ក្រុមបាល់ទាត់ខេត្តបាត់ដំបង នឹងត្រូវប្រកួតការពារទីតាំងលេខ១ ពីការប្រជែងរបស់ក្រុមខេត្តពោធិ៍សាត់ នៅរសៀលម៉ោង៣ ថ្ងៃអង្គារនេះ ក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០។ ចំណែកក្រុមខេត្តព្រៃវែង ត្រូវការឈ្នះក្រុមខេត្តរតនគិរី ខ្លាំងបំផុត ដើម្បីដណ្តើមយកលេខ១ពីក្រុមខេត្តត្បូងឃ្មុំ។

ការវិលមកជួបគ្នារវាងក្រុមម្ចាស់ផ្ទះ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅកីឡដ្ឋានសាកលវិទ្យាល័យបាត់ដំបង នៅរសៀលម៉ោង៣ថ្ងៃនេះ វានឹងក្លាយជាការប្រកួតបញ្ចប់វគ្គជម្រុះប្រចាំពូលA ដ៏ស្វិតស្វាញមួយ ព្រោះក្រុមទាំង២នេះ មានកម្រិតលេងប្រហាក់ប្រហែលគ្នា ខណៈជំនួបជើងទី១ នៅលើទឹកដីក្រុមខេត្តពោធិ៍សាត់ គឺក្រុមទាំង២នេះ បានស្មើគ្នា ០-០។

យ៉ាងណាក៏ដោយ ការប្រជែងគ្នារកឲ្យឃើញក្រុមឈ្នះ៣ពិន្ទុ នៅក្នុងការប្រកួតចុងក្រោយនេះ ត្រូវបានគេរំពឹងថា នឹងកើតមានឡើង ព្រោះលទ្ធផលស្មើ រវាងក្រុមទាំង២ វានឹងផ្តល់ចំណេញដល់ក្រុមកំពុងឈរនៅលេខ៣ ខេត្តកំពង់ឆ្នាំង ក្នុងការប្រជែងយកលេខ១វិញ ដោយសារជំនួបនេះ ខេត្តកំពង់ឆ្នាំង ត្រូវស្វាគន៍ក្រុមដែលពួកគេ ធ្លាប់ស្មើ ១-១ កាលពីជើងទី១ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច នារសៀលម៉ោង៣ ដូចគ្នា។

ជាមួយគ្នានេះ ក្រុមខេត្តព្រះវិហារ នឹងត្រូវប្រកួតចុងក្រោយប្រចាំពូលB ជាមួយក្រុមខេត្តកំពង់ធំ នៅលើទឹកដីខ្លួន គឺកីឡដ្ឋានវិទ្យាល័យត្បែងមានជ័យ នារសៀលម៉ោង៣ ថ្ងៃអង្គារនេះដែរ ហើយនេះជាការប្រកួតដណ្តើមយកលេខ២ប្រចាំពូលនេះតែប៉ុណ្ណោះ ព្រោះលេខ១ បានទៅលើក្រុមខេត្តសៀមរាប ទៅហើយ ខណៈជំនួបជើងទី១ ខេត្តកំពង់ធំ បានឈ្នះខេត្តព្រះវិហារ ៥-៣។

ដោយឡែកក្រុមខេត្តព្រៃវែង នឹងយកកីឡដ្ឋានវិទ្យាស្ថានអប់រំកាយ និងកីឡា ធ្វើជាទឹកដីរបស់ខ្លួន ដើម្បីប្រកួតជាមួយក្រុមខេត្តរតនគិរី ហើយការប្រកួត នៅរសៀលម៉ោង៣ថ្ងៃអង្គារនេះ ពិតជាសំខាន់បំផុត ចំពោះក្រុមខេត្តព្រៃវែង ព្រោះបើសិនជាពួកគេ អាចបន្តយកឈ្នះលើក្រុមខេត្តរតនគិរី ៣-០ ដូចជើងទី១នោះ គឺពួកគេ នឹងដណ្តើមបានលេខ១ប្រចាំពូលនេះ ពីក្រុមខេត្តត្បូងឃ្មុំ ជាមិនខាន។

ក្រុមខេត្តត្បូងឃ្មុំ បានបញ្ចប់ការប្រកួតរបស់ខ្លួន ជាមួយការឈ្នះ២ និងស្មើ២ប្រកួតមាន៨ពិន្ទុ ខណៈខេត្តព្រៃវែង នៅពេលនេះ មាន៥ពិន្ទុ ក្នុងដៃ ដោយមានគ្រាប់បាល់ចំណេញតិចជាង ខេត្តត្បូងឃ្មុំ ត្រឹម១គ្រាប់ប៉ុណ្ណោះ ហេតុនេះបើសិនពួកគេ អាចយកឈ្នះខេត្តរតនគិរី ត្រឹម២គ្រាប់ឡើង គឺពួកគេ នឹងដណ្តើមបានលេខ១ ជាមិនខាន៕