ក្រុមភ្នំពេញក្រោន បានបង្ហាញពីទម្រង់លេងកាន់តែល្អ ខណៈពួកគេ បានបន្តយកឈ្នះក្រុមអាស៊ីអឺរ៉ុប រហូតដល់ ៦-០ សម្រាប់ការប្រកួតលើកទី៣នោះ ប៉ុន្តែក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) មិនអាចប្រើរនាំងការពាររបស់ខ្លួន ដើម្បីបញ្ចប់ការរកបានគ្រាប់បាល់របស់ក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង បាននោះទេ ខណៈប្រាក់រង្វាន់សម្រាប់ក្រុមម្ចាស់ជើងឯក នៅរដូវកាលថ្មីនេះ ត្រូវបានដំឡើងទ្វេរដង បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។
សម្រាប់ការបន្តយកឈ្នះលើក្រុមភ្ញៀវ អាស៊ីអឺរ៉ុប ៦-០ នៅកីឡដ្ឋាន Smart RSN កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ បានជួយឲ្យក្រុមភ្នំពេញក្រោន នៅតែបន្តឈរនៅលើកំពូលតារាង នៃលីកកំពូលកម្ពុជា ឆ្នាំ២០២០ ជាបណ្តោះអាសន្ន ដោយមាន៩ពិន្ទុ ជាមួយការឈ្នះទាំង៣លើក។
ផ្ទុយពីនេះក្រុមទ័ព ដែលខំប្រឹងប្រែងរៀបចំទម្រង់លេងបែបការពារ ដើម្បីទប់ទល់ជាមួយក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង នោះ គឺមិនអាចធ្វើទៅរួចនោះទេ ខណៈខ្សែប្រយុទ្ធ Thaigo De Santos និង Pedro Augusto បានរួមគ្នារកបានម្នាក់១គ្រាប់ នៅនាទីទី៥១ និងនាទីទី៩០ ឲ្យក្រុមស្វាយរៀងនោះ ហើយការឈ្នះ ២-០ នេះ វាជួយឲ្យស្វាយរៀង បន្តឈ្នះជាលើកទី៣ និងឈរនៅលេខ២ដដែល។
ចំណែកក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ ដើម្បីបន្តឈរនៅលេខ៣ ដោយមាន៧ពិន្ទុ រីឯក្រុមវិសាខា បានលត់ក្រុមសូលទីឡូអង្គរ រហូតដល់ ៧-១ ដើម្បីឡើងមកឈរនៅលេខ៤ ដោយមាន៦ពិន្ទុ។
ប៉ុន្តែក្រុមម្ចាស់ផ្ទះ បឹងកេត និងណាហ្គាវើល បានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ខណៈក្រុមទាំង២នេះ បានត្រឹមស្មើគ្នា ១-១ ហើយលទ្ធផលនេះ បានធ្វើឲ្យបឹងកេត បន្តឈរនៅលេខ៥ មាន៥ពិន្ទុ ឯ ណាហ្គាវើល ឈរនៅលេខ៦ មាន៤ពិន្ទុ ចំណែកក្រុមអគ្គិសនីកម្ពុជា បានរកឃើញការឈ្នះជាលើកដំបូង ក្រោយពេលពួកគេ បានយកឈ្នះលើក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ២-០ នោះ។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និង គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឯកភាព ដំឡើងប្រាក់រង្វាន់នៃការប្រកួតលីកកំពូលកម្ពុជា នៅឆ្នាំនេះរហូតដល់១៥០លាន សម្រាប់ក្រុមម្ចាស់ជើងឯក គឺមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលបានត្រឹម៦០លានរៀល។
ចំណែកលេខ២ ឬ ជើងឯករងវិញ នឹងទទួលបានរហូតដល់ទៅ៦០លានរៀល គឺលើសពីឆ្នាំមុនៗ ដែលបានត្រឹម ១៤លានរៀល ហើយលេខ៣វិញ ដែលធ្លាប់បាន៣៦លានរៀល គឺបានដំឡើងដល់៥០លានរៀល។ រីឯក្រុមលេខ៤វិញ ទទួលបាន៤០លានរៀល លើសពីលើកមុនៗ១០លានរៀល។
បន្ថែមលើចំពោះប្រាក់រង្វាន់សម្រាប់ជយលាភីកិត្តិយសវិញ ក៏ធ្វើការដំឡើងគុណនឹង ២ផងដែរ ដោយក្នុងនោះ ក្រុមអាជ្ញាកណ្ដាល និងក្រុម Fair Play ទទួលបាន៨លានរៀល រីឯអ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេ ព្រមទាំងអ្នកចាំទីល្អជាងគេ កីឡាករល្អជាងគេ និងគ្រូបង្វឹកល្អជាងគេ នឹងទទួលបាន៣លានរៀលដូចគ្នា៕