អ្នកប្រដាល់មកពីប្រទេសថៃចំនួន៩នាក់ នឹងត្រូវធ្វើការប្រកួតជាមួយអ្នកស្នងមរតកក្បាច់គុនខ្មែរ ជាលើកចុងក្រោយ នៅលើសង្វៀនបាយ័ន នៅថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យនេះ មុនពេលសង្វៀនមួយនេះ ត្រូវពន្យារពេលប្រកួត ដើម្បីចូលរួមទប់ស្កាត់ការបង្ការជំងឺឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាល នៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតចុងក្រោយ រវាងអ្នកប្រដាល់ថៃទាំង៩នាក់ ជាមួយអ្នកប្រយុទ្ធរបស់ម្ចាស់ផ្ទះកម្ពុជា នេះ វាបានក្លាយជាការប្រកួតបិទទ្វារ ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា គឺការប្រកួតនេះ តម្រូវឲ្យមានតែក្រុមកីឡាករ គណៈកម្មការ អ្នករៀបចំ និងក្រុមគ្រូពេទ្យ ចូលរួមប៉ុណ្ណោះ ចំណែកអ្នកទស្សនា បានត្រឹមមើលការប្រកួតតាមការផ្សាយផ្ទាល់ នៅតាមគេហដ្ឋានប៉ុណ្ណោះ។

ការប្រកួតបិទទ្វារនេះ គឺត្រូវទៅតាមការសម្រេចរបស់លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយតាមអង្គប្រជុំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺការប្រកួតនៅសង្វៀនបាយ័ន រួមទាំងការប្រកួតរបស់សង្វៀនផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យប្រកួតបិទទ្វារត្រឹមសប្តាហ៍នេះប៉ុណ្ណោះ ហើយសប្តាហ៍បន្ទាប់ នឹងត្រូវផ្អាក ឬពន្យារពេល ដើម្បីចូលរួមបង្ការជំងឺកូវីដ១៩។

នៅក្នុងការប្រកួតនេះកីឡាករ រិទ្ធ ភូលូ នឹងត្រូវជួបអ្នកប្រដាល់ថៃ Kathawuth ក្នុងទម្ងន់៦៥គីឡូក្រាម នៅយប់ថ្ងៃសុក្រ ហើយជើងខ្លាំងចាស់វស្សា ឡុង សុវណ្ណឌឿន ក៏ត្រូវបង្ហាញវត្តមានជាថ្មី នៅលើសង្វៀនបាយ័ន ក្នុងថ្ងៃជាមួយគ្នានោះ ផងដែរ ក្នុងទម្ងន់៧០គីឡូក្រាម។

ចំណែកអ្នកលេងទម្ងន់ជើង រិទ្ធ ប៊ុនម៉ៅ ត្រូវប្រកួតជាមួយ Petchkla ក្នុងទម្ងន់៦៣,៥គីឡូក្រាម នៅល្ងាចថ្ងៃសៅរ៍ មុនពេលជើងខ្លាំង ផល សោភ័ណ្ឌ ត្រូវប្រឈមជាមួយថៃ Rungnapha ក្នុងទម្ងន់៦៣,៥គីឡូក្រាម។ រីឯកីឡាករជើងខ្លាំងទម្ងន់៧០គីឡូក្រាម ឯម ឡេងលី ត្រូវជួបថៃ Petchinsri នៅព្រឹកថ្ងៃអាទិត្យ។

យ៉ាងណាមិញ សម្រាប់នៅរសៀលថ្ងៃអាទិត្យនោះដែរ កីឡាករកំពុងក្រសោបភាពល្បី ឡុង ប៊ុនលឿន ត្រូវជួបថៃ Awuthlek ក្នុងទម្ងន់៦៣គីឡូក្រាម មុនពេល ឈឿន ល្វៃ ជួប Krungjak ក្នុងទម្ងន់៧០គីឡូក្រាម។ ចំណែកនៅល្ងាចថ្ងៃអាទិត្យកីឡាការិនីជំនាញប្រើកណ្តាប់ថៃ នូវ ស្រីពៅ ត្រូវប៉ះថៃ Mariya ក្នុងទម្ងន់៥៤គីឡូក្រាម ហើយ ធី វ៉ារិទ្ធ ត្រូវប្រកួតជាមួយថៃ Petchkreangkrai ក្នុងទម្ងន់៦០គីឡូក្រាម។

ទាក់ទងទៅនឹងការប្រកួតអន្តរជាតិទាំង៩គូនេះ លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់នៅសង្វៀនបាយ័ន ហើយក៏ជាអ្នកតស៊ូមតិយ៉ាងសកម្មជាមួយលោក តែម ម៉ឺន ដើម្បីបានបន្តការប្រកួតបិទទ្វារ នៅសប្តាហ៍នេះ បានអះអាងថា ទាំងសមាសភាពកីឡាករកម្ពុជា និងថៃ បានរៀបចំអស់ហើយ គឺគ្មានការប្តូរបេក្ខភាពប្រកួតនោះទេ៕