ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានចេញសេចក្តីជូនដំណឹង ដោយអនុញ្ញាតឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ អាចបើកការប្រកួតប្រដាល់គុនខ្មែរ ឡើងវិញ នៅចុងសប្តាហ៍នេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រដាល់ នៅគ្រប់សង្វៀន ត្រូវបានកំណត់ឲ្យផ្អាកការប្រកួតចំនួន២សប្តាហ៍កន្លងមកនេះ។

ការចេញសេចក្តីជូនដំណឹង ដោយអនុញ្ញាតឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ បើកការប្រកួតប្រដាល់ឡើងវិញនេះ គឺត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើឡើងភ្លាមៗ គឺប្រហែល៣ម៉ោង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យមានការប្រកួតប្រដាល់វិញ នៅពេលលោក បានធ្វើសន្និសីទកាសែត ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃអង្គារ។

តាមសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា៖«យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន ក្នុងសន្និសីទកាសែត នាថ្ងៃទី៧ ខែមេសា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អនុញ្ញាតឲ្យគ្រប់ស្ថានីយ៍ អាចបន្តការប្រកួតប្រដាល់គុនខ្មែរ និងធ្វើការផ្សាយផ្ទាល់ឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

សេចក្តីជូនដំណឹងដដែលនេះ បានបន្តថា៖«ប៉ុន្តែរាល់ការប្រកួត នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ ត្រូវយកចិត្តទុកដាក់ខ្ពស់ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការថែទាំអនាម័យក្នុងពេលប្រកួត ហើយរាល់ពេលប្រកួត ពុំត្រូវអនុញ្ញាតឲ្យទស្សនិកជន ចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ កីឡាករ និងអ្នកចាំបាច់តែប៉ុណ្ណោះ»។

ជាមួយការបើកភ្លើងខៀវ ឲ្យបើកការប្រកួតវិញ ជាលក្ខណៈផ្លូវការនេះ គឺសង្វៀនចំនួន៣មានបាយ័ន CNC និងសង្វៀនថោន ដែលគ្រោងបើកការប្រកួតតាំង៣សប្តាហ៍ ទាំងមិនទាន់មានការអនុញ្ញាតពីសហព័ន្ធនោះ គឺបានរៀបចំផ្គូផ្គងកីឡាកររួចរាល់អស់ហើយ ដើម្បីបើកការប្រកួតវិញ ក្នុងនោះសង្វៀនបាយ័ន មាន៦កម្មវិធី ដែលប្រកួតពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ឯ CNC មានការប្រកួតថ្ងៃសៅរ៍៣កម្មវិធី និងថ្ងៃអាទិត្យ១កម្មវិធី ចំណែកសង្វៀនថោន មាន១កម្មវិធី ធ្វើនៅថ្ងៃអាទិត្យ។

ផ្ទុយពីនេះ សង្វៀន PNN និង SEATV ដែលគ្រោងប្រកួត កាលពីសប្តាហ៍ តែត្រូវបានលុបចោលវិញភ្លាមៗ ដោយសារសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនអនុញ្ញាតនោះ រួមទាំងសង្វៀនប៉ុស្តិ៍លេខ៥ អាចនឹងរៀបចំការប្រកួតមិនទាន់ពេល នៅចុងសប្តាហ៍នេះ ព្រោះគិតត្រឹមល្ងាចថ្ងៃអង្គារ ម្សិលមិញ សង្វៀនទាំង៣នេះ នៅមិនទាន់បានរៀបចំការផ្គូរផ្គងកីឡាករប្រកួតនៅឡើយទេ។

ជុំវិញភាពមិនទាន់ច្បាស់នេះ លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងកីឡាប្រចាំនៅ PNN បានអះអាងច្បាស់ថា សង្វៀន PNN មិនមានការប្រកួតនោះសប្តាហ៍នេះទេ។ លោកបាននិយាយថា៖«នៅថ្ងៃអាទិត្យនេះ PNN គ្មានការប្រកួតនោះទេ ហើយការប្រកួតរបស់យើង ប្រហែលជាអាចនឹងចាប់ផ្តើមឡើងវិញ នៅដើមខែឧសភាឯណោះទេ»៕