អ្នកជំនាញកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានជំរុញ និងលើកទឹកចិត្តឲ្យអត្តពលិកក្រុមជម្រើសជាតិកម្ពុជា ធ្វើការហ្វឹកហាត់ នៅតាមផ្ទះដោយខ្លួនឯង ដើម្បីរក្សាគុណភាព និងសក្តានុពលឲ្យនៅតែល្អ សមជាអ្នកកីឡា ហើយការជំរុញនេះ គឺក្នុងអំឡុងពេល ដែលការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិ គ្រប់ប្រភេទកីឡា ត្រូវបានផ្អាក ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។

លោក វ៉ាត់ ចំរើន បានប្រាប់ឲ្យអត្តពលិកទាំងអស់ ធ្វើការហ្វឹកហាត់ខ្លួនឯង តាមវិធីអប់រំកាយ និងកីឡា ឲ្យបានជាប្រចាំ ពិសេសកីឡាករ កីឡាការិនី ដែលហាត់កីឡាប្រយុទ្ធ ព្រោះការនៅស្ងៀម មិនធ្វើឲ្យសាច់ដុំ មានចលនា វានឹងធ្វើឲ្យសេរីរាងរបស់អ្នកហាត់គុន វិវឌ្ឍទៅជាមនុស្សធម្មតា ឬដូចជាអ្នកទើបចូលហាត់ថ្មី។

លោកបានផ្តល់ជាខ្លឹមសារថា៖ «ក្រោយពេលការប្រមូលកផ្តុំ ត្រូវបានផ្អាក អត្តពលិកទាំងអស់ អាចហ្វឹកហាត់ផ្ទាល់ខ្លួនបាន តាមវិធីអប់រំកាយ និងកីឡា ពិសេសប្រភេទកីឡាប្រយុទ្ធ គឺយើងត្រូវធ្វើចលនា កម្តៅសាច់ដុំ និងហ្វឹកហាត់ជាប្រចាំដោយផ្ទាល់ៗខ្លួន យ៉ាងហ៊ោចណាស់ព្រឹក២ម៉ោង និងល្ងាច២ម៉ោងដែរ ដើម្បីរក្សាភាពសាំកម្លាំងថាមពលសាច់ដុំ ទៅតាមលក្ខណៈវិទ្យាសាស្ត្រកីឡា»។

អ្នកជំនាញច្រើនប្រភេទកីឡារូបនេះ បានប្រាប់ទៀតថា «នៅពេលព្រឹក យើងរត់មួយកន្លែង ជាមួយការធ្វើចលនា មានវ៉ៃកាតា និងវ៉ៃខ្យល់ គឺធ្វើយ៉ាងណាកុំឲ្យសាច់ដុំសម្រាក ព្រោះកាលណា យើងមិនហាត់ វានាំឲ្យភាពរហ័សរហួន ត្រូវភ្លេច ហើយនាំមកវិញនូវជំងឺខ្ជិលទាំងសាច់ដុំ និងខួរក្បាល។ យើងមិនអាចនៅស្ងៀមធម្មតា ដូចអ្នកមិនមែនកីឡានោះទេ ព្រោះការខកខាន នាំឲ្យចលនាសាច់ដុំគាំង ចលនាឈាមរត់ឈានទៅសភាពមិនធម្មតា អ៊ីចឹងពេលយើងចាប់ហាត់វិញ គឺដូចហាត់សារជាថ្មីអឹចឹង»។

លោកបានបញ្ជាក់ថា៖«នេះជាពេលវេលាមួយសំខាន់ ដែលខ្ញុំសូមផ្ញើនូវខ្លឹមសារ ព្រមទាំងទ្រឹស្តីនៃការហ្វឹកហាត់ដល់អត្តពលិកក្រុមជម្រើសជាតិយើងទាំងអស់ ដើម្បីអនុវត្តឲ្យបានខ្ជាប់ខ្ជូន នូវការហ្វឹកហាត់លក្ខណៈផ្ទាល់ៗខ្លួន ក្នុងការរក្សាគុណភាព សិទ្ធិផល ឬសក្តានុពល ដែលយើងធ្លាប់មាន ហើយនៅពេលក្រសួងសុខាភិបាល អាចគ្រប់គ្រងមេរោគកូវីដ១៩នេះបាន យើងនឹងចូលមកហ្វឹកហាត់ប្រមូលផ្តុំវិញ»។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលផ្អាកការប្រមូលផ្តុំនេះ សហព័ន្ធកីឡាជាតិមួយចំនួន បានចងក្រងជាកាលវិភាគនៃការហ្វឹកហាត់ ដើម្បីឲ្យក្រុមអត្តពលិករបស់ខ្លួន ធ្វើការហ្វឹកហាត់តាមជាប្រចាំ នៅតាមផ្ទះរៀងៗខ្លួនផងដែរ ហើយរាល់សកម្មភាពហ្វឹកហាត់នោះ ត្រូវមានការថតជាវីដេអូ រួចបញ្ជូនមកសហព័ន្ធ ជារៀងរាល់ថ្ងៃ ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃទៅលើការហ្វឹកហាត់នោះ៕