ក្រុមបាល់ទាត់ខេត្តសៀមរាប នៅតែអាចបន្តយកឈ្នះលើក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំ ដើម្បីរក្សាបាននូវកំណត់ត្រាមិនដែលចាញ់របស់ខ្លួន ប៉ុន្តែក្រុមខេត្តពោធិ៍សាត់ មិនអាចប្រើការប្រៀប ក្នុងនាមជាម្ចាស់ផ្ទះ ដណ្តើមយកលេខ១ប្រចាំពូលA ពីក្រុមខេត្តកំពង់ឆ្នាំង បាននោះទេ ចំណែកក្រុមខេត្តត្បូងឃ្មុំ ក៏បានបង្ហាញភាពថមថយ នៅលើទឹកដីរបស់ខ្លួន ផងដែរ។

សម្រាប់ការប្រកួតជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ ប្រចាំសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះខេត្តពោធិ៍សាត់ មិនអាចទម្លុះសំណាញ់ទីក្រុមភ្ញៀវ ខេត្តកំពងើឆ្នាំង សូម្បី១គ្រាប់ ធ្វើឲ្យក្រុមទាំង២នេះ បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ០-០ ដូចគ្នាទៅនឹងការប្រកួតជើងទី១ដែរ ដែលពួកគេបានស្មើគ្នា ២-២។

ការចែកគ្នាម្នាក់១ពិន្ទុនេះ វានៅតែជួយឲ្យខេត្តកំពង់ឆ្នាំង បន្តឈរនៅលេខ១ដដែល ទោះមាន៥ពិន្ទុស្មើគ្នា។ ចំណែកក្រុមម្ចាស់ផ្ទះ ខេត្តបន្ទាយមានជ័យ ក៏បានស្មើ ១-១ ជាមួយខេត្តបាត់ដំបង ផងដែរ ខណៈជើងទី១ ខេត្តបាត់ដំបង បានយកឈ្នះ ៣-១ នៅក្នុងទឹកដីខ្លួនឯង។

ផ្ទុយពីនេះក្រុមខេត្តសៀមរាប នៅតែធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះលើក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំ ១-០ បន្ថែមទៅលើការឈ្នះ ៣-២ កាលពីជើងទី១ ហើយជ័យជម្នះនេះបានធ្វើឲ្យ៣ប្រកួតរបស់ខេត្តសៀមរាប ឈ្នះទាំង៣លើក និងកំពុងឈរនៅលេខរៀងទី១ ប្រចាំពូលB យ៉ាងកក់ក្តៅ ដោយមាន៩ពិន្ទុពេញ។

ចំណែកក្រុមខេត្តត្បូងឃ្មុំ ដែលធ្លាប់បានយកឈ្នះក្រុមខេត្តរតនគិរី រហូតដល់ ៥-២ នៅក្រៅទឹកដីនោះ បែរជាមានការថមថយនៅភាពខ្លាំងរបស់ខ្លួន នៅក្នុងការបង្ហាញសមត្ថភាព នៅលើទឹកដីខ្លួនឯង ខណៈពួកគេ បានត្រឹមស្មើ ១-១ ជាមួយក្រុមខេត្តរតនគិរី នោះ។ យ៉ាងណាក៏ដោយ ការរកបាន១ពិន្ទុ បន្ថែមទៅលើការមាន៤ពិន្ទុនេះ វានៅតែជួយឲ្យ ខេត្តត្បូងឃ្មុំ បន្តឈរនៅកំពូលតារាងប្រចាំពូលC ដដែល។

ដោយនៅថ្ងៃរសៀលម៉ោង៣ ថ្ងៃពុធនេះ វាជាការប្រកួតប្រជែងជាបន្តទៀត រវាងក្រុមឈរបនៅពូលD និងពូលE ដោយក្នុងនោះ ក្រុមខេត្តកណ្តាល ត្រូវប្រឈមជាមួយក្រុមកំពុងឈរលេខ១ប្រចាំពូលD ខេត្តកំពង់ស្ពឺ នៅកីឡដ្ឋានខេត្តកណ្តាល ខណៈជំនួបជើងទី១ ក្រុមទាំង២បានស្មើគ្នា ១-១។

ចំណែកក្រុមកំពុងឈរនៅលេខ១ប្រចាំពូលE មាន៩ពិន្ទុពេញ ខេត្តកែប ត្រូវស្វាគមន៍ក្រុមមិនទាន់ស្គាល់ការឈ្នះ ខេត្តព្រះសីហនុ នៅកីឡដ្ឋានខេត្តកែប ស្របពេលក្រុមខេត្តកំពត ត្រូវស្វាគមន៍ក្រុមខេត្តកោះកុង នៅកីឡដ្ឋានខេត្តកំពត នារសៀលម៉ោង៣ ថ្ងៃពុធនេះ ដូចគ្នា៕