បរទេស៖ ខ្សែ​ប្រយុទ្ធ Jamie Vardy បាន​​បន្ត​កិច្ច​សន្យា​រយៈពេល​១​ឆ្នាំ​ទៀត នៅ​ក្លិប Leicester City ដែលនឹង​ធ្វើ​ឲ្យ​រូប​គេ​លេង​លើស​ពី​ខួប​កំណើត​វ័យ​៣៦​ឆ្នាំ​របស់​គេ​​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប កាលពីថ្ងៃពុធ​។

ក្លិប​មាន​រហស្ស​នាម​ថា ចចកកំណាចមួយនេះ បាន​ផ្តល់រង្វាន់​​នៃ​ការ​បន្ត​កុង​ត្រា​ថ្មី​ដល់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៣​គ្រាប់ ដើម្បី​ឈ្នះ​ស្បែក​ជើង​​មាសរបស់​ក្រប​ខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​។ កុង​ត្រា​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​ Vardy វ័យ​៣៣​ឆ្នាំ បន្ត​លេង​រហូត​ដល់​ចុង​រដូវ​កាល​​ឆ្នាំ​២០២២-២០២៣​។ Vardy បាន​ឲ្យ​ដឹង​ថា៖ «ដំណើរ​ដែលខ្ញុំកំពុងតែដើរជាមួយនឹងក្លិបកីឡាបាល់ទាត់​នេះ ពិត​ជា​លំបាក​ក្នុង​ការពិពណ៌នាណាស់ ហើយ​បើ​ទោះ​បី​យើង​បាន​ទទួល​ជោគ​ជ័យ​ជាមួយគ្នា​ជាច្រើន​ក៏ដោយ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​សម្រេច​ឲ្យ​បាន​សមិទ្ធ​ផល​ជាច្រើន​ទៀត​ជាមួយ​នឹងក្រុមនេះ ហេតុនេះ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ជា​ពិសេស​ក្នុង​ការ​អាច​កំណត់​អនាគត​របស់​ខ្ញុំ​ជាមួយនឹងក្លិប Leicester City ម្តង​ទៀត​»​។

ខ្សែ​ប្រយុទ្ធរូបនេះ បាន​ចូលរួម​ជាមួយនឹង​ក្លិប Leicester ពីក្លិប​គ្មាន​លីក Fleetwood Town កាលពីឆ្នាំ​២០១២​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១២៩​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​៣០៩ សម្រាប់​ក្លិប Leicester និង​ជា​កីឡាករ​ទី​៤​ដែល​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​បំផុត​របស់​ក្លិប​នេះ​។ Leicester បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ លើ​តារាង Premier League ហើយ​នឹង​លេង​ក្នុងក្រប​ខ័ណ្ឌ Europa League នា​រដូវ​កាល​ក្រលយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia