សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា (ស.ប.ក) កាលពីថ្ងៃ​ពុធ​ម្សិល​មិញ បាន​ចេញ​សេចក្តី​ប្រកាស​ ដោយ​ធ្វើការ​ព្រមាន​ចំពោះ​ក្លិប/សមាគម និង​កីឡាករ ដែល​ជាសមាជិក​របស់ខ្លួន ឱ្យ​បញ្ឈប់​នៅ​រាល់សកម្ម​ភាពភ្នាល់ និង​ផ្សព្វផ្សាយអាជីវកម្ម​គ្រប់ប្រទេស ទាំងនៅ​ក្នុង និង​ក្រៅ​ប្រទេស។

សេចក្តីប្រកាស​ព័ត៌​មាន​នេះ បាន​សរសេរ​ថា៖ ​«​នាពេលបច្ចុប្បន្ននេះ  សហព័ន្ធ​កីឡា​បាល់​​​ទាត់​កម្ពុជា បានសង្កេត​ឃើញ​ថា សកម្ម​ភាព​អាជីវកម្ម​ល្បែង​ភ្នាល់ តាមម៉ាស៊ីន​អេឡិច​ត្រូនិក តាម​រយៈ​អ៊ិន​ធីណេត​អនឡាញ ក្នុង និងក្រៅ​ប្រទេស  បាន​នឹងកំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង ហើយ​សកម្ម​ភាពអាជីវកម្ម​ល្បែកទាំងនេះ ក៏មានក្លិប/សមាគម មន្រ្តី និងកីឡាករ​បាល់​​ទាត់មួយ​ចំនួន បាន​ចូល​រួម​សកម្ម​ភាព​ភ្នាល់ និង​ធ្វើ​ជា​អ្នក​តំណាងផ្សព្វផ្សាយ​ឱ្យអាជីវកម្ម​ទាំង​នោះ ផងដែរ»។

សហព័ន្ធ បានបន្ត​ថា៖ «បន្ទាប់ពី​បាន​ពិនិត្យមើលឃើញ​ក្លិប សមាគម មន្រ្តី កីឡាករ​មួយ​ចំនួន បាន​ធ្វើ​សកម្ម​ភាព​ភ្នាល់ និងផ្សព្វផ្សាយ​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​រយៈ​អ៊ិនធឺណេត​អន​ឡាញ និង​យោង​​ស្មារតីអង្គ​ប្រជុំ​គណៈ​កម្មការ​ជំនាញ​រួច​មក ទង្វើ​របស់​ក្លិប/សមាគម មន្រ្តី កីឡាករ ដែល​ធ្វើ​សកម្ម​ភាព​ភ្នាល់ និងផ្សព្វផ្សាយឱ្យ​អាជីវកម្ម​ភ្នាល់ទាំងអស់ គឺ​មិន​ត្រូវ​នោះទេ»។

យោងទៅតាម​លក្ខន្តិកៈ និងច្បាប់នៃ​ព្រះរាជណា​ចក្រ​កម្ពុជា និងសារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការពង្រឹង​គ្រប់គ្រងអាជីវកម្ម​ល្បែក​ភ្នាល់ តាម​ម៉ាស៊ីន​អេឡិច​ត្រូនិក តាម​រយៈ​អ៊ិនធីណេត​អនឡាញ​នេះ សហព័ន្ធ បាន​បញ្ជាក់ថា៖​«​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា សូម​ធ្វើ​​ការ​ព្រមាន​ចំពោះ​ក្លិប/សមាគម មន្រ្តី កីឡាករ ដែលស្ថិត​ក្រុម ស.ប.ក មិនអនុញ្ញាត​ឱ្យធ្វើ​ទង្វើ​ទាំងអស់នេះ​ទៀត បានទេ»៕