ក្លិបអ្នកមាន វិសាខា បានចាប់ផ្តើមចាត់វិធានការបង្ការជំងឺឆ្លងកូវីដ១៩ ដោយធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅគ្រប់កន្លែងទាំងអស់ នៅក្នុងកីឡដ្ឋានវិសាខារបស់ខ្លួន ដើម្បីផ្តល់ផាសុភាពទៅដល់បុគ្គលិក គ្រូបង្វឹក ក្រុមកីឡាករ ពិសេសក្រុមយុវជនថ្នាល់ ដែលរស់នៅជុំគ្នា នៅក្នុងកីឡដ្ឋាននេះ។

ការបាញ់ថ្នាំសម្លាប់មេរោគនេះ ត្រូវបានអ្នកគ្រប់គ្រងរបស់ក្លិបវិសាខា បានធ្វើឡើង កាលពីថ្ងៃអាទិត្យ គឺស្របពេលដែលជំងឺឆ្លងកូវី១៩ កំពុងមានការរីករាលដាល់ខ្លាំង នៅក្នុងប្រភេទកម្ពុជា ដែលធ្វើឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចផ្អាកការប្រកួតរបស់ខ្លួន នៅគ្រប់កម្រិត ដើម្បីចូលរួមបង្ការជំងឺដ៏កាចសាហាវនេះផងដែរ។

ជាមួយការចាត់វិធានការបាញ់ថ្នាំសម្លាប់មេរោគនេះ កញ្ញា អ៊ូ បញ្ញាសុកិត្យា ជាអគ្គលេខាធិការក្លិបបាល់ទាត់វិសាខា បាននៅក្នុងខ្សែវីដេអូ ដែលបង្កើតឡើងដោយក្លិបមួយនេះថា៖«វិសាខា ជាក្លិបមួយ ដែលប្រកាន់ភ្ជាប់ទៅលើភាពស្អាត និងអនាម័យ ជាប្រចាំ នៅក្នុងបរិវេណក្លិបរបស់យើងទាំងមូលតែម្តង ដូច្នេះហើយទើបកាលពីព្រឹកមិញនេះ (ថ្ងៃអាទិត្យ) យើងមានក្រុមការងារ ចុះមកបាញ់សម្អាត កម្ចាត់បាក់តេរី នៅក្នុងក្លិបរបស់យើង»។

កញ្ញា បញ្ញាសុកិត្យា បានបន្តថា៖«ការបាញ់ថ្នាំសម្លាប់បាក់តេរីនេះ ដើម្បីរក្សាផាសុខភាពជូនទៅដល់បុគ្គលិកទាំងអស់ គ្រូបង្វឹកគ្រប់រូប កីឡាករគ្រប់ឈុត ជាពិសេសកីឡាករក្មេងៗ ដែលជាថ្នាល Academy ដែលគាត់រស់នៅផ្ទាល់ ក្នុងក្លិបជាមួយយើង គឺយើងនៅតែបន្តឲ្យពួកគាត់ នៅក្នុងស្តាតរបស់យើង។ ចំណែកក្រុមឈុតធំ យើងបានឲ្យពួកគាត់សម្រាកនៅផ្ទះ ដោយមានជាមេរៀនលំហាត់ប្រាណ ដែលលោកគ្រូ បានរៀបចំឲ្យទៅតាមផ្នែកនីមួយៗ»។

ជាមួយគ្នានេះ ក្លិបវិសាខា ក៏បានដាក់សន្តិសុខ និងក្រុមការងារ ឲ្យចាំវាស់កម្តៅ នៅមុខខ្លោងទ្វារ សម្រាប់អ្នកចូលទៅក្នុងកីឡដ្ឋានវិសាខា ផងដែរ ដោយក្នុងនោះ អ្នកមានសីតុណ្ណភាពលើសពី៣៧.៥អង្សារសេ មិនត្រូវអនុញ្ញាតឲ្យចូលឡើយ ចំណែកអ្នកមានសីតុភាពក្រោមនេះ អាចចូលបាន តែត្រូវលាងសម្អាតដៃជាមួយទឹកអាកុល នៅកន្លែងសន្តិសុខនោះ ជាមុនសិន ទើបត្រូវបានអនុញ្ញាតឲ្យចូល៕