កីឡាករ​ជើងខ្លាំង​វ័យជំនាន់​ក្រោយ ប៊ុន សុធា បាន​បង្ហាញ​ការ​សោក​ស្តាយ ខណៈ​​រូបគេ​មិនអាច​ផ្តួល អេ ណារ័ត្ន ឲ្យសន្លប់ ដើម្បី​ក្រសោប​យកទឹក​ប្រាក់សរុប​ចំនួន​៥​លាន​រៀល ពីការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន ទម្ងន់៥៧គីឡូក្រាម នៃ​កម្ម​វិធី​ Mas Fight Cambodia នៅលើ​សង្វៀន​ថោន បាន​នោះ។

យ៉ាង​ណា​ក៏​ដោយ ការ​បញ្ចប់ត្រឹម​លទ្ធផលស្មើ​គ្នា ទៅ​តាម​ច្បាប់ Mas Fight ក្នុងការ​ប្រកួត​ចំនួន​៩នាទី​ពេញ នៅវគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ត្រូវបាន ប៊ុន សុធា អះអាង​ថា មកពី​រូបគេ​មានស្នាម​បែក នៅពេល​ប្រកួតជាមួយ ម៉ន សាម៉េត នៅ​ក្នុង​វគ្គ​ជម្រុះ​៣​ទឹក ហើយស្នាម​របួសនោះ បាន​​រំខាន់​ដល់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​របស់គេជាមួយ អេ ណារ័ត្ន ព្រោះ​នៅ​ពេល អេ ណារ័ត្ន វាយ​ចំរបួស​ចាស់នោះ នាំ​ឲ្យ​មានការ​ហូរ​ឈាមស្រោច​ពេញ​ផ្ទៃ​មុខ ប៊ុន សុធា តែ​ម្តង។

កីឡាករ​និយម​វាយ​សម្រុក ប៊ុន សុធា បាននិយាយ​ក្រោយការ​ប្រកួត​ថា៖​«បើ​ខ្ញុំ​អត់មានស្នាម​បែក ប្រហែល​ខ្ញុំ​វាយ​បាន​ល្អជាង​ហ្នឹង ហើយ​ខ្ញុំ​គិត​ថា អាចវាយ​គាត់​ឲ្យ​សន្លប់ ប៉ុន្តែនៅ​ពេលខ្ញុំបែកបែបនេះ ខ្ញុំញញើតនឹងស្នាម​បែក​នេះ​ដែរ ព្រោះ​ពេលឈាមហូរ​ចូល​ភ្នែក​ច្រើន​ពេក ខ្ញុំខ្លាច​ចូល​កណ្តាប់ដៃ​របស់​គាត់»។

សម្រាប់ការប្រកួតម៉ារ៉ាតុង ដណ្តើម​ប្រាក់លាន កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ប៊ុន សុធា បាន​យក​ឈ្នះកីឡាករ​ជើងចាស់ ម៉ន សាម៉េត ដោយពិន្ទុ ប៉ុន្តែ​នៅ​ក្នុងការ​ប្រកួត​ត្រឹម​៣ទឹក​នោះ សាម៉េត បាន​វាយកែងបណ្តាល​ឲ្យ​បែក​ នៅ​លើ​ផ្ទៃ​មុខ ប៊ុន សុធា យ៉ាង​ធំ។ ចំណែក អេ ណារ័ត្ន បាន​យក​ឈ្នះដោយពិន្ទុ​លើ សៅ ប៊ុនធឿន។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង ប៊ុន សុធា និង អេ ណារ័ត្ន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ ពិតជា​មានការ​ស្វិត​ស្វាញ​ខ្លាំង ព្រោះ​ពួកគេបាន​ប្រឹង​ប្រែង​វាយ​ប្តូរ​គ្នា​ទាំង​មាន​របួស​នៅ​លើ​ផ្ទៃ​មុខ​ដូច​គ្មា ប៉ុន្តែ​ការ​មិនអាច​ផ្តួល​គ្នា​ឲ្យសន្លប់ តាម​ច្បាប់ Mas Fight នោះ គឺ​អ្នកទាំង​២ ត្រូវបានកំណត់​ឲ្យស្មើ​គ្នា នឹង​ទទួល​បាន​ប្រាក់រង្វាន់​ម្នាក់​១,៨លាន​រៀល ព្រម​ទាំង​ប្រាក់រង្វាន់លើកទឹក​ចិត្តម្នាក់​២០ម៉ឺន​រៀលទៀតដូច​គ្នា អ៊ីចឹង​សម្រាប់ការ​ប្រកួតនេះ អេ ណារ័ត្ន និង ប៊ុន សុធា មាន​ម្នាក់​២លាន​រៀល​ដូចគ្នា៕