ក្រុមអតីតម្ចាស់ជើងឯកឆ្នាំ២០១៨ Avatar FC បានឡើងទៅឈរនៅលើកំពូលតារាង នៃការប្រកួតពានពាក់កណ្តាលអាជីព KW Cambodia League 2020 បន្ទាប់ពីពួកគេ រកបានជ័យជម្នះយ៉ាងធំ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៣នោះ ប៉ុន្តែក្រុមម្ចាស់ជើងឯកឆ្នាំ២០១៩ ISI DSC FC បានជួបការបរាជ័យជាលើកដំបូង ក្រោមស្នាដៃក្រុមចំណូលថ្មី TN Kandal FC។

សម្រាប់ការប្រកួតនៅកីឡដ្ឋាន KMH កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុម Avatar បានលត់ក្រុមរងគ្រោះ ពួកម៉ាក រហូតដល់ ១៣-០ ហើយជ័យជម្នះយ៉ាងធំនេះ បានក្លាយជាលទ្ធផលដ៏ធំ ដែលមិនទាន់មានក្រុមណាមួយ ធ្លាប់ធ្វើបាននោះទេ សម្រាប់ការប្រកួត២សប្តាហ៍កន្លងមកនេះ។

ជាមួយការឈ្នះ ១៣-០ នេះបានជួយឲ្យក្រុម Avatar បានហក់ពីលេខ៦ ឡើងទៅឈរនៅលេខរៀងទី១ ជាបណ្តោះអាសន្ន ហើយការឡើងទៅកាន់កំពូលតារាងនេះ ក៏ព្រោះតែក្រុមម្ចាស់ជើងឯក ISI បានចាញ់ក្រុមខ្លាំងចំណូលថ្មី TN Kandal ២-១ កាលពីថ្ងៃអាទិត្យ ធ្វើឲ្យ ISI ធ្លាក់ពីលេខ១ ទៅឈរនៅលេខ៦វិញ ដោយមាន៦ពិន្ទុដដែល ខណៈ TN Kandal បានឡើងមកឈរនៅលេខ២ ដោយមាន៩ពិន្ទុពេញ ស្មើជាមួយ Avatar ដែរ។

ជាមួយគ្នានេះ ក្រុមធ្លាប់ឈ្នះតំណែងជើងឯក Bayon Wanderers នៅតែមិនទាន់អាចរកឃើញការឈ្នះដដែល ខណៈពួកគេបានត្រឹមស្មើក្រុម Sniper ២-២ ប៉ុន្តែក្រុមចម្រុះដោយបរទេសដូចគ្នា គឺ Riel PP និងក្រុម Mambo PP បានទទួលជ័យជម្នះដូចគ្នា នៅសប្តាហ៍ទី៣នេះ។


តាមរយៈការប្រកួតនោះ ក្រុម Riel PP បានយកឈ្នះក្រុម Watvarin Youth ៤-០ ហើយ Mambo PP បានយកឈ្នះក្រុម Khmer United B ៨-៣ ចំណែកក្រុម Pitou ក៏បានរកឃើញការឈ្នះជាលើកដំបូង ផងដែរ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមតាំងគោក ក្នុងលទ្ធផល ៧-២ នោះ។

យោងតាមលទ្ធផលការប្រកួតប្រចាំសប្តាហ៍ទី៣នេះ ក្រុម Sniper បានបន្តឈរនៅលេខ៥ មាន៧ពិន្ទុ ខណៈ Riel PP បានឡើងមកឈរនៅលេខ៧ មាន៦ពិន្ទុ ស្មើជាមួយក្រុម ISI ហើយក្រុម Mambo PP និងក្រុម Pitou FC បានឈរនៅលេខ៧ និងលេខ៨ ដោយមាន៣ពិន្ទុដូចគ្នា ស្មើជាមួយក្រុម Watvarin Youth ដែលមាន៣ពិន្ទុដែរ ហើយ Bayon Wanderers ទើបតែមាន១ពិន្ទុទេ ប៉ុន្តែក្រុមតាំងគោល Khmer United B និងក្រុមពួកម៉ាក បានចាញ់ទាំង៣ប្រកួតដូចគ្នា៕