ក្រុមបាល់ទាត់ខេត្តបាត់ដំបង នឹងត្រូវបើកទ្វារកីឡដ្ឋានសាកលវិទ្យាល័យបាត់ដំបង ដើម្បីស្វាគមន៍ក្រុមខេត្តកំពង់ឆ្នាំង នៅរសៀលម៉ោង៣ ថ្ងៃអង្គារនេះ ស្របពេលក្រុមម្ចាស់ផ្ទះព្រៃវែង ត្រូវប្រកួតដណ្តើមយកលេខ១ ពីក្រុមខេត្តត្បូងឃ្មុំ ខណៈការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេចហ៊ុន សែន ឆ្នាំ២០២០នេះ ត្រូវបាន FFC និង CNCC បង្កើនប្រាក់រង្វាន់គួរឲ្យកត់សម្គាល់។

បើទោះបីជា ក្រុមខេត្តបាត់ដំបង ធ្លាប់បានចាញ់ក្រុមខេត្តកំពង់ឆ្នាំង ៤-១ កាលពីជើងទី១ ប៉ុន្តែការប្រជែងយក៣ពិន្ទុ សម្រាប់ការប្រកួតលើកនេះ ពិតជាសំខាន់បំផុត ចំពោះក្រុមម្ចាស់ផ្ទះ ព្រោះវានឹងជួយឲ្យក្រុមខេត្តបាត់ដំបង ទទួលបានលេខ១ ប្រចាំពូលAនេះ ដោយស្វ័យប្រវត្តិតែម្តង។

ផ្ទុយពីនេះ បើសិនជាក្រុមខេត្តបាត់ដំបង នៅតែបន្តទទួលភាពហ្មងសៅក្រោមស្នាដៃក្រុមខេត្តកំពង់ឆ្នាំង ទៀតនោះ គឺពួកគេ អាចនឹងធ្លាក់មកឈរដល់លេខ៣វិញ ព្រោះក្រុមខេត្តពោធិ៍សាត់ ដែលកំពុងឈរនៅលេខ៣ ក៏អាចនឹងយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ នៅលើទឹកដីរបស់ពួកគេ នៅរសៀលម៉ោង៣ ថ្ងៃអង្គារនេះដែរ ខណៈជំនួបជើងទី១ ខេត្តពោធិ៍សាត់ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេត្តបន្ទាយមានជ័យ ៣-២។

ដោយឡែកក្រុមខេត្តព្រៃវែង នឹងប្រើកីឡដ្ឋានខេត្តព្រៃវែង ដើម្បីប្រជែងយកលេខ១ ពីក្រុមខេត្តត្បូងឃ្មុំ ដែលកំពុងឈរនៅលើកំពូលតារាងប្រចាំពូលC ដោយមាន៣ពិន្ទុលើខ្លូន។ បើសិនជា ខេត្តព្រៃវែង ពិតជាដណ្តើមបាន៣ពិន្ទុមែននោះ គឺពួកគេ នឹងទទួលបានលេខ១ប្រចាំពូលនេះ ដោយស្វ័យប្រវត្តិ ជាមួយការនៅសល់១ប្រកួតទៀត ក្នុងដៃ ខណៈការជួបគ្នាជើងទី១ ក្រុមទាំង២នេះ បានស្មើគ្នា ០-០ នៅលើទឹកដីខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ក្រុមខេត្តសៀមរាប ដែលលែងខ្វល់ខ្ជាយនឹងការចាញ់ទៅហើយនោះ នឹងត្រូវស្វាគមន៍ក្រុមឈរនៅបាតតារាងប្រចាំពូលB ខេត្តព្រះវិហារ។ ការប្រកួតនេះ វាគ្រាន់តែជាការបង្រ្គប់កិច្ចរបស់ខេត្តសៀមរាប ព្រោះការឈ្នះ៣ប្រកួតជាប់ៗគ្នា វាបានជួយឲ្យពួកគេ ទទួលបានលេខ១នេះ ជាស្វ័យប្រវត្តិទៅហើយ ប៉ុន្តែការស្វែងរកជ័យជម្នះ នៅលើទឹកដីខ្លួនឯង វានៅតែសំខាន់សម្រាប់ពួកគេ ដើម្បីលើកទឹកចិត្ត អ្នកទស្សនាផ្ទាល់ នៅក្នុងខេត្តរបស់ពួកគេ។

ទន្ទឹងនឹងនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឯកភាពដំឡើងប្រាក់រង្វាន់ សម្រាប់ការប្រកួតថ្នាក់ខេត្តនេះដែរ ដោយក្នុងនោះ ក្រុមជើងឯក នឹងទទួលបាន១៥លានរៀល ក្រុមជើងឯករង បាន៧លាន៥សែនរៀល ក្រុមលេខ៣ បាន៥លានរៀល ចំណែកកីឡាករទាត់ចូលទីច្រើនជាងគេ អ្នកចាំទីល្អ និងគ្រូបង្វឹកល្អ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនូន១លាន៥សែនរៀលដូចគ្នា៕