកទាំង២នេះ ត្រូវប្រកួតក្រោយគេ គឺនៅថ្ងៃទី៥ ខែមេសា។

សម្រាប់អ្នកឈ្នះ នៅក្នុងវគ្គ៨នាក់ចុងក្រោយនេះ នឹងទទួលបានខ្សែក្រវាត់ប្រាក់ អមជាមួយប្រាក់រង្វាន់៤លានរៀលដូចគ្នា ហើយពួកគេ នឹងទទួលបានឱកាសយ៉ាងពិសេសមួយទៀត គឺការឈានទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ មានន័យថា អ្នកឈ្នះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រតែម្តង៕