ជំនួបដ៏ធំប្រចាំសប្តាហ៍ទី៤ នៃក្របខ័ណ្ឌលីកកំពូលកម្ពុជា រវាងក្រុមកំពុងឈរនៅកំពូលតារាង ភ្នំពេញក្រោន និងក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវបានផ្លាស់ប្តូរពេលវេលាប្រកួត ចំណែកការជួបគ្នារវាងក្រុមនគរបាលជាតិ (ប៉ូលិស) និងក្រុមបឹងកេត ក៏បានផ្តាស់ប្តូរកីឡដ្ឋានប្រកួតផងដែរ។

តាមគម្រោងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដែលកំពុងឈរនៅកំពូលតារាង ដោយឈ្នះទាំង៣ប្រកួត នឹងត្រូវជួបក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN នាល្ងាចម៉ោង៦តទៅ ថ្ងៃអាទិត្យនេះ ប៉ុន្តែបើតាមព័ត៌មាន ដែលត្រូវបានបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ក្លិបភ្នំពេញក្រោន បានឲ្យដឹងថា ពេលវេលានៃការប្រកួតរវាងក្រុមទាំង២នេះ ត្រូវបានប្តូរមកលេងនៅរសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យនេះវិញ។

ជុំវិញការកែប្រែ ឬផ្លាស់ប្តូរពេលវេលាប្រកួតនេះ ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា៖«ការផ្លាស់ប្តូរនេះ ដោយសារមានបញ្ហាប្រព័ន្ធភ្លើង និងអំពូលបំភ្លឺទីលាន នៅកីឡដ្ឋាន Smart RSN ពោលគឺបញ្ហានេះ កើតមានតាំងពីសប្តាហ៍មុន ក្នុងអំឡុងការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមអាស៊ីអឺរ៉ុបមកម្ល៉េះ ហើយទាមទារឱ្យមានការជួសជុល ដែលត្រូវការរយៈពេលបន្តទៀត មុននឹងអាចរៀបចំការប្រកួតនាពេលយប់ឡើងវិញ»។

ចំណែកលោក ជូ សារឿន គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង មិនបានចាត់ទុកការប្តូរពេលវេលាប្រកួតពីម៉ោង៦ល្ងាច មកធ្វើនៅរសៀលម៉ោង៣:៣០ នេះ វាធ្វើឲ្យប៉ះពាល់ដល់ការប្រកួតរបស់ក្រុមលោកនោះទេ។ លោកបានប្រាប់នៅថ្ងៃនេះថា៖ «ការប្តូរពេលវេលាប្រកួតនេះ វាមិនប៉ះពាល់ដល់ក្រុមយើងនោះទេ ព្រោះការប្រកួតនៅលើឆាកអន្តរជាតិ ក៏មានការផ្លាស់ប្តូរ និងលេងនៅពេលរសៀលបែបនេះដែរ អ៊ីចឹងយើងបានសមទៅនឹងស្ថានភាពនេះរួចទៅហើយ»។

ចំណែកជំនួបរវាងក្រុមនគរបាលជាតិ និងបឹងកេត នៅថ្ងៃសៅរ៍ ដែលដំបូងឡើយ គ្រោងធ្វើនៅលើទឹកដីខេត្តព្រះសីហនុ ដែលជាទឹកដីរបស់ក្រុមប៉ូលិសនោះ គឺត្រូវបានគណៈកម្មការផ្លាស់ប្តូរមកធ្វើនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ដែលជាទឹកដីរបស់ក្រុមបឹងកេត វិញ នៅម្តុំបឹងស្នោ ប៉ុន្តែពេលវេលាប្រកួតរក្សានៅដដែល គឺចាប់ផ្តើមពីរសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍៕