គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបង្ហាញការរីករាយខ្លាំងទៅនឹងអ្វីដែលក្រុមទាំងមូល បានប្រឹងប្រែងរួមគ្នា ដើម្បីយកឈ្នះលើក្រុមខ្លាំងរបស់លីកកំពូលឥណ្ឌូនេស៊ី Bali United ២-១ ក្នុងការប្រកួតជម្រុះប្រចាំពូលG នៃពានរង្វាន់ AFC Cup 2020 នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញ។

ជាមួយគ្នានេះលោក Conor Nestor បានមើលឃើញថា ការចូលរួមគាំទ្រយ៉ាងច្រើនរបស់ទស្សនិកជន សម្រាប់ការប្រកួត កាលពីយប់ថ្ងៃអង្គារនោះ បានក្លាយជាកម្លាំងបន្ថែមយ៉ាងសំខាន់ ដើម្បីជួយឲ្យ ក្រុមស្វាយរៀង ទទួលបានជ័យជម្នះ ដ៏គួរឲ្យរំភើបនេះ ដោយលើកបានចាត់ទុក អ្នកគាំទ្រ ជាកីឡាករទាំង១២ ដែលបានជួយឲ្យក្រុមស្វាយរៀង ទទួលបានជ័យជម្នះលើកនេះ។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖«ខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា ទាំងអ្នកនៅភ្នំពេញ និងអ្នកនៅតាមខេត្ត ព្រោះការគាំទ្ររបស់អ្នកទាំងអស់គ្នា បានក្លាយជាកម្លាំងយ៉ាងខ្លាំងក្លា បន្ថែមទៀតដល់ក្រុមរបស់យើង ដែលធ្វើឲ្យយើងអាចលេងរហូតដល់នាទីចុងក្រោយ។

លោក Conor Nestor បានបន្ថែមថា៖«អ្នកទាំងអស់គ្នា នៅក្នុងក្រុមស្វាយរៀង បានប្រឹងប្រែងខ្លាំង ហើយនៅថ្ងៃនេះ យើងមានអ្នកគាំទ្រ បានជួយលើកទឹកចិត្តដល់ក្រុមយើង គឺយើងដូចមានកីឡាករ១២នាក់អ៊ីចឹង ហេតុនេះក្លិបទាំងមូល សូមផ្តល់ការគោរពដល់អ្នកគាំទ្រ ដែលនៅតែគាំទ្រយើង ហើយក្រោយការប្រកួតជាមួយក្រុម Ceres និងការប្រកួតនៅថ្ងៃនេះ គឺយើងមិនមែនជាក្រុមអន់នោះទេ ដោយសារតែយើងខំប្រឹង និងបង្ហាញពីអ្វីដែលយើងមានទាំងអស់»។

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញនោះ ខ្សែប្រយុទ្ធ ហួយ ផល្លីន រកបានគ្រាប់បាល់បើកឆាកឲ្យក្រុមម្ចាស់ផ្ទះស្វាយរៀង នៅត្រឹមនាទីទី១១ ហយខ្សែប្រយុទ្ធ Privat ដែលជាបោះបាល់ឲ្យ ហួយ ផល្លីន យ៉ាងល្អនោះ បានបង្ហាញ១គ្រាប់ទៀត នៅនាទីទី១៩ ចំណែក១គ្រាប់របស់ក្រុម Bali United រកបានដោយខ្សែបហ្រយុទ្ធ Spasojevic នៅនាទីទី៥៨។

ជាមួយគ្នានេះ ក្រុមខ្លាំងរបស់ហ្វីលីពីន Ceres-Negros ដែលធ្លាប់បានយកឈ្នះក្រុមស្វាយរៀង ៤-០ ក្នុងការប្រកួតបើកឆាកនោះ បានត្រឹមស្មើក្រុមលីកកំពូលវៀតណាម Than Quang Ninh ២-២ នៅក្នុងទឹកដីខ្លួនឯង ប៉ុន្តែការរកបាន១ពិន្ទុបន្ថែមនេះ វានៅតែជួយឲ្យក្រុម Ceres បន្តឈរនៅលើកំពូលតារាងប្រចាំពូលGនេះ ដោយមាន៤ពិន្ទុ ខណៈក្រុមស្វាយរៀង បានឡើងមកឈរនៅលេខ២ ដោយមាន៣ពិន្ទុ ស្មើជាមួយក្រុម Bali United ហើយ Than Quang Ninh មាន១ពិន្ទុ៕