ព្រឹត្តិការប្រកួតប្រដាល់ជើងឯកអន្តរជាតិថ្មីមួយទៀត ដែលគេប្រសិទ្ធនាមថា «គុនខ្មែរអធិរាជកម្លាំងរេនអាន» នឹងត្រូវបានឲ្យដំណើរការ នៅលើសង្វៀនថ្មីរបស់ស្ថានីយទូរទស្សន៍ CNC នៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមលើកម្ពស់វិស័យកីឡាប្រដាល់គុនខ្មែរ ស្របពេលដែលវិស័យមួយនេះ កំពុងទទួលបានការគាំទ្រខ្លាំង ទាំងក្នុងស្រុក និងនៅក្រៅប្រទេស។

សង្វៀនថ្មីគុនខ្មែរអធិរាជកម្លាំងរេនអាន ត្រូវបានប្រកាសជាផ្លូវការ នៅក្នុងសន្និសីទកាសែត នៅ CNC កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយតំណាងរបស់ CNC និងតំណាងម្ចាស់ឧបត្ថម្ភផ្តាច់មុខមកពីក្រុមហ៊ុនភេសជ្ជៈរេនអាន បានចាត់ទុកថា ព្រឹត្តិការណ៍ប្រដាល់ថ្មីនេះ នឹងចូលរួមយ៉ាងសំខាន់ ក្នុងការជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញ នៅលើឆាកអន្តរជាតិ។

លោក នាង វាសនា តំណាងក្រុមហ៊ុនភេសជ្ជៈរេដអាន បានថ្លែងថា៖ «ព្រឹត្តិការណ៍ គុនខ្មែរអធិរាជកម្លាំងរេនអាន ជាកម្មវិធីប្រដាល់ ដែលរេដអាន បានរៀបចំដំបូង នៅ CNC ហើយយើងពិតជាមានមោទនភាពដ៏ក្រៃលែង ដែលបានរួមចំណែកជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តបេសកម្មលើកស្ទួយកីឡាគុនខ្មែរយើង ឲ្យកាន់តែលេចធ្លោថែមទៀត នៅលើឆាកអន្តរជាតិ»។

ចំណែកលោក ហួរ រតនៈ ប្រធានទីផ្សារ និងជាតំណាងរបស់ CNC បានថ្លែងថា៖ «នេះជាកម្មវិធីប្រកួតថ្មីមួយទៀត សម្រាប់ពួកយើងទាំងអស់គ្នា ក្នុងឆ្នាំ២០២០នេះ ដែល CNC និង RED ANT ក្រោមការជួយជ្រោមជ្រែងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្កើតឡើង គឺពួកយើង បានកំពុងតែជួយគ្នាទៅវិញទៅមក លើទិសដៅលើកស្ទួយ និងអភិវឌ្ឍប្រដាល់គុនខ្មែរ ឲ្យកាន់តែរីកចម្រើន នៅលើឆាកអន្តរជាតិ»។

តាមខ្លឹមសារ ដែលត្រូវបានប្រកាស នៅក្នុងសន្និសីទកាសែតនោះ បានឲ្យដឹងថា គុនខ្មែរអធិរាជកម្លាំងរេនអាន នឹងមានរៀបចំការប្រកួតមិត្តភាពអន្តរជាតិ មុននឹងឈានទៅដល់ការរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ ក្នុងទម្ងន់៦៣,៥គីឡូក្រាម នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា។

ជាមួយគ្នានេះ អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ នឹងត្រូវដាក់ឲ្យប្រកួត ដើម្បីសម្ពោធព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអធិរាជកម្លាំងរេនអាន នៅថ្ងៃអាទិត្យនេះ ដោយរូបគេត្រូវជួបកីឡាករអ៊ីរ៉ង់ Shaho Gheisarian ក្នុងទម្ងន់៧១គីឡូក្រាម ខណៈ វង្ស វិឆ័យ ត្រូវជួបថៃ Phou Sangyai ក្នុងទម្ងន់៦៩គ.ក្រ ហើយក៏មានការប្រកួតគូមិត្តភាពក្នុងស្រុកចំនួន៣គូទៀតផងដែរ។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រដាល់ គុនខ្មែរអធិរាជកម្លាំងរេនអាន ដែលត្រូវបានធ្វើឡើង នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីព្រឹកម៉ោង៨ ដល់ម៉ោង ១០:៣០ នេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជំរុញឲ្យកីឡាករកម្ពុជា ដែលមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍នេះ ត្រូវខិតខំហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាព ហើយមន្រ្តីគណៈកម្មការបច្ចេកទេស មានចៅក្រម និងអាជ្ញាកណ្តាល ត្រូវបំពេញការងារ និងកាត់សេចក្តីឲ្យតម្លាភាព យុត្តិធម៌ និងហាមដាច់ខាត កុំឲ្យមានបក្ខពួកនិយម៕