អតីតកីឡាករជើងខ្លាំង ឡៅ ស៊ីណាត ដែលបានវិវឌ្ឍខ្លួនទៅធ្វើជាគ្រូបង្វឹក និងអាជ្ញាកណ្តាលចៅក្រមទាំងហើយនោះ ហាក់មានទំនុកចិត្តថា ឡៅ ចន្ទ្រា ដែលជាប្អូនប្រុសបង្កើតរបស់ខ្លួន នឹងនៅតែអាចយកឈ្នះលើកីឡាករចាស់វស្សា ពុទ្ធ ឆាយរិទ្ធី សម្រាប់ការប្រកួតសងសឹកគ្នា នៅលើសង្វៀន CNC នារសៀលថ្ងៃសៅរ៍នេះ។

បើទោះបីជាការប្រកួតនេះ ត្រូវបានធ្វើឡើងទៅតាមសំណើដ៏វែងឆ្ងាយរបស់ ពុទ្ធ ឆាយរិទ្ធី ដើម្បីបានសងសឹកជាមួយ ឡៅ ចន្ទ្រា បន្ទាប់ពីរូបគេបានចាញ់ទាំងមិនអស់ចិត្ត តាំងពីឆ្នាំ២០១៨ ប៉ុន្តែ ឡៅ ស៊ីណាត បានមើលឃើញថា ពុទ្ធ ឆាយរិទ្ធី មានភាគរយតិចទេ ក្នុងការសម្រេចការសងសឹកលើ ចន្ទ្រា។

ឡៅ ស៊ីណាត ដែលជាអ្នកបង្ហាត់ ឡៅ ចន្ទ្រា ដោយផ្ទាល់ដៃនោះ បានប្រាប់កាលពីថ្ងៃព្រហស្បតិ៍ថា៖«តាមការហ្វឹកហាត់របស់ ឡៅ ចន្ទ្រា គឺខ្ញុំមានសង្ឃឹមច្រើនលើរូបគេ ក្នុងការបន្តយកឈ្នះ ពុទ្ធ ឆាយរិទ្ធី សម្រាប់ការប្រកួតលើកនេះ»។

អតីតកីឡាករជើងខ្លាំង ដែលមានក្បាច់សម្លាប់ដ៏សំបូរបែប ឡៅ ស៊ីណាត បានព្រលយនៅចំណុចមានប្រៀបរបស់ ឡៅ ចន្ទ្រា ថា៖«ខាងយើងមានទិចនិកប្រកួតល្អ ចំណែកខាងគេអាងទៅលើកម្លាំង ហេតុនេះការប្រកួតនេះ ខ្ញុំមានសង្ឃឹម៧០ភាគរយថា ឡៅ ចន្ទ្រា នឹងនៅតែបន្តឈ្នះ»។

គួររំឭកថា ឡៅ ចន្ទ្រា និង ពុទ្ធ ឆាយរិទ្ធី ធ្លាប់បានជួបគ្នាម្តង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ហើយវាជាជំនួបដ៏ធំបំផុត គឺការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ISI Palm នៅលើសង្វៀន CNC នេះតែម្តង ហើយជាលទ្ធផល ឡៅ ចន្ទ្រា បានឈ្នះដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ និងប្រាក់រង្វាន់ដ៏ច្រើន។

យ៉ាងណាក៏ដោយ ចំពោះ ពុទ្ធ ឆាយរិទ្ធី មិនអស់ចិត្តចំពោះការចាញ់នោះទេ ដោយគេបានលើកជាមូលហេតុនេះ ចាញ់ដោយសាររូបគេមានរបួសជើង មិនទាន់ជាសះស្បើយ មុនការប្រកួត ដែលធ្វើឲ្យការប្រកួតរបស់គេ មិនអាចបញ្ចេញទៅតាមសមត្ថភាពពិតឲ្យបាន១០០ភាគរយ ហើយនោះជាអ្វីដែល ពុទ្ធ ឆាយរិទ្ធី ចង់ប្រកួតសងសឹកជាមួយ ឡៅ ចន្ទ្រា ម្តងទៀត ប៉ុន្តែគេនៅមិនទាន់ដឹងថា ឆាយរិទ្ធី អាចធ្វើបានសម្រេច ឬក៏បន្តចាញ់ ចន្ទ្រា ជាលើកទី២ ឬយ៉ាងណានោះទេ៕