ក្រុមខេត្តកំពង់ស្ពឺ បានបញ្ចប់ការប្រកួតប្រចាំពូលរបស់ខ្លួន ជាមួយនឹងភាពសប្បាយរីករាយ ខណៈពួកគេបានផ្តួលក្រុមភ្ញៀវ ខេត្តតាកែវ ដើម្បីបញ្ចប់ភាពកង្វល់ ក្នុងការទទួលបានឱកាសឡើងទៅកាន់វគ្គ៨ក្រុម នៃការប្រកួតថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០នោះ ចំណែកក្រុមខេត្តកែប ក៏បានកក់កៅអីនៅវគ្គបន្តផងដែរ បើទោះបីជាពួកគេ បានជួបការបរាជ័យជាលើកដំបូង ក្រោមស្នាដៃក្រុមខេត្តកោះកុង ក៏ដោយ។

សម្រាប់ការប្រកួត នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធ ម្សិលមិញនោះ ក្រុមម្ចាស់ផ្ទះ ខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមខេត្តតាកែវ ២-០ ហើយការឈ្នះ៣ពិន្ទុ នៅក្នុងការប្រកួតលើកទី៤ចុងក្រោយនេះ បានជួយឲ្យខេត្តកំពង់ស្ពឺ ទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូលDនេះ ដោយមាន៨ពិន្ទុ និងបានឡើងទៅកាន់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជាផ្លូវការហើយ ព្រោះជំនួបចុងក្រោយរវាងក្រុមខេត្តកណ្តាល និងខេត្តកែវ វាលែងជាបញ្ហាចំពោះពួកគេទៀតហើយ។

ចំណែកក្រុម ដែលធ្លាប់តែជួបភាពសប្បាយរីករាយ ខេត្តកែប បានជួបការបរាជ័យជាលើកដំបូង ខណៈពួកគេបានទៅចាញ់ក្រុមម្ចាស់ផ្ទះខេត្តកោះកុង ៣-២ នោះ ប៉ុន្តែលទ្ធផលនេះ វាមិនបានប៉ះពាល់ដល់ការឈ្នះកៅអីទៅវគ្គ៨ក្រុមចុងក្រោយរបស់ខេត្តកែប នោះទេ ព្រោះការឈ្នះ៣ និងស្មើ១ប្រកួត កន្លងមកនេះ វាគ្រាប់គ្រាន់សម្រាប់ពួកគេ ឡើងទៅវគ្គបន្តហើយ ទោះនៅសល់១ប្រកួតទៀត ក្នុងដៃក៏ដោយចុះ។

យ៉ាងណាក៏ដោយ ការទទួលបានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយរបស់ក្រុមខេត្តកែប ក៏មកពីក្រុមដែលជាគូប្រជែង ខេត្តកំពត ជួបការបរាជ័យផងដែរ គឺពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះខេត្តព្រះសីហនុ រហូតដល់ ៥-០ ហើយលទ្ធផលនេះបានធ្វើឲ្យ ខេត្តកំពត ធ្លាក់មកឈរនៅលេខ៣ប្រចាំពូលEនេះវិញ ដោយមាន៥ពិន្ទុដដែល ចំណែកក្រុមខេត្តកោះកុង ឡើងទៅឈរនៅលេខ២វិញ ដោយមាន៦ពិន្ទុ។

ដោយឡែក ក្រៅពីក្រុមខេត្តកំពង់ស្ពឺ និងក្រុមខេត្តកែប ដែលបានឡើងទៅវគ្គបន្តនោះ គឺក្រុមសៀមរាប ក៏បានកក់កៅអីនៅវគ្គ៨ក្រុមចុងក្រោយផងដែរ ព្រោះពួកគេទទួលបានលេខ១ប្រចាំពូលB ជាផ្លូវការហើយ ចំណែកក្រុមខេត្តត្បូងឃ្មុំ ក៏អាចនឹងបានឡើងទៅវគ្គបន្តផងដែរ ប៉ុន្តែក្រុមខេត្តពោធិ៍សាត់ បាត់ដំបង និងកំពង់ឆ្នាំង នឹងប្រើការប្រកួតលើកទី៦ចុងក្រោយ ដើម្បីរកក្រុមលេខ១ដ៏ពិតប្រាកដ ប្រចាំពូលA៕