ការទន្ទឹងរងចាំរបស់អ្នកគាំទ្រ ចំពោះការបង្ហាញវត្តមានជាថ្មីរបស់ជើងខ្លាំង ចាន់ រតនា នៅក្នុងការប្រកួតវាយដាក់ទ្រុង នៃកម្មវិធី ONE Championship ដែលគ្រោងនឹងធ្វើនៅខេត្តមេសា ខាងមុខនេះ អាចនឹងត្រូវខកខាត ខណៈសាមីខ្លួន ចាន់ រតនា បានបង្ហើបថា ការប្រកួតនេះ អាចនឹងត្រូវផ្អាក ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ជាលក្ខណៈសកលលោក។

នៅក្នុងឆ្នាំ២០២០នេះ ចាន់ រតនា បានជាប់កិច្ចសន្យាប្រកួតឲ្យ ONE Championship ចំនួន៦ប្រកួត ហើយការប្រឈមមុខជាមួយអ្នកប្រយុទ្ធរបស់ជប៉ុន Yoya Wakamatsu ដែលគ្រោងនឹងធ្វើនៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១០ ខែមេសា ខាងមុខនេះ វាបានក្លាយជាការប្រកួតដំបូងគេ ប្រចាំឆ្នាំនេះ របស់ ចាន់ រតនា ខណៈការប្រកួតចំនួន៥លើកនេះ នឹងត្រូវធ្វើជាបន្តបន្ទាប់ ទៅតាមការរៀបចំរបស់អង្គភាពរៀបចំការប្រកួតកីឡាវាយដាក់ទ្រុង (ONE)។

យ៉ាងណាក៏ដោយ ចាន់ រតនា ដែលតែងតែហ្វឹកហាត់ជាប្រចាំ នៅក្លិបផ្ទាល់ខ្លួនមួយឈ្មោះសិល្បៈគុនខ្មែរ ទើបប្តូរមកនៅផ្លូវតាផុន សង្កាត់បឹងទំពុន១ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញនោះ បានបង្ហើបថា ការប្រកួតនៅឥណ្ឌូនេស៊ីរបស់គេ នៅក្នុងខែមេសា អាចនឹងត្រូវផ្អាក ហើយការប្រកួតផ្សេងទៀត ក៏មិនទាន់ច្បាស់ថា នឹងបន្តរៀបចំ ឬយ៉ាងណានោះទេ។

កីឡាករវ័យ៣៤ឆ្នាំ ចាន់ រតនា បានប្រាប់ប្រព័ន្ធផ្សាយផ្សាយ កាលពីថ្ងៃចន្ទ ម្សិលមិញថា៖«ចំពោះការប្រកួតនេះ ខ្ញុំនៅមិនទាន់ទទួលបានដំណឹងជាផ្លូវការ ពីខាង ONE នៅឡើយទេ ប៉ុន្តែបើតាមព័ត៌មាន ដែលខ្ញុំទទួលបានក្រៅផ្លូវការ គឺការប្រកួតនេះ អាចនឹងត្រូវផ្អាក ចំណែកការប្រកួតផ្សេងទៀត ក៏មិនទាន់ច្បាស់នោះដែរ»។

ទោះបីជាយ៉ាងណា ចាន់ រតនា បានអះអាងថា រូបគេនៅតែពង្រឹងការហ្វឹកហាត់ជាប្រចាំ ដើម្បីត្រៀមការប្រកួតនេះ ព្រោះកីឡាកររូបនេះ ពិតជាចង់រក្សានូវកំណត់ត្រាប្រកួតរបស់ខ្លួនកន្លងមក ដែលបានឈ្នះ៧ និងចាញ់៣លើក ក្នុងការបង្ហាញនៅ ONE ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ៣ប្រកួតចុងក្រោយនេះ ចាន់ រតនា បានឈ្នះទាំង៣លើក ក្នុងនោះឈ្នះ Abrou Fernandes ,Rudy Agustian និងឈ្នះអ្នកប្រយុទ្ធគុយបា Gustavo Balart កាលពី ខែសីហា ឆ្នាំ២០១៩ ដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅ ពិសេសអ្នកគាំទ្រនៅកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំង៕