ក្រុមខ្លាំងទាំង៤ ប្រចាំនៅក្នុងការប្រកួតបាល់ទាត់ពានពាក់កណ្តាលអាជីព KW Cambodia League 2020 នឹងត្រូវវិលមកជួបគ្នា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ដើម្បីប្រជែងគ្នារក៣ពិន្ទុបន្ថែម ប៉ុន្តែក្រុមគុណភាពលេងល្អមួយទៀត គឺតារាមហាហង្ស បានប្រកាសសុំដកខ្លួនហើយ ខណៈពួកគេបានខឹងទៅនឹងក្រុមអាជ្ញាកណ្តាល និងគណៈកម្មការរៀបចំការប្រកួតនោះ។

នៅក្នុងការប្រកួតប្រចាំសប្តាហ៍ទី៥ ក្រុមមិនទាន់ស្គាល់ការចាញ់ដូចគ្នា ដែលកំពូលឈរនៅកំពូលតារាង គឺ Avatar FC និង TN Kandal នឹងត្រូវប្រកួតគ្នា នៅកីឡដ្ឋាន KMH នាល្ងាចម៉ោង៥ ថ្ងៃអាទិត្យ ចំណែកក្រុម Khmer United A ត្រូវជួបក្រុមម្ចាស់ជើងឯកឆ្នាំ២០១៩ ISI DSC FC នៅល្ងាចម៉ោង៥ ថ្ងៃសៅរ៍។

បើទោះបីជាព្រឹត្តិការណ៍ KW Cambodia League 2020 ទើបឈានដល់សប្តាហ៍ទី៥ ប៉ុន្តែនេះជាសប្តាហ៍ដ៏ទាក់ទាញបំផុត។ ការជួបគ្នារវាងក្រុម Avatar និង TN Kandal វាស្ទើរក្លាយទៅជាការប្រកួតផ្តាច់ព្រ័ត្រទៅហើយ ព្រោះក្រុមដែលដណ្តើមបាន៣ពិន្ទុ លើកនេះ នឹងមានតែមកាន់តែខ្លាំង ក្នុងការឈានទៅប្រជែងយកពាន អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ខណៈ៤ប្រកួតកន្លងមកនេះ ក្រុមទាំង២ បានឈ្នះទាំងអស់គ្នាដូចគ្នា គ្រាន់តែ Avatar មានគ្រាប់បាល់ចំណេញច្រើនជាង ទើបអាចឈរនៅលេខ១ ជាបណ្តោះអាសន្ន។

ចំណែកការជួបគ្នារវាងក្រុម ISI និងក្រុម Khmer United A ក៏ជាការប្រកួតប្រជែងយ៉ាងសំខាន់ផងដែរ ព្រោះ Khmer United A ដែលឈ្នះ៣ និងស្មើ១នោះ ត្រូវការឈ្នះ ដើម្បីប្រជែងយកលេខ១ ឬលេខ២ ចំណែក ISI កាន់តែត្រូវការឈ្នះខ្លាំង ព្រោះបើសិនជាពួកគេ ចាញ់ក្នុងការប្រកួតនេះ គឺឱកាសរក្សាពានរបស់ពួកគេ នឹងត្រូវបាត់បង់ ដ្បិតការចាញ់ក្រុម TN Kandal ២-១ វាបានធ្វើឲ្យពួកគេ ធ្លាក់ចុះនូវភាគរយខ្លះទៅហើយ។

ដោយឡែកក្រុមចំណូលថ្មី តារាងមហាហង្ស ដែលជាក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងទាំង៦ នៅក្នុងព្រឹត្តិការណ៍នេះ បានដាក់លិខិតដុំដកខ្លួនចេញពីការប្រកួតនេះហើយ ហើយតាមខ្លឹមសារនៅក្នុងលិខិតនោះ បានបញ្ជាក់ថា មហាហង្ស បានដកខ្លួន ដោយសារពួកគេខឹងទៅនឹងក្រុមអាជ្ញាកណ្តាល និងគណៈកម្មការប្រកួត។

ក្រុមរាតាមហាហង្ស បានចោទក្រុមអាជ្ញាកណ្តាល និងគណៈកម្មការប្រកួតថា បានកាត់សេចក្តីមិនសុក្រឹត និងយុត្តិធម៌ នៅពេលពួកគេបានប្រកួតចាញ់ក្រុមចម្រុះដោយបរទេស Riel Phnom Penh ២-១ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅកីឡដ្ឋាន KMH ហើយអ្វីដែលពួកគេមិនពេញចិត្តខ្លាំងនោះ គឺអាជ្ញាកណ្តាល និងគណៈកម្មការ មិនត្រឹមតែ ពិន័យទៅដល់ក្រុម Riel PP ដែលបានស្រែកជេរឌឺដង និងលេងកាចៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពិន័យកីឡាករ ឪ កាសាន របស់តារាមហាហង្ស ដោយព្យួរមិនចូលលេង២ប្រកួតទៀតផងដែរ។

តាមការប្រកាសដកខ្លួនរបស់ក្រុមមហាហង្សនេះ នឹងធ្វើឲ្យក្រុម Watvarin Youth ដែលត្រូវជួបមហាហង្ស នៅថ្ងៃសៅរ៍នេះ នឹងទទួលបាន៣ពិន្ទុ ហេតុនេះនៅសប្តាហ៍ទី៥នេះ មានការប្រកួតតែ៦គូប៉ុណ្ណោះ៕