អ្នកប្រដាល់ជើងខ្លាំងជំនាន់ថ្មី ប៊ុន សុធា ដែលធ្លាប់តែបង្ហាញការវាយសម្រុក ដោយភាពអំណត់ និងក្លាហាននោះ បានសម្រក់ទឹកភ្នែក ដោយលែងមានភាពអៀនខ្មាស ខណៈរូបគេមានការអស់សង្ឃឹម និងសោកស្តាយខ្លាំង ក្រោយគណៈកម្មការប្រកាសឲ្យចាញ់ពិន្ទុ អេលីត ចំរើន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្ពោះទៅដណ្តើមខ្សែក្រវាត់មាស នៅសង្វៀន PNN កាលពីថ្ងៃអាទិត្យ។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញចំនួន៥ទឹកពេញ ប៊ុន សុធា បានព្យាយាមវាយស្រុកទៅលើ អេលីត ចំរើន ជាបន្តបន្ទាប់ ដើម្បីប្រើក្បាច់ជង្គង់ ពិសេសកែងរបស់ខ្លួន ប៉ុន្តែការព្យាយាមនេះ ក៏ទទួលរងការទាត់កាត់ និងម៉ាត់ជាប្រយោលរបស់ អេលីត ចំរើន ដូចគ្នា ព្រោះអ្នកទាំង២ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន។

ការព្យាយាមវាយលុករបស់ ប៊ុន សុធា បានធ្វើឲ្យ អេលីត ចំរើន ស្ទើតែអស់ម្តងៗ ក្រោមការបុកជង្គង់ និងវាយកែងរបស់ សុធា ទៅហើយ ជាពិសេស នៅទឹកទី៣ និងទឹកទី៤ ប៉ុន្តែ ចំរើន នៅតែជម្នះភាពឈឺចាប់ និងហត់នឿយ ដើម្បីវាយបកសងទៅវិញ យ៉ាងអំណត់ ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺរូបគេបានវាយកែងបណ្តាលឲ្យ ប៊ុន សុធា បែកនៅលើផ្ទៃមុខ ហូរឈាមសស្រាក នៅក្នុងទឹកទី៥។

នៅក្រោយការប្រកួតបានបញ្ចប់ ទាំង ប៊ុន សុធា និង អេលីត ចំរើន សុទ្ធតែមានរំពឹងឈ្នះរៀងៗខ្លួន ប៉ុន្តែភាពសោកស្តាយបានកើតមានឡើង ចំពោះ ប៊ុន សុធា នៅពេលគណៈកម្មការប្រកាសឲ្យ អេលីត ចំរើន ឈ្នះក្នុងពិន្ទុមិនឯកច្ឆន្ទ ៤-១ នោះ។ គ្រាន់តែឭការប្រកាសនេះ ប៊ុន សុធា បានលត់ជង្គង់ បោកខ្លួនទៅរេញ និងយំដូចកូនក្មេង ព្រោះសោកស្តាយចំពោះការបាត់ឱកាសនេះ។

កាយវិការរបស់ ប៊ុន សុធា បានបង្ហាញឲ្យឃើញថា រូបគេមិនពេញចិត្តទទួលយកការសម្រេចឲ្យរូបគេចាញ់នេះទេ។ យ៉ាងណាក៏ដោយ លទ្ធផលបានប្រកាសចេញជាផ្លូវការទៅហើយ ចំណែក អេលីត ចំរើន ក៏បានទៅចាប់លើក ប៊ុន សុធា ឲ្យក្រោកឈរ ក្នុងន័យបង្ហាញក្តីអាណិតដូចគ្នា។

យ៉ាងណាក៏ដោយ អេលីត ចំរើន បានអះអាងក្រោយការប្រកួតនេះថា ជ័យជម្នះរបស់គេ វាបានកើតឡើងចេញពីភាពឈឺចាប់។ «មុនឡើងប្រកួត គេចាប់យក ប៊ុន សុធា ច្រើន ព្រោះគាត់ល្អ ហើយខ្ញុំក៏សង្ឃឹមតែ៥០ភាគរយដែរ ប៉ុន្តែខ្ញុំពិតជាសរសើរដល់ខ្លួនឯង ដែលធ្វើបានល្អ នៅថ្ងៃនេះ»។

អេលីត ចំរើន បានបញ្ជាក់ថា៖ «ការប្រកួតនេះ ពិតជាមានការលំបាក ព្រោះគាត់ល្អចាប់ និងបុកកែង ហើយនៅទឹកទី៣ និងទី៤ ខ្ញុំអស់ សឹងតែដាច់ខ្យល់ម្តងៗទៅហើយ ប៉ុន្តែខ្ញុំមានមហិច្ឆតាចង់ឈ្នះគាត់ខ្លាំង ព្រោះគេផ្តល់ទំនុកច្រើនដល់ ប៊ុន សុធា អ៊ីចឹងខ្ញុំត្រូវធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ គឺទោះខ្ញុំអស់កម្លាំង តែខ្ញុំនៅមានទឹកចិត្តប្រកួត»

តាមរយៈការយកឈ្នះ ប៊ុន សុធា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ អេលីត ចំរើន នឹងឡើងទៅឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ដោយរូបគេអាចជួប វ៉ាន់ វឿន ឬ អេ ណារ័ត្ន ដែលអ្នកទាំង២នេះ នឹងត្រូវប្រកួតគ្នារកអ្នកឈ្នះ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕