ក្លិបប្រដាល់មកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ ដែលជាជំរកហ្វឹកហាត់របស់អ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ស្របពេលដែលប្រទេសកម្ពុជា កំពុងមានអាសន្ន ទៅលើការរីលរាលដាលជំងឺឆ្លងកូវីដ១៩ ដែលមានការឆ្លងដល់មនុស្សចំនួន៩៣នាក់ហើយ គិតត្រឹមព្រឹកថ្ងៃពុធនេះ។

ការបិទក្លិបប្រដាល់មកុដរាជសីហ៍ នេះ ត្រូវបាន លោក គង់ ចាន់ធីណា ដែលជាប្រធានក្លិប បានធ្វើឡើង កាលពីថ្ងៃចន្ទ គឺមួយថ្ងៃបន្ទាប់ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសពីការផ្អាកការប្រកួតប្រដាល់ នៅគ្រប់សង្វៀនទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។

បន្ថែមលើនេះ លោក គង់ ចាន់ធីណា ក៏បានបិទក្លិបប្រដាល់មិត្តប៉ូលិស មួយទៀតដែលស្ថិងក្រោមការគ្រប់គ្រងរបស់លោកផងដែរ ហើយជាមួយគ្នានេះ លោករំសាយឲ្យកីឡាករ នៅក្នុងក្លិបទាំង២ វិលត្រឡប់ទៅផ្ទះសិន ដើម្បីដោះស្រាយជីវភាព និងរកការងារធ្វើផ្សេងៗ ទៅតាមលទ្ធភាពរៀងៗខ្លួន។

ជុំវិញនឹងការបិទក្លិបនេះ លោក គង់ ចាន់ធីណា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ខ្ញុំពុំមានលទ្ធភាពផ្តល់ការហូបចុកស្នាក់នៅឲ្យពួកគាត់បានទៀតទេ ព្រោះគ្មានប្រាក់ចំណូលពីការប្រកួតទេ។ កន្លងមក អាហារ និងការហូបចុកទាំងនេះ បានពីការជួយរបស់កីឡាករខ្លះៗ គឺកាត់ប្រហែល៥ភាគរយ ក្នុងការប្រកួតមួយលើក រួមទាំងប្រាក់តម្លៃក្លិប ប៉ុន្តែក្រោយផ្អាកការប្រកួតគ្រប់សង្វៀន ចំណូលទាំងនោះ ត្រូវបាត់ អ៊ីចឹងយើងត្រូវបង្ខំចិត្តបិទក្លិបតែម្តងទៅ ដើម្បីចូលរួមកាត់បន្ថយបញ្ហាជំងឺកូវីដ១៩ផង»។

យ៉ាងណាក៏ដោយ សម្រាប់កីឡាករល្បីៗ ពិសេស រឿង សោភ័ណ្ឌ ដែលមានក្របខ័ណ្ឌនគរបាល ហើយក៏អាចរកបានប្រាក់បន្ថែម តាមវិធីសាស្រ្តផ្សេងៗនោះ មិនជាជួបហានិភ័យប៉ុន្មានទេ នៅក្នុងអំឡុងបិទក្លិបប្រដាល់ជាបណ្តោះអាសន្ននេះ ប៉ុន្តែកីឡាករជើងថ្មី មិនសូវល្បីឈ្មោះ អាចជួបការលំបាកច្រើន។

លោក គង់ ចាន់ធីណា ដែលជាប៉ូលិស និងជាគ្រូបង្វឹកកីឡាហាប់គីដូ ដ៏មានបទពិសោធផងនោះ បានបញ្ជាក់ថា៖«នៅក្នុងអំឡុងពេលបិទក្លិបនេះ កីឡាលំដាប់ជួរមុខរបស់យើងមួយចំនួន ដែលមានក្របខ័ណ្ឌជាមន្ត្រីនគរបាលរួចហើយ ឬមានមុខរបរការងារនោះ ជួបការលំបាកតិចតួចទេ ប៉ុន្តែកីឡាករណា មានកម្រិតមធ្យម ឬក្រោមមធ្យម ដែលមិនសូវល្បី គឺប្រឈមលំបាកខ្លាំងទៅនឹងជីវភាព»៕