កីឡាករជើងខ្លាំងជំនាន់ថ្មី អេលីត ចំរើន បានចាត់ទុកការសន្លប់របស់អ្នកប្រដាល់ថៃ Kompichit ថា វាបានកើតឡើងខុសទៅនឹងអ្វីដែលរូបគេបានប៉ង ប៉ុន្តែរូបគេពិតជាមានការសប្បាយរីកខ្លាំង ចំពោះការជ័យជម្នះនេះ ដែលបានផ្តល់ឱកាសឲ្យរូបគេឈ្នះបានខ្សែក្រវាត់មុនគេ នឹងឈរនៅចាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស។

កីឡាករ អេលីត ចំរើន បានប្រាប់ថា៖«តាមពិតខ្ញុំមានបំណងទាត់ដៃស្តាំហើមរបស់គាត់ឲ្យខូចទេ ប៉ុន្តែពេលខ្ញុំទាត់នោះ គាត់បានស្ទះចូលមក អ៊ីចឹងធ្វើឲ្យកម្លាំងទាត់របស់ខ្ញុំ បែរជាចំឆ្អឹងជំនីទៅវិញ គឺដូចដាក់មួយជង្គង់អ៊ីចឹង បណ្តាលឲ្យគាត់សន្លប់ ហើយខ្ញុំក៏មិនបានគិតថា ខ្ញុំអាចផ្តួលឲ្យគាត់សន្លប់នោះដែរ»។

សម្រាប់ការប្រកួតវគ្គ៨នាក់ចុងក្រោយ ដណ្តើមយកខ្សែក្រវាត់ប្រាក់ ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ កន្លងមកនេះ អេលីត ចំរើន បានព្យាយាមទាត់ជាប្រយោលទៅលើថៃ Kompichit ហើយកម្លាំងទាត់ចេញរបស់គេ បានធ្វើឲ្យ Kompichit ខំព្យាយាមទប់ឡើងហើមដៃស្តាំ។

ការប្តូរបច្ចេកទេសប្រកួត ពីការវាយសម្រុក មកទាត់ជាប្រយោលនោះ បានធ្វើឲ្យ Kompichit ដែលមានទម្លាប់ឈរចាំវាយបកនោះ ហាក់អស់សង្ឃឹម ហើយការបង្ហាញភាពច្រលោតម្តងៗ ក្នុងការវាយសម្រុក ប៉ុន្តែការស្ទុះចូលរបស់គេ បែរទទួលរងការទាត់ឆ្វេងរបស់ អេលីត ចំរើន បណ្តាលឲ្យដួលដេកសន្លប់ និងត្រូវបានគ្រូពេទ្យ បញ្ឈប់នៅទឹកទី៣ ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈថៃម្នាក់នេះ ធ្លាប់បានទម្លាក់កីឡាករជើងចាស់ ម៉ន សាម៉េត តាមរយៈការយកឈ្នះដោយពិន្ទុ នៅវគ្គជម្រុះ១៦នាក់នោះ។

សិស្សគណក្លិបប៉ែនកាក់គុនខ្មែរ អេលីត ចំរើន បានបញ្ជាក់ថា៖«ខ្ញុំមិនរំពឹងថា អាចផ្តួល Kompichit ឲ្យសន្លប់នោះទេ ព្រោះមុនការប្រកួតខ្ញុំក៏មិនសូវសង្ឃឹមប៉ុន្មានដែរ គឺត្រឹម៥០ភាគប៉ុណ្ណោះ ដោយសារគេរាងល្អដែរ។ ហេតុនេះ ជ័យជម្នះនេះ ធ្វើឲ្យខ្ញុំមានការសប្បាយចិត្ត និងកាន់តែមានទឹកចិត្ត សម្រាប់ត្រៀមខ្លួនឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស ជាបន្តទៀត»។

តាមរយៈការយកឈ្នះលើកីឡាករថៃ Kompichit នៅវគ្គជម្រុះ៨នាក់ចុងក្រោយនេះ បានជួយឲ្យ អេលីត ចំរើន ឈ្នះបានខ្សែក្រវាត់ប្រាក់មុនគេ អមជាមួយប្រាក់រង្វាន់៤លានរៀល ពិសេសរូបគេ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ដោយត្រូវរងចាំអ្នកឈ្នះខ្សែក្រវាត់ប្រាក់ចំនួន៣នាក់ទៀត នៅក្នុងចំណោមកីឡាករកម្ពុជាទាំង៦នាក់ ក្នុងនោះមាន វ៉ាន់ វឿន, ប៊ុន សុធា, ពេជ្រ ម្ទេសខ្មាំង, លាភ រដ្ឋា, អេ ណារ័ត្ន និង ឃួន ឡាំងកូស៊ីន៕