សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) គ្រោងនឹងបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិនារី ទៅហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេសប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូង។

ជុំវិញនឹងគម្រោងនេះ លោក សៅ សុខា ប្រធាន FFC បានថ្លែង នៅក្រោយមហាសន្និបាត កាលពីថ្ងៃចន្ទថា៖ «ខាងភាគីមិត្ត ជាពិសេសប្រទេសចិនតែម្តង គឺគាត់ទទូចហើយទទូចទៀត សូមឲ្យយើងបញ្ជូនក្រុមកីឡាការិនី ទៅហ្វឹកហាត់នៅចិន ដើម្បីឲ្យពួកគេបានជួយ ក្នុងការបណ្តុះបណ្តាល សម្រាប់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ហើយជាមួយគ្នានេះ យើងនឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់នារី ដើម្បីជ្រើសរើសកីឡាការិនីមានសក្តានុពល ដើម្បីបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស»

បើទោះបីជា សកម្មភាពប្រកួតប្រជែងផ្នែកបាល់ទាត់នារី នៅកម្ពុជា ហាក់មិនសូវមានភាពផុសផុលខ្លាំង ដូចការប្រកួតបាល់ទាត់ផ្នែកបុរស ប៉ុន្តែក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួន FFC តែងតែរៀបចំឲ្យមានការប្រកួតបាល់ទាត់នារី ជាប្រចាំ ហើយ FFC ក៏បានបញ្ចូនក្រុមបាល់ទាត់នារី ទៅប្រកួតប្រជែងថ្នាក់តំបន់ នៅក្រៅប្រទេស នាពេលកន្លងមក ផងដែរ។

តាមរបាយការណ៍របស់ FFC បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ កន្លងមកនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចំណាយរហូតដល់២៩៣៦៣៨,៤៨ដុល្លារ ក្នុងការរៀបចំការប្រកួតបាល់ទាត់នារីទាំង៣កម្រិតអាយុ គឺ U19 U18 និងU14 ព្រមទាំងការប្រកួតពានរង្វាន់បាល់ទាត់នារី។

ចំណែកនៅឆ្នាំ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចំណាយថវិកាចំនួន២៦០១១០,៥០ដុល្លារ ដើម្បីរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារី មាន១០ក្រុមចូលរួម និងការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម១៦ឆ្នាំ ហើយការបន្តរៀបចំឲ្យមានការប្រកួតបាល់ទាត់នារីនេះ ត្រូវបានលោក សៅ សុខា គិតថា ក្រុមបាល់ទាត់នារី នៅក្នុងតំបន់អាស៊ាន មិនទាន់មានប្រទេសណាលេធធ្លោរខ្លាំងជាងប្រទេសនោះទេ ហេតុនេះកម្ពុជា នៅតែមានឱកាសច្រើន ក្នុងការប្រជែងយកមេដាយ។

លោក សៅ សុខា បានថ្លែងបន្ថែមថា៖ «បើយើងគិតថា យើងមានសក្តានុពលផ្នែកបាល់ទាត់នារី គឺយើងមិនចេះតែនិយាយនោះទេ។ មានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយកីឡានារីក៏មិនសូវខ្លាំងប៉ុន្មានដែរ អ៊ីចឹងយើងមានពេលវេលាគ្រប់គ្រាន់ បើយើងមានការតាំងចិត្ត និងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ គឺយើងអាចធ្វើបានដូចអ្វីដែលយើងរំពឹងទុក ក្នុងការដណ្តើមយកមេដាយនៅស៊ីហ្គេម»