(ភ្នំពេញ)៖ លោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមលើកូនក្រុម នឹងព្យាយាមធ្វើឲ្យបានល្អក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រ (វគ្គ ១៦ក្រុមចុងក្រោយ) នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២០ (AFC U-19 Championship Uzbekistan 2020) នៅប្រទេសអ៊ូបេគីស្ថាន នាខែតុលាខាងមុខ ដោយមិនមែនចូលរួមគ្រាន់តែបង្គ្រប់កិច្ចឡើយ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានទទួលស្គាល់ថា ការចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់ សុទ្ធសឹងជាឧបសគ្គរបស់កម្ពុជា ក្នុងការប្រជែងកៅអីវគ្គបន្ដ។ ម្យ៉ាងកម្ពុជា ពុំធ្លាប់មានបទពិសោធន៍ចូលរួមពីមុន ដែលជារឿងពិបាក ក្នុងការតតាំងជាមួយក្រុមមានកម្រិតខ្ពស់ជាងកម្ពុជាទាំង៣។ តែយ៉ាងណាលោកជឿជាក់ កូនក្រុមខ្លួននឹងខិតខំប្រឹងប្រែង ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានជូនជាតិ ទោះបីលោកមានការព្រួយបារម្ភពីបញ្ហាកម្លាំង និងស្មារតីដែលមិនទាន់ធ្វើការប្រមូលផ្ដុំក៏ដោយ។

លោក Gyotoku Koji បានបន្ដថា៖ «មើលទៅពូល A ខ្ញុំយល់ថា ក្រុមកម្ពុជា យើងជាក្រុមមួយស្ថិតនៅកំរិក្រោមគេ ក្នុងពូលក្រុមមួយណាក៏ជាក្រុមដែលមានអនុភាពដែរ គ្រប់ការប្រកួតសុទ្ធសឹងតែជាការប្រកួតដ៏តានតឹងសម្រាប់កម្ពុជា។ ជាក់ស្តែងណាស់ការចូលរួមការប្រកួតដ៏ធំបែបនេះ វាជាលើកដំបូងរបស់កម្ពុជា ហើយក៏មិនធ្លាប់មានបទពិសោធន៍ពីមុនមកដែរ ដែលវារឿងដ៏ពិបាកមួយសំរាប់ក្រុម ដូចជាការប្រកួតដំបូង ត្រូវប៉ះឥណ្ឌូនេស៊ី ដែលជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រកួតទី២ ជាមួយក្រុមម្ចាស់ផ្ទះ ក៏ជាក្រុមខ្លាំង និងប្រកួតទី៣ ប៉ះក្រុមប៉ះក្រុមចំណាត់លេខ២ ក្នុងតំបន់អាស៊ី (អ៊ីរ៉ង់)។ ដូច្នេះហើយ គ្រប់ក្រុមសុទ្ធសឹងជាក្រុមខ្លាំង និងជាឧបសគ្គសម្រាប់ក្រុមយើង»

ពាក់ព័ន្ធនឹងការព្រួយបារម្ភក្រោយកីឡាករសម្រាកច្រើនខែ ដោយសារវិបត្តិកូវីដ-១៩ វិញ លោកបានឆ្លើយថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងចំពោះ condition របស់កីឡាករ ដោយមួយរយៈនេះ កីឡាករមានការសម្រាកច្រើន កីឡាករមួយចំនួនក៏ហ្វឹកហាត់បានត្រឹមត្រូវ ហើយមួយចំនួនទៀតក៏មិនបានត្រឹមត្រូវ ហើយឆាប់ៗនេះការប្រកួតក៏ចាប់ផ្តើមឡើងវិញ បើកីឡាករមិនមាន condition ល្អគ្រប់គ្រាន់ ហើយចូលរួមការប្រកួតនោះ ងាយស្រួលនឹងរបួសណាស់ នេះជាការព្រួយបារម្ភដ៏ធំរបស់ខ្ញុំ»

លោកថា៖ «មួយវិញទៀតនោះគឺ Mentality របស់កីឡាករ គឺខ្ញុំចង់ឲ្យកីឡាករត្រូវពង្រឹង Mentality ឲ្យបានល្អ មិនត្រូវចូលរួមការប្រកួតដើម្បីតែបង្គ្រប់កិច្ច គឺត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានបទពិសោធន៍ល្អ និងជាក្តីរីករាយមួយឲ្យខ្លួនឯង និងជាតិរបស់ខ្លួន។ នេះបើតាមការសង្កត់ធ្ងន់របស់លោក Gyotoku Koji ហើយលោកបន្ថែមថា សម្រាប់ខ្ញុំយល់ឃើញថា ដើម្បីអាចឆ្លង Group stage បាន វាអាស្រ័យលើលទ្ធផលប្រកួតពី១ប្រកួតទៅ១ប្រកួត ហើយអ្វីដែលអាចធ្វើបាន គឺការខិតខំប្រឹងប្រែងឲ្យខ្លាំងគ្រប់ការប្រកួត ដើម្បីយកឲ្យបានលទ្ធផលល្អជូនកម្ពុជា»

គួរបញ្ជាក់ថា ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាខកខានចូលរួមអស់រយៈពេល ៤៥ឆ្នាំនេះ ក្រុមគោព្រៃជំទង់កម្ពុជា គ្រោងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅខែសីហាខាងមុខ គ្រាដែលការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship Uzbekistan 2020 គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៤-៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខ ដោយបើកឆាកកម្ពុជា ត្រូវជួបឥណ្ឌូនេស៊ីមុនគេនាថ្ងៃទី១៤-តុលា បន្ទាប់មកជួបក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបអ៊ីរ៉ង់ កាត់សេចក្ដីនាថ្ងៃទី២០-តុលា៕