តាមរយៈការចាប់ឆ្នោត ក្នុងវគ្គ១៦ក្រុម ឬជុំផ្តាច់ព្រ័ត្រ នៃពាន AFC U19 Championship 2020 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានបង្ហាញឲ្យឃើញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ (U19) អាចនឹងត្រូវប្រឈមការប្រកួតដ៏លំបាក ខណៈក្រុមជំទង់គោព្រៃ មួយនេះ ប៉ះសុទ្ធតែក្រុមខ្លាំង ហើយធ្លាប់មានប្រវត្តិ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះ។

ជាលទ្ធផលនៃការចាប់ឆ្នោត ក្រុមU19កម្ពុជា ដែលបានជម្នះការប្រកួតយ៉ាងលំបាក ដើម្បីបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត បានឡើងមកដល់ជុំផ្តាច់ព្រ័ត្រជាថ្មី ក្រោយរង់ចាំអស់រយៈពេល៤៥ឆ្នាំនោះ បានឈរនៅពូលA ជាមួយក្រុមម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់។

សមាសភាពក្រុមទាំង៣នេះ ដែលកម្ពុជា ត្រូវប្រឈមមុខ នៅក្នុងការប្រកួតជុំផ្តាច់ព្រ័ត្រ ដោយគ្រោងធ្វើចាប់ពីថ្ងៃទី១៤ ខែតុលាទៅនោះ គឺមិនត្រឹមតែ បានបង្កើតការភ្ញាក់ផ្អើល ក្នុងការប្រកួតជម្រុះតាមពូលទាំង១១ កាលពីចុងឆ្នាំ២០១៩ ប៉ុណ្ណោះទេ ប៉ុន្តែក្រុមទាំងនេះ ថែមទាំងមានប្រវត្តិ ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះពានទៀតផង។

យោងតាមលទ្ធផល និងប្រវត្តិនៃការប្រកួត ក្នុងពានរង្វាន់ AFC U19 Championship នេះ (ពីមុនឈ្មោះ AFC Youth Championship) ក្រុមអ៊ីរ៉ាក់ ធ្វើបានល្អជាងគេ គឺក្នុងការប្រកួតជម្រុះតាមពូលកន្លងមកនេះ អ៊ីរ៉ាក់ បានឈ្នះទាំង៣ប្រកួត ក្នុងនោះឈ្នះក្រុមកៀហ្សីស៊ីស្ថាន ៣-០ ឈ្នះក្រុមនេប៉ាល់ ៤-០ និងឈ្នះក្រុមអេមីរ៉ាតអារ៉ាប់រួម ២-០ ដើម្បីទទួលលេខ១ប្រចាំពូលD។ បន្ថែមលើនេះ អ៊ីរ៉ង់ ក៏ធ្លាប់ឈ្នះជើងឯក ក្នុងពានមួយនេះ ចំនួន៤ជាប់ គឺពីក្នុងឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៦។

ចំណែកក្រុមឥណ្ឌូនេស៊ី បានក្លាយជាក្រុមខ្លាំងប្រចាំពូលK ដោយពួកគេបានយកឈ្នះក្រុមទីម័រខាងកើត ៣-១ ឈ្នះហុងកុង ៤-០ និងឈ្នះស្មើ ១-១ ជាមួយក្រុមកូរ៉េខាងត្បូង ហើយឥណ្ឌូនេស៊ី ក៏ធ្លាប់ឈ្នះពាន AFC U19 Championship កាលពីឆ្នាំ១៩៦១ ផងដែរ។

យ៉ាងណាមិញ ក្រុមអ៊ូសបេគីស្ថាន បានត្រឹមជាប់លេខ២ប្រចាំពូលF ប៉ុណ្ណោះ ប៉ុន្តែតាមរយៈការប្រកួតទាំង៣លើកនោះ ពួកគេមិនធ្លាប់ចាញ់ទេ គឺបានឈ្នះឥណ្ឌា ២-០ ឈ្នះអាហ្វហ្គានីស្ថាន ២-០ និងស្មើ ១-១ ជាមួយក្រុមខ្លាំង អារ៉ាប៊ីសាអ៊ូឌីត។ បន្ថែមលើនេះ អ៊ូបេគីស្ថាន ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់មួយនេះ កាលពីឆ្នាំ២០០៨ តែបានចាញ់ក្រុម អេមីរ៉ាតអារ៉ាប់រួម ២-១ ដោយបានត្រឹមជើងឯករង ប៉ុន្តែលើកនេះ អ៊ូបេគីស្ថាន អាចខ្លាំងជាងមុន ដោយសារពួកគេ ជាម្ចាស់ផ្ទះ។

ដោយឡែក ការឡើងមកដល់ជុំផ្តាច់ព្រ័ត្រនេះ របស់កម្ពុជា ដោយសារក្រុមម្ចាស់ផ្ទះមួយនេះ បានជាប់ជាក្រុមលេខ២ល្អមកពីពូលG គឺបន្ទាប់ពីពួកគេ បានចាញ់ក្រុមម៉ាឡេស៊ី ៥-៤ ថ្ងៃបើកឆាក តែបានឈ្នះក្រុមកោះម៉ារីណាខាងជើង ៩-០ ឈ្នះថៃ ២-១ និងឈ្នះក្រុមប្រ៊ុយណេ ៣-០ ហើយវាក៏ជាលើកទី៤ផងដែរ ដែលកម្ពុជា បានចូលមកលេងនៅជុំផ្តាច់ព្រ័ត្រនេះ ខណៈលើកទី១ នៅម៉ាឡេស៊ី ឆ្នាំ១៩៦៣ លើកទី២ នៅថៃ ឆ្នាំ១៩៧២ និងលើកទី៣ នៅថៃ ឆ្នាំ១៩៧៤៕