ស្ថានីយទូរទស្សន៍ PNN និង SEATV ដែលសុទ្ធតែបានបង្ហាញភាពមិនទុកចិត្ត ក្នុងការបើកឲ្យមានការប្រកួតឡើងវិញ ព្រោះមានការបារម្ភ ទៅលើការរីករាលដាលនៃវីរុសកូរ៉ូណានោះ បានសម្រេចជាផ្លូវការហើយថា នឹងបើកឲ្យមានការប្រកួតលក្ខណៈបិទទ្វារគ្មានអ្នកទស្សនា នៅសប្តាហ៍នេះ។

ការសម្រេចបើកឲ្យមានការប្រកួតភ្លាមៗនេះ ក៏ព្រោះតែសង្វៀន៣ទៀត រួមមាន សង្វៀនបាយ័ន CNC និងសង្វៀនថោន ដែលបានប្រកាសពីការរៀបចំការប្រកួត តាំងពីដើមសប្តាហ៍នេះ ហេតុនេះនៅក្នុងចំណោមស្ថានីយទូរទស្សន៍ទាំង៦ នៅរាជធានីភ្នំពេញ ដែលមានកម្មវិធីប្រដាល់ គឺមានតែសង្វៀនប៉ុស្តិ៍លេខ៥ មួយប៉ុណ្ណោះ ដែលមិនទាន់ហ៊ានប្រងុយប្រថានបើកការប្រកួតឡើងវិញ។

គេនៅចាំបានថា កាលពីដើមសប្តាហ៍នេះ លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ដែលជាអ្នកគ្រប់គ្រងកីឡាប្រចាំនៅ PNN បាននិយាយថា សង្វៀន PNN នៅមុនទាន់ប្រយ៉ាប់ពេកទេ ក្នុងការបើកឲ្យមានការប្រកួតវិញ នៅសប្តាហ៍នេះ គឺ PNN អាចនឹងបើកការប្រកួតវិញ នៅក្រោយថ្ងៃចូលឆ្នាំខ្មែរ។

យ៉ាងណាក៏ដោយ លោក សំណព្វ បានបញ្ជាក់ជាថ្មី កាលពីថ្ងៃព្រហស្បតិ៍ថា៖«កាលដែលយើង បើកឲ្យមានការប្រកួតវិញ នៅសប្តាហ៍នេះ ដោយសារតែសង្វៀនដ៏ច្រើនលើសលុបក្នុងស្រុក នៅតាមទូរទស្សន៍ គេចាប់ផ្តើមដំណើរការវិញ អ៊ីចឹងទាំងស្ថានីយទូរទស្សន៍ PNN និងម្ចាស់ស្ពនស័រ ក៏ចាប់ផ្តើមវិញ ប៉ុន្តែជាការប្រកួតបិទទ្វារ គ្មានអ្នកទស្សនា ហើយក៏គ្មានការប្រកួតលក្ខណៈអន្តរជាតិនោះដែរ គឺជាការប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុក ដែល១គូប្រកួតតែ៣ទឹកទេ»។

សម្រាប់បើកឲ្យមានការប្រកួតឡើងវិញ នៅថ្ងៃអាទិត្យនេះ PNN បានរៀបចំឲ្យមានការប្រកួត៥គូ រវាងកីឡាករខ្មែរ និងខ្មែរ ប៉ុន្តែសម្រាប់គូឯករវាងកីឡាករ ម៉ន សាម៉េត និង គង់ ហូវ រួមទាំងគូឯករង ដែលជាការជួបគ្នារវាង ឡុង ខេត្ត និង សឺន ថៃសាន់ គឺទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ ស្មើទៅនឹងការប្រកួតគូអន្តរជាតិ។

ចំណែកសង្វៀន SEATV ក៏បានរៀបចំ ឲ្យមានការប្រកួតរវាងកីឡាករខ្មែរ និងខ្មែរចំនួន៥គូផងដែរ ដែលនឹងត្រូវធ្វើ នៅរសៀលម៉ោង២ ថ្ងៃសៅរ៍នេះ ហើយការបើកឲ្យការប្រកួតនេះ គឺត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសង្វៀនមួយនេះ ទទួលបានជោគជ័យ ក្នុងការពិភាក្សាជាមួយម្ចាស់ឧបត្ថម្ភ សម្រាប់ការឲ្យដាក់ប្រកួតតែកីឡាករក្នុងស្រុកនេះ។

ជាមួយគ្នានេះ ខាងអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន គឺលោក នាង ស៊ីវុត្ថា បានប្រាប់ថា សង្វៀនបាយ័ន មានការប្រកួត៦កម្មវិធីពេញ ចំណែកលោក ម៉ា ស៊ីថេត អ្ននគ្រប់គ្រងនៅសង្វៀន CNC បានឲ្យដឹងថា មានការប្រកួត៤កម្មវិធី ហើយសង្វៀនថោន ត្រូវបានអ្នកគ្រប់គ្រងលោក គឹម ស្រ៊ុនកុសល ប្រាប់ថា មានការប្រកួត១កម្មវិធីនៅថ្ងៃអាទិត្យ ខណៈការប្រកួតទាំង៣សង្វៀននេះ ក៏ត្រូវបានធ្វើឡើងជាលក្ខណៈប្រកួតបិទទ្វារ រវាងកីឡាករខ្មែរ និងខ្មែរដូចគ្នា៕