អ្នកចាត់ការក្រុម Leicester City លោក Brendan Rodgers យល់ថាក្រុមរបស់លោកបានវិល ត្រលប់មកបង្ហាញទម្រង់លេងល្អឡើងវិញក្រោយពីក្រុមរហស្សនាម កញ្ជ្រោងខៀវ បានផ្តួលក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល ៤ទល់និង០ កាលពីយប់ថ្ងៃ ទី៩ មិនា ២០២០ ។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Barnes ២គ្រាប់នៅនាទីទី៤០ និង ៨៥ ខណៈខ្សែប្រយុទ្ធ អង់គ្លេស Jamie Vardy បានបញ្ចប់ភាពមិនអាចរកគ្រាប់បាល់បានគិតចាប់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ តាំងពីពេលជួប Man.City ដោយរកបាន ២គ្រាប់ផងដែរនៅនាទីទី៦៣ និង ៧៩ នៅកីឡាដ្ឋាន King Power។

Leicester City ទើបតែទទួលជ័យជំនះ ២ លើកពីការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៨ដងចុងក្រោយនេះ ស្របពេល Leicester ត្រូវលេងដោយគ្មានខ្សែប្រយុទ្ធឆ្នើម Vardy អស់រយៈពេល ពីរសប្តាហ៍ដោយបញ្ហារបួសកំភួនជើង។ យ៉ាងណាមិញកីឡាករអន្តរជាតិអង់គ្លេសរូបនេះនៅតែរកបានគ្រាប់បាល់ច្រើនបំផុតនៅលីកកំពូលអង់គ្លេស(Top Scorer)គឺ ១៩គ្រាប់និងជាការរកគ្រាប់បាល់ដំបូង ក្រោយ ១០ប្រកួតកន្លងមក។

ប្រភព៖ BBC