ក្រុមបាល់ទាត់ខេត្តពោធិ៍សាត់ បានរកឃើញជ័យជម្នះយ៉ាងធំ ទៅលើក្រុមខេត្តបន្ទាយមានជ័យ ដើម្បីដណ្តើមយកទីតាំងលេង១ពីក្រុមខេត្តបាត់ដំបង មកវិញ ខណៈ បាត់ដំបង មិនអាចប្រើការមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីរកឈ្នះក្រុមខេត្តកំពង់ឆ្នាំង បាននោះ។ ចំណែកក្រុមខេត្តព្រះវិហារ ទើបតែរកឃើញការឈ្នះ ដើម្បីបង្កើតក្តីសង្ឃឹម ក្នុងការប្រជែងយកលេខ២។

សម្រាប់ការប្រកួត នៅលើទីលានផ្សេងគ្នា កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះខេត្តពោធិ៍សាត់ បានលត់ក្រុមភ្ញៀវ ខេត្តបន្ទាយមានជ័យ រហូតដល់ ៦-០ ហើយលទ្ធផលនេះ បានជួយឲ្យពួកគេ ក្រសោបបានទីតាំងលេខ១ ប្រចាំពូលA ជាបណ្តោះអាសន្ន ដោយនៅសល់១ប្រកួតទៀត នៅក្នុងដៃ។

យ៉ាងណាក៏ដោយ ការឡើងទៅកាន់លេខ១របស់ខេត្តពោធិ៍សាត់ ក៏មកពីក្រុមម្ចាស់ផ្ទះខេត្តបាត់ដំបង មិនអាចយកឈ្នះលើក្រុមភ្ញៀវផងដែរ គឺក្រុមទាំង២នេះ បានត្រឹមស្មើ ២-២ ហើយលទ្ធផលនេះ បានធ្វើឲ្យ ខេត្តបាត់ដំបង មានត្រឹម៧ពិន្ទុ តិចជាង ខេត្តពោធិ៍សាត់វិញ ដែលមាន៩ពិន្ទុ ចំណែក ខេត្តកំពង់ឆ្នាំង មាន៧ពិន្ទុ។

យ៉ាងណាមិញ ក្រុមធ្លាប់តែបង្ហាញការប្រកួតយ៉ាងល្អ ខេត្តសៀមរាប បែរជាទៅចាញ់ក្រុមខេត្តព្រះវិហារ ១-០ នៅលើទឹកដីខ្លួនឯង ដ៏មិនគួរឲ្យចង់ជឿ ហើយលទ្ធផលនេះបានជួយឲ្យ ព្រះវិហារ ទទួលបាន៣ពិន្ទុជាលើកដំបូង និងមានទឹកមាត់ឡើងវិញ ក្នុងការប្រកួតចុងក្រោយជាមួយក្រុមមាន៣ពិន្ទុដូចគ្នា ខេត្តកំពង់ធំ ដើម្បីដណ្តើមយកលេខ២ ប្រចាំពូលBនេះ ខណៈ ខេត្តសៀមរាប នៅតែបានលេខ១ប្រចាំពូលនេះ ដោយមាន៩ពិន្ទុ ជាមួយការឈ្នះ៣ និងចាញ់លើកនេះ។

ជាមួយគ្នានេះ ក្រុមខេត្តព្រៃវែង មិនអាចដណ្តើមយកទីតាំងលេខ១ ប្រចាំពូលC ពីក្រុមខេត្តត្បូងឃ្មុំ បាននោះទេ ខណៈពួកគេ បានត្រឹមស្មើគ្នា ២-២ ជាមួយត្បូងឃ្មុំ នៅលើទឹកដីខ្លួនឯងនោះ ហើយលទ្ធផលនេះ វានៅតែជួយឲ្យ ខេត្តត្បូង មាន៣ពិន្ទុលើស ខេត្តព្រៃវែង ដដែល គឺ៨ពិន្ទុ ដល់នឹង៥ពិន្ទុ ប៉ុន្តែ ខេត្តព្រៃវែង នៅសល់១ប្រកួតទៀត ខណៈខេត្តត្បូងឃ្មុំ អស់ការប្រកួតហើយ។

ដោយឡែក នៅថ្ងៃពុធនេះ វាជាការប្រកួតប្រជែងរកក្រុមឈរនៅពូលD និងពូលE ដោយក្នុងនោះ ក្រុមខេត្តកំពង់ស្ពឺ ត្រូវបើកកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីស្វាគមន៍ក្រុមខេត្តតាកែវ នៅរសៀលម៉ោង៣ ហើយនេះជាការប្រកួតយ៉ាងសំខាន់ ដែលកំពង់ស្ពឺ ត្រូវការឈ្នះ ឬស្មើ ដើម្បីពង្រឹងទីតាំងលេខ១របស់ខ្លួន នៅពូលD ព្រោះពេលនេះ កំពង់ស្ពឺ មាន៥ពិន្ទុ តាមពីក្រោយដោយខេត្តកណ្តាល ដែលមាន៣ពិន្ទុ រីឯខេត្តតាកែវ ទើបតែមាន១ពិន្ទុទេ។

ចំណែកក្រុមខេត្តកោះកុង ត្រូវស្វាគមន៍ក្រុមខេត្តកែប នៅកីឡដ្ឋានវិទ្យាល័យកោះកុង នារសៀលម៉ោង៣ថ្ងៃនេះដែរ ស្របពេលក្រុមខេត្តព្រះសីហនុ ត្រូវជួបក្រុមខេត្តកំពត នៅកីឡដ្ឋានអនុវិទ្យាល័យសម្តេចឪ ខណៈពេលនេះ ខេត្តកែប ឈរនៅលេខ១ នៅពូលE តាមពីក្រោយដោយក្រុមខេត្តកំពត មាន៥ពិន្ទុ ក្រុមខេត្តកោះកុង មាន៣ពិន្ទុ និងក្រុមខេត្តព្រះសីហនុ មាន២ពិន្ទុ៕