គ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក ស៊ុំ វណ្ណា ហាក់មិនសូវជាមានការពេញចិត្តប៉ុន្មានទេ ទៅនឹងអ្វីដែលកូនក្រុមរបស់លោកបានបង្ហាញនៅលើទីលាន គឺពួកគេមានចន្លោះប្រហោង និងបង្កជាកំហុស នៅពេលដែលក្រុមម្ចាស់ផ្ទះមួយនេះ បានស្មើ ០-០ ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Smart RSN របស់ខ្លួន កាលពីថ្ងៃអាទិត្យ។

លោក ស៊ុំ វណ្ណា បាននិយាយក្រោយការប្រកួតថា៖ «យើងដឹងមុនថា ការប្រកួតនៅថ្ងៃនេះ វាមានភាពតឹងតែង ដោយសារក្រុមទាំង២ត្រដំត្រសងគ្នា ពុំមានក្រុមណាលើសពីក្រុមណានោះទេ គឺសំខាន់ទៅលើទឹកចិត្តកីឡាករថា តើពួកគេលេងសាមគ្គីគ្នា រឺអត់ និងយល់ពីស្ថានភាពបត់បែននៅក្នុងការប្រកួត រឺអត់! ធាតុពិត ពេលខ្លះយើងមានចន្លោះប្រហោងដែរ ហើយនៅពេលយើងបង្កកំហុស គឺបង្កើតជាឱកាសឲ្យគូប្រកួត វាយបកមកលើយើង នៅក្នុងតង់ទី១»។

ការបង្កើតឱកាស នៅក្នុងតំបន់១១ម៉ែត្ររបស់ខ្សែប្រយុទ្ធក្រុមស្វាយរៀង ប្រាក់ មុន្នីឧត្តម គឺជាចំណុចចាប់ផ្តើម ដែលលោក ស៊ុំ វណ្ណា បានមើលឃើញថា តំបន់ការពាររបស់លោក នៅមានចន្លោះប្រហោង ប៉ុន្តែជាសំណាងផងដែរ ដែល ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ដាច់នោះទៅប៉ះរបារទី។

នៅក្រោយការបាត់បង់ឱកាសនេះ ក្រុមស្វាយរៀង បានបង្កើតឱកាសមាសជាច្រើនទៀត ប៉ុន្តែអ្នកចាំទី អ៊ុំ វិចិត្រ ដែលទើបចាកចេញពីក្រុមក្រសួងការពារជាតិនោះ បានក្លាយជាអ្នកសង្រ្គោះក្រុមភ្នំពេញក្រោន យ៉ាងសំខាន់បំផុត។ ចំណែកភ្នំពេញក្រោន ក៏បានបង្កើតឱកាសវិញផងដែរ តែពួកគេធ្វើមិនបានសម្រេចដូចគ្នា ជាពិសេសការស៊ុតខុសគោលដៅរបស់ Timothy និងការទាត់ទៅប៉ះរបារទីខាងលើរបស់ Ideguchi។

យ៉ាងណាក៏ដោយ ការចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមស្វាយរៀង នៅក្នុងការប្រកួតដ៏ធំនេះ វានៅតែជួយឲ្យក្រុមភ្នំពេញក្រោន បន្តឈរនៅលើកំពូលតារាង លើក្រុមម្ចាស់ជើងឯក ស្វាយរៀង ដដែល ចំណែកក្រុមវិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ ដើម្បីឡើងមកឈរនៅលេខ៣។

ចំណែកក្រុមអង្គរថាយហ្គឺរ បានធ្លាក់ទៅឈរនៅលេខ៤វិញ ខណៈពួកគេបានត្រឹមស្មើ ១-១ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ នៅលើទឹកដីខ្លួនឯងនោះ ប៉ុន្តែក្រុមបឹងកេត បានយកឈ្នះក្រុមនគរបាលជាតិ ៣-០ ដើម្បីបន្តឈរនៅលេខ៥ លើក្រុមណាហ្គាវើល ដដែល បើទោះបីជា នៅសប្តាហ៍នេះ ណាហ្គាវើល បានយកឈ្នះក្រុមសូលទីឡូអង្គរ ៤-២ ក៏ដោយ។ រីឯក្រុមអាស៊ីអឺរ៉ុប បានត្រឹមស្មើ ១-១ ជាមួយក្រុមប្រើកីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា នៅលើទឹកដីខ្លួនឯង៕