ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ដើម្បីស្វាគមន៍ក្រុម Than Quang Ninh របស់វៀតណាម ក្នុងវគ្គជម្រុះចែកពូលពានរង្វាន់ AFC Cup 2020នៅល្ងាចម៉ោង៦ ថ្ងៃពុធនេះ ខណៈការប្រកួតនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានឯកភាពគ្នា ក្នុងការដាក់ក្រុមវេជ្ជបណ្ឌិត ចាំពិនិត្យអ្នកចូលរួមទាំងអស់ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ១៩ ផងដែរ។

នៅក្នុងការប្រកួតដ៏សំខាន់នេះ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានគិតទុកជាមុនថា នឹងមានភាពស្វិតស្វាញខ្លាំង ប៉ុន្តែលោកបានអះអាងថា នឹងព្យាយាមបង្កើតឲ្យមានការភ្ញាក់ផ្អើល ដើម្បីនាំយកមោទនភាពជូនដល់ទស្សនិកជន ដូចពេលដែលក្រុមស្វាយរៀង បានយកឈ្នះក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ី Bali United ២-១ នៅពហុកីឡដ្ឋានជាតិនេះដែរ។

គិតត្រឹមការប្រកួត២លើកកន្លងមកនេះ ក្រុមស្វាយរៀង បានចាញ់ក្រុមម្ចាស់ផ្ទះ Ceres-Negros ៤-០ និងបានយកឈ្នះក្រុមជើងឯករបស់ឥណ្ឌូនេស៊ី Bali United ២-១ នៅលើទឹកដីខ្លួនឯង ដើម្បីឈរនៅលេខ៣។

ចំណែកក្រុម Than Quang Ninh ដែលកំពុងឈរនៅបាតតារាងប្រចាំពូលGនេះ នៅមិនទាន់រកឃើញការឈ្នះ នៅឡើយទេ ព្រោះ២ប្រកួតកន្លងមកនេះ ពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះ Bali United ៤-១ និងបានស្មើ ២-២ ជាមួយក្រុមខ្លាំងរបស់ហ្វីលីពីន Ceres។

យ៉ាងណាក៏ដោយ លោក Phan Thanh Hung គ្រូបង្វឹកក្រុម Than Quang Ninh មានការរំពឹងថា ក្រុមរបស់លោក នឹងដណ្តើមបាន៣ពិន្ទុ ពីក្រុមស្វាយរៀង។ លោកបាននិយាយថា៖«សម្រាប់២ប្រកួតកន្លងមកនេះ យើងបានត្រឹមស្មើ១ និងចាញ់១ អ៊ីចឹងការប្រកួតនេះ យើងត្រូវការឈ្នះ ដើម្បីរក្សាឱកាស ពេលយើងលេងនៅក្នុងទឹកដីរបស់យើង សម្រាប់ការប្រកួត៣លើកចុងក្រោយ។ យើងបានត្រៀមខ្លួនរួចហើយ ហើយយើងក៏គ្មានបញ្ហាកីឡាកររបួសនោះដែរ»។

ចំណែកខ្សែប្រយុទ្ធ Jeremie Lynch ដែលធ្លាប់រកបានគ្រាប់២គ្រាប់ នៅពេលក្រុម Than Quang Ninh ប្រកួតជាមួយក្រុម Ceres-Negros និងក្រុម Bali United នោះ រំពឹងថា រូបគេនឹងបន្តរកបានគ្រាប់បាល់ នៅពេលជួបក្រុមស្វាយរៀង ថ្ងៃនេះ។ Lynch បាននិយាយថា៖«នេះជាលើកដំបូង ដែលខ្ញុំបានកាន់កម្ពុជា ប៉ុន្តែខ្ញុំក៏នៅតែអាចរកបានគ្រាប់បាល់ ដូចពេលដែលខ្ញុំធ្វើដំណើរទៅជួបក្រុម Bali United នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ»។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់ក្រុមស្វាយរៀង សុក សំណាង បាននិយាយថា៖«ពួកយើងបានត្រៀមខ្លួនរួចស្រេច ហើយពួកយើង នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកលទ្ធផលល្អជូនដល់ថ្នាក់ដឹកនាំក្លិប ក៏ដូចជាអ្នកគាំទ្របាល់ទាត់នៅកម្ពុជា សម្រាប់ការប្រកួតលើកនេះ»៕