ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងនឹងត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជើងឯក​លី​គ​កំពូល​ឥណ្ឌូនេស៊ី Bali United នា​វេលា​ម៉ោង ៦៖០០​នាទី​ល្ងាច​នេះក្នុង​ប្រកួត​ទី​២ នៃ​ពានរង្វាន់ AFC Cup 2020 ពូ​ល G ហើយ​លោក Conor Nestor ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជារំពឹង​ការប្រកួត​នេះ កូន​ក្រុម​នឹង​ធ្វើ​បាន​ល្អ​ជាង​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន។

លោក Conor Nestor បាន​សម្ដែង​ការ​ស្វាគមន៍ចំពោះ​វត្តមាន​ក្រុម Bali United នៅ​កម្ពុជា ហើយ​លោក​កំពុង​ទន្ទឹង​រង់​ចាំ​ការប្រកួត​ល្ងាច​នេះ តែ​លោក​រំពឹង​ថា រឿងរ៉ាវ​ល្អៗ​នឹង​កើតឡើង​សម្រាប់​ក្រុម​ខ្លួន បន្ទាប់ពី​ប្រកួត​ដំបូង ព្រះខ័ន​រាជ​ស្វាយរៀងបាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Ceres Negros ៤–០។ លើស​ពី​នេះលោក​សង្ឃឹមថា នឹង​មាន​អ្នកគាំទ្រ​កម្ពុជា​ច្រើន​ចូលរួម​ទស្សនាការ​ប្រកួត​ដ៏​សំខាន់​នេះ។

នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការប្រកួត​កាលពី​ម្សិលមិញ​។​ ចំណែក​លោក Eko Purjianto ជំនួយការ​គ្រូ​បង្វឹក​ក្រុម Bali United វិញ បាន​ទទួល​ស្គាល់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងគឺជា​ក្រុម​ល្អ ដ្បិត​ក្រុម​លោក Conor ទើប​ដណ្ដើម​បាន​ជ័យជម្នះ ២​ប្រកួត​បើកឆាក​លី​គ​រដូវ​កាល​ថ្មី។

ដូច្នេះ​លោក​ជឿ​ជាក់​ថា ការប្រកួត​ល្ងាច​នេះគឺជា​ការប្រកួត​ដ៏​តានតឹង ព្រោះ​ព្រះខ័ន​រាជ​ស្វាយរៀងសម្បូរ​កីឡាករ​ល្អ​ៗ​ច្រើន ទាំង​កីឡាករ​ក្នុងស្រុក និង​កីឡាករ​បរទេស។ តែ​យ៉ាងណា​ក្រុម​លោក​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ដណ្ដើម ៣​ពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

​គួរ​បញ្ជាក់​ថា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រុម Bali United គឺ​ស្ថិត​ក្នុង​ពូ​ល G ជាមួយ​ក្រុម Ceres Negros របស់​ហ្វីលីពីន និង​ក្រុម Than Guang Ninh របស់​វៀតណាម។

បច្ចុប្បន្ន​ព្រះ​ខ័ន​រាជ​ស្វាយរៀងកំពុង​ឈរ​បា​តតារាង តែ​មិន​ទាន់​មាន​ពិន្ទុ​រាប់​នោះ​ទេ ផ្ទុយ​ពី​ក្រុម Bali United ដែល​បាន​យកឈ្នះ​ក្រុម​វៀតណាម Than GuangNinh ៤–១ កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ។ ចំពោះ​ការប្រកួត​ល្ងាច​នេះក៏​នឹង​មាន​ការផ្សាយ​ផ្ទា​ល់ ​ពី​ក្រុមការងារ​ទូរទស្សន៍ BTV-News ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា