ការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ដែលត្រូវបានផ្អាកត្រឹមពាក់កណ្តាលទី ដោយសារវិបត្តិជំងឺកូវីដ១៩នោះ នឹងត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំឲ្យមានការប្រកួតឡើងវិញ នៅក្នុងខែកក្កដា ខាងមុខនេះ តែជាលក្ខណៈការប្រកួត មិនឲ្យមានអ្នកគាំទ្រ។

តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលត្រូវបានចែកជូនដល់ប្រព័ន្ធផ្សព្វផ្សាយ កាលពីល្ងាចថ្ងៃចន្ទ បានឲ្យដឹងថា៖ «ខ្ញុំសូមជម្រាបជូនលោក លោកស្រីប្រធានជ្រាបថា ការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ/ ១៨ឆ្នាំ ឆ្នាំ២០១៩ របស់ FFC នឹងបើកដំណើរការប្រកួតឡើងវិញ បន្ទាប់ពីមានការថមថយចុះចំនួនអ្នកកើត/ឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ជាសះស្បើយគួរឲ្យកត់សម្គាល់»

សេចក្តីប្រកាសដដែលនេះ បានឲ្យដឹងទៀតថា៖ «ដំណើការប្រកួត នឹងត្រូវរៀបចំឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តទៅ។ តែទោះជាយ៉ាងណា ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ គឺការប្រកួតមិនឲ្យមានអ្នកទស្សនា។ ក្នុងនោះដែរ ការប្រកួតនីមួយៗ ត្រូវចាត់ចែងរៀបចំជាមុន នូវវិធានការការពារ ដូចជាការអនុវត្តន៍វាស់កម្តៅ ការសម្អាតដៃ ដោយប្រើទឹកស្អាត ជាមួយសាប៊ូ ទឹកអាកុល ឬទឹកជឺលសម្រាប់លាងដៃ»

យោងតាមកម្មវិធីប្រកួត ដែលបានភ្ជាប់មកជាមួយ នៅក្នុងការប្រកាសរបស់ FFC នោះបានឲ្យដឹងថា ការប្រកួតជម្រើសជើងឯកយុវជនអាយុ១៦ឆ្នាំ បានឈានដល់ការប្រកួតជុំទី២ ដែលនៅសល់៨ក្រុម ចំណែកជម្រើសជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ បានឈានដល់ជុំទី២ដែរ តែជាការប្រកួតជម្រុះតាមពូលទាំង៤ ដើម្បីរកក្រុមលេខ១ និងលេខ២ តាមពូលទាំងនេះ ឡើងទៅប្រកួតនៅជុំទី៣ ឬវគ្គ៨ក្រុមចុងក្រោយ៕

អត្ថបទ៖ Cambosport