ក្រុម Avatar បានបង្ហាញឲ្យឃើញនូវគុណភាពលេង កាន់តែខ្លាំង ខណៈពួកគេអាចយកឈ្នះលើក្រុម Khmer United B រហូតដល់ ១៨-០ នៅក្នុងការប្រកួតបាល់ទាត់ពានពាក់កណ្តាលអាជីព KW Cambodia League រដូវកាលថ្មី ឆ្នាំ២០២០នោះ។

បើទោះបីជា Khmer United B បានប្រកាន់យកគោលជំហរ មិនដាក់កីឡាករបរទេស សម្រាប់ជួយគ្នា ប៉ុន្តែគ្មានអ្នកណាគិតដល់ថា ក្រុម Avatar អាចយកឈ្នះលើក្រុមមួយនេះ រហូតដល់ ១៨-០ នោះទេ ព្រោះការជួបគ្នា ក្នុងរដូវកាលមុនៗ Avatar ឈ្នះ Khmer United B ច្រើនបំផុតត្រឹម៨គ្រាប់ប៉ុណ្ណោះ។

ជាមួយជ័យជម្នះយ៉ាងធំនេះ បានជួយឲ្យក្រុមម្ចាស់ជើងឯកឆ្នាំ២០១៨ និងជាជើងឯករងឆ្នាំ២០១៩ Avatar FC នៅតែអាចរក្សាបានតំបន់កំពូលតារាង ព្រោះការឈ្នះ ១៨-០ នេះ វាបានបិទច្រកការប្រជែងរបស់ក្រុមមិនទាន់ស្គាល់ការចាញ់ដូចគ្នា គឺ TN Kandal ដែលបានបន្តលត់ក្រុមពួកម៉ាក ១១-០ សម្រាប់ការប្រកួតលើកទី៤ កាលពីថ្ងៃអាទិត្យ។

សម្រាប់ការប្រកួត នៅកីឡដ្ឋាន KMH កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នោះដែរ ក្រុម Khmer United A បានបំបាក់ក្រុមតាំងគោក ៩-១ ដើម្បីឈរនៅលេខ៣ ហើយក្រុម Sniper FC បានយកឈ្នះ Mambo PP ៥-២ ដើម្បីមាន១០ពិន្ទុ ជាមួយការឈ្នះ៣ និងស្មើ១ ដូច Khmer United A ដែរ។

ចំណែកក្រុមម្ចាស់ជើងឯក ISI DSC FC បានយកឈ្នះក្រុមចម្រុះដោយកីឡាករបរទេស Bayon Wanderers ៣-២ ទាំងលំបាក ដើម្បីស្តារស្ថានភាពប្រកួតឲ្យបានប្រសើរវិញ បន្ទាប់ពីពួកគេបានចាញ់ក្រុម TN Kandal ២-១ កាលពីសប្តាហ៍ទី៣ ប៉ុន្តែក្រុមតារាមហាហង្ស បានជួបការបរាជ័យជាលើកដំបូង ក្រោយពួកគេបានចាញ់ក្រុមចម្រុះដោយបរទេស Riel PP ២-១ នោះ៕