ស្ថាបនិកបង្កើតអ្នកប្រដាល់ត្រកូល «ម៉ន» ជាច្រើនជំនាន់ លោក ម៉ាង ម៉ន បានដាច់ចិត្តទម្លាយពីភាពសង្វេគនៅក្នុងក្លិបព្រែកឯងកីឡា របស់លោក ថាកំពុងជួបវិបត្តិខ្លាំង រហូតរកអង្ករដាំបាយឲ្យកីឡាករ ហូបលែងចង់បាន ខណៈចំណូល ធ្លាប់បានពីប្រដាល់ត្រូវអស់ ដោយសារគ្រប់សង្វៀនប្រដាល់ ត្រូវបានផ្អាក ដោយសារការរីករាលដាលនៃជំងឺឆ្លងដ៏គ្រោះថ្នាក់កូវីដ១៩នោះ។

បើតាមពីស្ថានភាពប្រកួតរបស់ត្រកូល«ម៉ន» ពិតជាមានភាពស្វាហាប់ខ្លាំង ព្រោះទាំងសមត្ថភាព និងបច្ចេកទេសប្រកួតរបស់ពួកគេ សុទ្ធតែល្អ ហើយមិនដែលធ្លាប់ជាប់ទាក់ទងទៅនឹងការប្រកួតមិនអស់សមត្ថភាព ឬលក់ការប្រកួតនោះទេ។ ទង្វើនេះ ធ្វើឲ្យអ្នកទស្សនាមើលឃើញថា ពួកគេ អាចនឹងមានជីវភាពធូរធារ តាមរយៈការប្តូរញើសឈាម និងកម្លាំង នៅលើសង្វៀននេះ។

យ៉ាងណាក៏ដោយ គ្រូប្រដាល់វ័យ៦៩ឆ្នាំ លោក ម៉ាង ម៉ន បានទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«ការបោះបង់ទាំងស្រុងពីការនេសាទ និងធ្វើស្រែ នៅឆ្នាំ១៩៩៩ មកចូលប្រឡូកក្នុងសកម្មភាពប្រដាល់ពេញដៃនេះ បានជួយជីវភាពឲ្យក្រុមគ្រួសាររបស់ខ្ញុំអាចរស់បាន ប៉ុន្តែការផ្អាកការប្រដាល់នៅគ្រប់សង្វៀន ដោយសារជំងឺឆ្លងកូវីដ១៩នេះ ធ្វើឲ្យគ្រួសារខ្ញុំ គ្មានចំណូលអ្វីទាល់តែសោះ»។

លោក ម៉ាង ម៉ន ដែលបានអូសទាញកូនទាំង៤នាក់ ព្រមទាំងក្មួយៗ ឲ្យចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរ ទៅតាមចំណង់ចំណូលចិត្តរបស់លោក តាំងពីក្មេងវ័យនោះ បានបន្ថែមថា៖«នៅក្នុងដំណាក់កាល រកមិនបានចំពណូលនេះ ខ្ញុំសុំដល់ថ្នាក់ដឹកនាំ និងសប្បុរសជន មេត្តាជួយផ្តល់ត្រឹមអង្ករ គ្រាន់បានបាយហូប ចំណែកឯម្ហូប អាចរកបានខ្លះ គឺក្នុងកីឡាករជាកូនក្មួយសរុប១០នាក់ ខ្ញុំអាចចាយសន្សំសំចៃ ត្រឹម១០០០០រៀល ទៅ២០០០០រៀល ក្នុងមួយថ្ងៃក៏បានដែរ សំខាន់ឲ្យតែមានអង្ករដាំបាយ»។

លោក ម៉ាង ម៉ន បានកូនបង្កើតឆ្នើមទាំង៤ ដែលសុទ្ធតែធ្លាប់ដណ្តើមបានខ្សែក្រវាត់ផ្សេងៗពីគ្នា ក្នុងនោះ ម៉ន លីហួរ ,ម៉ន សាម៉េត, ម៉ន វិរ័ត្ន និង រ៉េវ វិរៈ (ជាកូនច្បង)។ បន្ថែមលើនេះ លោកមានក្មួយៗជាអ្នកប្រដាល់ជាច្រើនទៀតផងដែរ ដូចជា ម៉ន គឹមឡុង, ម៉ន ម៉នភិរម្យ, ម៉ន រិទ្ធី, ម៉ន សំណាង, ម៉ន រដ្ឋា,ម៉ន ចាន់ដារ៉ា,ម៉ន ខួច, ម៉នព្រំម៉ាញ, ម៉ន វិរៈ និង ម៉ន បារាំង ជាដើម ប៉ុន្តែឈានមកដល់បច្ចុប្បន្នសល់តែ ម៉ន សាម៉េត និង ម៉ន ព្រហ្មម៉ាញ ដែលរក្សាបានលំដាប់ជួរមុខ នៅប្រកួតបានល្អ។

ជាមួយគ្នានេះ អ្នកស្រី សែន លៀងហ៊ីម ដែលជាប្រពន្ធ លោក ម៉ាង ម៉ន បានរៀបរាប់ថា៖«កាលនៅប្រកួត យើងមានលុយខ្លះទ្រទ្រង់ គឺក្នុងមួយថ្ងៃ ចំណាយសរុបលើអ្នកហាត់ជាង១៥ នាក់ អស់ថ្លៃម្ហូបធម្មតា៦ម៉ឺនរៀល និងអង្ករ៥គីឡូក្រាម ប៉ុន្តែឥឡូវមួយថ្ងៃសុំបានតែ១ ឬ២ម៉ឺនរៀល ក៏បានដែរ គឺឲ្យតែមានអង្ករដាំបាយសិនទៅ ព្រោះទាំងកូន និងក្មួយៗ សុទ្ធតែគ្មានមុខរបរអ្វីទេ ក្រៅពីប្រដាល់នេះ»៕