ស្របពេលដែលប្រទេសទាំង១១ នៅក្នុងតំបន់អាស៊ាន កំពុងមានការរីករាលដាលខ្លាំងនោះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានឈានដល់ការពន្យារកម្មវិធីប្រកួតមួយចំនួន ដើម្បីគេចចេញពីស្ថានភាពដ៏អាក្រក់នៅពេលនេះ ប៉ុន្តែ AFF បានសម្រេចថា នឹងរៀបចំពេលវេលាជាថ្មីម្ដងទៀត ចំពោះការប្រកួតក្នុងកម្មវិធីជាច្រើន ដែលគ្រោងនឹងធ្វើក្នុងរយៈពេល៤ខែខាងមុខ។

ជាមួយភាពវក់វរ ដែលកើតឡើងដោយជំងឺឆ្លងកូវីដ១៩នេះ AFF បានសម្រេចលើកពេលការប្រកួតពានរង្វាន់ AFF Women’s Championship នៅប្រទេសហ្វីលីពីន ដែលដំបូងឡើយ គ្រោងធ្វើនៅក្នុងខែឧសភានោះ យកទៅធ្វើនៅចុងឆ្នាំ២០២០នេះវិញ ទៅតាមស្ថានភាពជាក់ស្តែង។

ចំណែកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ចំនួន៣ទៀត រួមមានការប្រកួតពានរង្វាន់ AFF U18 Women’s Championship ការប្រកួតពាន AFF U16 Boys’ Championship និងនឹងការប្រកួត AFF U16 Boys’ Championship ក៏ត្រូវបានលើកពេលនៃការប្រកួតផងដែរ ខណៈព្រឹត្តិការណ៍ទាំងអស់នេះ ដំបូងឡើយ គ្រោងរៀបចំបន្តបន្ទាប់គ្នា នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែមិថុនា កក្កដា និងខែសីហា។

ពាក់ព័ន្ធនឹងការប្រកាសនេះ លោកឧត្ដមសេនីយ៍ ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានថ្លែងថា៖ «នេះជាពេលវេលា ដែលមិនធ្លាប់កើតមានពីមុនឡើយ សម្រាប់ពិភពលោកទាំងមូល រួមទាំងសហគមន៍ និងគ្រួសារបាល់ទាត់របស់យើង ប៉ុន្តែមិនអីទេ ព្រោះយើងនឹងឆ្លងកាត់បញ្ហានេះជាមួយគ្នា ហើយដើម្បីឈ្នះលើពេលវេលាដ៏ពិបាកនេះ ត្រូវការការរួមចំណែករបស់យើងទាំងអស់គ្នា»។

លោកបានបន្តថា៖«ចាប់តាំងពីមានគ្រោះថ្នាក់នៃការឆ្លងជំងឺនេះខ្ពស់ឡើងៗ នៅកន្លែងមនុស្សច្រើន ដូចជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជាដើម យើងបានពិចារណាថា សម្រេចធ្វើការពន្យារពេល ហើយពេលណា ដែលចាំបាច់ នឹងរំលាយការប្រកួតរបស់យើង ដើម្បីកាត់បន្ថយការមានទំនាក់ទំនងក្នុងសង្គម ក្នុងគោលបំណងការពារសុវត្ថិភាព និងសុខភាពរបស់គ្រួសារ និងសហគមន៍កីឡាបាល់ទាត់របស់យើង»។

យ៉ាងណាក៏ដោយ កម្មវិធីប្រកួត៤ផ្សេងទៀត នឹងកើតឡើងដូចការគ្រោងទុកពីដំបូង មាន ដូចជាការប្រកួត AFF U15 Girls’ Championship នៅប្រទេសឥណ្ឌូណេស៊ី ខែកញ្ញាព្រមទាំងការប្រកួតបាល់ទាត់ហ្វុតសាលទាំង២ព្រឹត្តិការណ៍ គឺ AFF Futsal Championship និង AFF Futsal Club Championship ហើយនិងការប្រកួតបាល់ទាត់លើឆ្នេរខ្សាច់ AFF Beach Football Championship ដែលទាំងអស់ត្រូវរៀបចំក្នុងប្រទេសថៃ ចុងឆ្នាំនេះ។

ប៉ុន្តែកម្មវិធីប្រកួត Asean Club Championships (ACC) ដែលគ្រោងធ្វើលឿនជាងគេ ក្នុងឆ្នាំនេះ បានប្ដូរទៅឆ្នាំ២០២១ វិញ ដោយមានការប្រកួតត្រឹម១០ថ្ងៃ លើកម្មវិធីប្រកួតក្នុងតំបន់រយៈពេលជាង៥ខែ។ លោក ខៀវ សាម៉េត បានធ្វើការសន្យាថា៖ «ដោយសារស្ថានការប្រែប្រួលឥតឈប់ឈរ យើងនឹងបន្តតាមមើលយ៉ាងកៀកបំផុត ហើយនឹងមិនរារែកឡើយ ក្នុងការធ្វើការផ្លាស់ប្ដូរកាលបរិច្ឆេទរបស់យើង ប្រសិនបើចាំបាច់។ គ្រប់ការសម្រេចចិត្តរបស់យើង AFF នឹងតែងតែយកសុខមាលភាពរបស់គ្រួសារ និងសហគមន៍បាល់ទាត់របស់យើងជាចម្បងជានិច្ច»៕